32.5 C
Phnom Penh

លោកម៉ាឌូរ៉ូ មេដឹកនាំវេណេហ្សូអេឡា ចាប់ផ្ដើមលេងល្បែងសង្រ្គាមជាមួយកូឡុំប៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡាលោកនីកូឡាសម៉ាឌូរ៉ូដែលកំពុងត្រូវបានប្រជាជនទាញទម្លាក់ពីអំណាចហើយសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែក្រឡាប់ទៀតនោះ។ បុរសខ្លាំងរូបនេះបានដាក់ប្រទេសស្ថិតក្នុងល្បែងសង្គ្រាមជាមួយនឹងប្រទេសកូឡុំប៊ី។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយថ្លែងទៅកាន់កងទ័ពក្នុងឋានៈលោកជាអធិបតីភាពនៃការបើកសមយុទ្ធទ្រង់ទ្រាយធំដើម្បីគម្រាមប្រទេសជិតខាង លោកម៉ាឌូរ៉ូបានប្រកាសដាក់ពង្រាយកងទ័ពនៅតាមព្រំដែនជាប់នឹងប្រទេសកូឡុំប៊ីដែលលោកថាការណ៍នេះដើម្បី ការពារ ពីការវាយប្រហារណាមួយពីប្រទេសជិតខាងខ្លួនមួយនេះ។

លោកម៉ាឌូរ៉ូបានបញ្ជាក់ទៀតថា កងកម្លាំងជាតិ នៅពេលនេះត្រូវដាក់ឱ្យស្ថិតនៅក្នុងការត្រៀមប្រយុទ្ធ ដោយសារប្រធានាធិបតីកូឡំប៊ី Ivan Dugue បានព្រមានមកលើវេណេហ្សូអេឡាថា កូឡំប៊ីនឹងធ្វើការផ្លាស់ប្ដូររបបដឹកនាំនៅវេណេហ្សូអេឡា តាមរយៈមធ្យោបាយណាក៏បានដែរឱ្យតែលោកម៉ាឌូរ៉ូនៅតែគាំទ្រចលនាឧទ្ទាមកុម្មុយនីស្ដប្រឆាំង                    កូឡុំប៊ី។

អ្នកជំនាញផ្នែកយោធាព្រមានថា លោកម៉ាឌូរ៉ូលេងល្បែងសង្គ្រាមដ៏គ្រោះថ្នាក់ហើយនៅពេលនេះដោយគិតថាប្រទេសកូឡំប៊ីមិនមាន     លក្ខណៈគ្រាប់គ្រាន់ដើម្បីប្រយុទ្ធនឹងខ្លួននោះ។

ស្របពេលនេះដែរបើតាមបណ្ដាញផ្សាយព័ត៌មាន Fress TV  ពួកមន្រ្ដីវេណេហ្សូអេឡានិយាយថាពួកគេសោកស្ដាយដែលប្រទេសទាំងពីរអាចនឹងឈានទៅរកសង្គ្រាមតាមព្រំដែនជាមួយគ្នា។

មន្រ្ដីវេណេហ្សូអេឡាបាននិយាយថា ការពិតប្រធានាធិបតីកូឡុំប៊ីបានរំលោភលើកិច្ចការផ្ទៃក្នុងវេណេហ្សូអេឡាដោយសារ ប្រទេសនេះបានគាំទ្រក្រុមប្រឆាំងនឹងរបបលោកម៉ាឌូរ៉ូហើយបង្កឱ្យមានការប៉ុនប៉ងផ្ដួលរលំរបបម៉ាឌូរ៉ូជាញឹកញាប់។

ដោយសារបញ្ហានេះហើយ ដែលធ្វើឱ្យលោកម៉ាឌូរ៉ូយកលេសសម្រេចដាក់ពង្រាយកងទ័ពត្រៀមធ្វើសង្គ្រាមជាមួយនឹងប្រទេសកូឡំប៊ី។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយោធាមើលឃើញថា ល្បែងសង្គ្រាមនេះទំនងលោកម៉ាឌូរ៉ូជួបគ្រោះថ្នាក់ច្រើនជាងព្រោះផ្ទៃក្នុងរបស់កងទ័ពលោកមួយចំនួនកំពុងរកពេលវេលាសមស្របដើម្បីក្បត់រូប    លោក។

សេចក្ដីរាយការណ៍របស់សារព័ត៌មានរុស្ស៊ីSputnik លោកម៉ាឌូរ៉ូក៏បានបញ្ជាឱ្យដាក់ពង្រាយកាំជ្រួចបាញ់យន្ដហោះនៅតាមព្រំដែនកូឡុំប៊ីផងដែរ ដែលព្រឹត្តិការណ៍នេះត្រូវបានអ្នកជំនាញផ្នែកយោធាព្រមានទៀតថា រឹតតែធ្វើឱ្យស្ថានការណ៍ព្រំដែនវេណេហ្សូអេឡានិងកូឡំប៊ីកាន់តែធ្ងន់ធ្ងរ។

អ្នកជំនាញផ្នែកយោធាមើលឃើញថា លោកម៉ាឌូរ៉ូកំពុងតែលេងល្បែងសង្រ្គាមជាមួយប្រទេសជិតខាងខ្លួនយ៉ាងពិតប្រាកដហើយអាចជាឱកាសឱ្យសហរដ្ឋអាមេរិកដែលមានកងទ័ពដាក់ពង្រាយនៅតាមព្រំដែនកូឡំប៊ីស្រាប់នោះ ក្លាយជាកម្លាំងមួយដើម្បីរុញច្រានឱ្យមានសង្គ្រាមកូឡំប៊ី-វេណេហ្សូអេឡាផ្ទុះឡើង ហើយអាចនាំឲ្យអាមេរិកបើកការលុកលុយរបបលោកម៉ាឌូរ៉ូតែម្ដង។

កូឡំប៊ីបានក្លាយជាសមាជិកអង្គការណាតូជាផ្លូវការរួចទៅហើយ។ក្នុងឋានៈជាសមាជិកទី៣០ កូឡំប៊ីអាចស្នើសុជំនួយការកម្លាំងទ័ពរបស់ណាតូមកឈរជើងនៅលើប្រទេសរបស់ខ្លួនក៏ថាបាន។ បើដូចនេះគឺស្ថានការណ៍បាមព្រំដែននៃប្រទេសវេណេហ្សូអេឡាកាន់តែអាក្រក់ថែមទៀត។ ចុះចំណែកវេណេហ្សូអេឡាវិញដែលជាសម្ព័ន្ធមិត្តប្រទេសរុស្ស៊ីអាចពឹងកងទ័ពរុស្ស៊ីបានដែរឬទេ?

យ៉ាងណាក៏ដោយ រុស្ស៊ីនៅពេលនេះហាក់ស្ថិតក្នុងស្ថានភាពស្ទាក់ស្ទើរដោយសារតែក្រុងមូស្គូដឹងថារបបលោកម៉ាឌូរ៉ូស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ទៅហើយ ព្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយដោយសារតែការដាក់ទណ្ឌកម្មពីសហរដ្ឋអមេរិក និងប្រទេសជិតខាង។

ប្រទេសកូឡំប៊ីគឺជាសមាជិកមួយនៃសម្ព័ន្ធលីម៉ាដែលមាន២២ប្រទេស។ កូឡំប៊ីជាមួយនឹងសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេក្នុងការរុញច្រានឱ្យមានការដោះដូររបបលោកម៉ាឌូរ៉ូ។ គណបក្សប្រឆាំងទៅនឹងរបបលោកម៉ាឌូរ៉ូភាគច្រើននៅក្នុងប្រទេសកូឡំប៊ីកំពុងតែរៀបចំកម្លាំងទាំងយោធា និងនយោបាយដើម្បីចូលមកដឹកនាំប្រទេសនៅពេលដែលលោកម៉ាឌូរ៉ូត្រូវបានទម្លាក់ពីអំណាច។

លោក វ័ន ហ្គៃដូ ទោះបីមិនឃើញប្រតិកម្ម ចំពោះចលនាឆ្ពោះទៅរក សង្គ្រាមវេណេហ្សូអេឡា កូឡំប៊ីក៏ដោយ ប៉ុន្ដែរូបលោក និងមន្រ្ដីជាន់ខ្ពស់របស់លោកដែលកំពុងរស់នៅនិរទេសខ្លួននៅកូឡំប៊ីត្រូវបានមើលឃើញថា កំពុងតែទាញផលប្រយោជន៍បានមកពីស្ថានភាពបែបនេះ ចំពេលដែលអាមេរិកក៏មានផែនការជាថ្មីម្ដងទៀតដើម្បីរុញច្រានរបបលោកម៉ាឌូរ៉ូឱ្យដល់ទីបញ្ចប់នៅចុងឆ្នាំ២០១៩នេះ។

ប្រេសិតពិសេសរបស់លោកប្រធានាធិបតីដូណាល់ត្រាំគឺលោកគឺលោកElliote Abrams បានប្រាប់លោកម៉ាឌូរ៉ូឱ្យរៀបចំចាកចេញពីអំណាចឆាប់ៗ ហើយបើពុំនោះទេ របបនេះពិតជាត្រូវបានទាញទម្លាក់មិនឱ្យដើរដល់ឆ្នាំ២០២០បានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស