29 C
Phnom Penh

វេណេហ្សូអេឡា និងកម្ពុជា បាក់មុខខ្លាំងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ចាប់ផ្ដើមពេញសមត្ថភាពកាលពីថ្ងៃ២៦កញ្ញា។ មហាសន្និបាតលើកនេះមានការកត់សម្គាល់អំពីការធ្លាក់ចុះតម្លៃការទូតលើឆាកអន្ដរជាតិចំពោះប្រទេសទាំងឡាយណាដែលមាននិន្នាការទៅរករបបផ្ដាច់ការនិងជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

គណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗបាននាំគ្នាដើរចេញ ហាក់ដូចជាធ្វើពហិការមិនស្ដាប់ការថ្លែងសុន្ទរកថារបស់តំណាង ឬមេដឹកនាំនៃប្រទេសទាំងនោះទេ។ ប្រទេសដែលបាក់មុខមាត់នៅឯវេទិកាពិភពលោកក្នុងឆ្នាំនេះ មានដូចជាប្រទេស វេណេហ្សូអេឡា កម្ពុជា ឡាវ កូរ៉េខាងជើង និង បណ្ដាប្រទេសមួយចំនួននៅទ្វិបអាហ្វ្រិក។

ប៉ុន្ដែប្រទេសវេណេហ្សូអេឡានិងកម្ពុជាដែលមានរបបនយោបាយប្រហាក់ប្រហែលគ្នា ហើយមេដឹកនាំនៃប្រទេសនេះត្រូវបានគេចោទថាដឹកនាំប្រទេសទៅរករបបផ្ដាច់ការនោះ នៅពេលដែលតំណាងរបស់ប្រទេសទាំងពីរនេះឡើងថ្លែងសុន្ទរកថា គណៈប្រតិភូនៃប្រទេសផ្សេងៗទៀត បានងើបដើរចេញពីវេទិកានេះតែម្ដង គឺធ្វើឱ្យវេទិកានេះស្ថិតក្នុងស្ថានភាពឯកា និងស្ងប់ស្ងាត់។

អនុប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា បានព្យាយាមទាញស្ថានការណ៍នៃ មហាសន្និបាតនេះឱ្យយកិចត្តទុកដាក់នឹងសុន្ទរកថារបស់ខ្លួនជាពិសេសឱ្យយកចិត្តទុកដាក់អំពីអ្វីដែលអ្នកស្រីថ្លែងថាវេណហ្សូអេឡា ស្ថិតក្នុងស្ថានភាពការឈ្លានពានពីប្រទេសជិតខាងជាពិសេសការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។

លោកស្រីអនុប្រធានាធិបតី Deicy Rodirges បានព្យាយាមពន្យល់ទៀតអំពីផលវិបាកនៃការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកដែលធ្វើឱ្យពលរដ្ឋរបស់ប្រទេសនេះទទួលរងទុក្ខទោសវេទនា។

ទោះបីជាលោកស្រីមិនបានថ្លែងចំឈ្មោះលោកប្រធានាធិបតីត្រាំក៏ដោយប៉ុន្ដែលោកស្រីថ្កោលទោសអាមេរិកជាខ្លាំងដែលដាក់តណ្ឌកម្មលើប្រទេសរបស់លោកស្រី។

តែយ៉ាងណាប្រធានាធិបតីត្រាំបានថ្លែងសុន្ទរកថានៅឯមហាសន្និបាតនោះបានវាយប្រហារធ្ងន់ៗលើរបបនៅវេណេហ្សូអេឡាដែលដឹកនាំដោយលោកប្រធានាធិបតីម៉ាឌូរ៉ូដែលកំពុងកាន់អំណាច។ ជាមួយគ្នានោះលោកត្រាំក៏បានរិះគន់ទៅលើប្រទេសគុយបាផងដែរនៅពេលដែលមេដឹកនាំអាមេរិករូបនេះបានហៅលោកម៉ាឌូរ៉ូថាជាអាយ៉ងរបស់គុយបា។

ជាការកត់សម្គាល់ប្រតិភូសហរដ្ឋអាមេរិកជាអ្នកនាំមុខគេដែលនាំ ឱ្យប្រតិភូប្រទេសផ្សេងៗទៀតដើរចេញពីវេទិកានេះនៅពេលដែលមេដឹកនាំវេណេហ្សូអេឡាឡើងថ្លែងសុន្ទរកថា។

ដោយឡែកប្រទេសកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មានដែរទៅនឹងប្រទេសវេណេហ្សូអេឡា។ នៅពេលដែលតំណាងប្រទេសកម្ពុជាដែលដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាឡើងថ្លែងសុន្ទរកថា ពេលនោះគេសង្កេតឃើញគណៈប្រតិភូនៃបណ្តាប្រទេសដ៏ទៃបាននាំគ្នាដើរចេញរកតែមនុស្សម្នាក់ អង្គុយស្ដាប់លើវេទិកានោះមិនឃើញឡើយ។

ការចាកចេញរបស់គណៈប្រតិភូផ្សេងៗក្នុងវេទិកានេះ ប្រៀបបានទៅនឹងការធ្វើពហិការ មិនចង់ស្ដាប់ មិនចង់លឺអំពីការពោលពាក្យដដែលៗ លើកឡើងអំពីសមិទ្ធផលរបស់ខ្លួនក្រោមការដឹកនាំមួយដែលគេចាត់ទុកថាជាប្រទេសប្រកាន់ប្រជាធិបតេយ្យនិងនីតិរដ្ឋមានតែនៅលើក្រដាស។ សុន្ទរកថារបស់លោកប្រាក់សុខុនដែលមិនបានទាក់ទាញគណៈប្រតិភូឱ្យអង្គុយស្ដាប់នោះក៏បានលើកឡើងទៀត អំពីសមិទ្ធលទាំងឡាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុនសែនដែលធ្វើឱ្យពលរដ្ឋកម្ពុជាស្គាល់នូវរបបសេដ្ឋកិច្ចមួយដែលរីកលូតលាស់។

មិនតែប៉ុណ្ណោះលោកប្រាក់សុខុនក៏បានថ្លែងអំពីគោលការណ៍ប្រជាធិបតេយ្យ និង អធិបតេយ្យភាពរបស់កម្ពុជាផងដែរ។ ស្របពេលនេះលោកប្រាក់សុខុន បានចោទលោកសមរង្ស៊ីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងត្រៀមខ្លួនចូលទៅប្រទេសកម្ពុជាវិញថា កំពុងតែបង្កអស្ថេរភាពនៅកម្ពុជា។

លោកថារដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខជាមួយពួកប្រឆាំងមួយក្រុមដែលទទួលបានប្រជាប្រិយភាពពីសហគមន៍អន្ដរជាតិដោយសារតែការប្រើវោហាសាស្រ្ដរើសអើងស្អប់ខ្ពើមជនបរទេស។

នៅពេលដែលថ្លែងវាយប្រហារទៅលើលោកសមរង្ស៊ី លោក ប្រាក់សុខុន ក៏មិនបានភ្លេចពីការរិះគន់ទៅលើប្រទេសមួយចំនួនផងដែរ។ ប្រមុខការទូតរូបនេះថាស្ថាប័ននិងប្រទេសមួយចំនួនកំពុងតែជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមរយៈរូបភាពនៃការដាក់ទណ្ឌកម្មលើកម្ពុជាឱ្យទទួលយកនូវក្រុមប្រឆាំងដែលកំពុងបំផ្លិចបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ។

ក្រុមអ្នកឃ្លាំមើលនិយាយថាប្រតិភូប្រទេសទាំងឡាយណាដែលឡើងថ្លែងសុន្ទរកថាហើយប្រទេសផ្សេងៗបានដើរចេញមិនចង់ស្ដាប់មិនចង់លឺនោះគឺអាចមកពីប្រទេសទាំងនោះត្រូវបានថ្កោលទោសដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ជាក់ស្ដែងប្រទេសវេណេហ្សូអេឡានិងប្រទេសកម្ពុជាត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សដែលប្រជុំគ្នាក្នុងប្រទេសស្វីសបានរិះគន់និងនៅតែបន្ដថ្កោលទោសអំពីការដែលប្រទេសទាំងពីរនេះនៅបន្ដរំលោភសិទ្ធិមនុស្ស បំបិទមាត់ក្រុមប្រឆាំងដោយការយកប្រព័ន្ធតុលាការជាឧបករណ៍ នៃការគាបសង្កត់សេរីភាពរបស់ពលរដ្ឋដែលមាននិន្នាការមិនស្របនឹងបក្សកាន់អំណាចរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស