38.8 C
Phnom Penh

មន្រ្តីជាន់ខ្ពស់របស់បក្សកាន់អំណាចព្រមានសកម្មជនរបស់លោក សមរង្ស៊ីឲ្យបញ្ឈប់ការគាំទ្រគំរោងវិលត្រឡប់របស់មេដឹកនាំបក្សប្រឆាំងរូបនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបាន ព្រមានទៅសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងស្រុក កុំឲ្យគាំទ្រលោក សមរង្ស៊ី ដែលមានបំណងវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បើពុំដូច្នេះទេ ពួកគេ នឹងប្រឈមនឹងការចាប់ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះថា បើសកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំងឡាយមិនចង់ឲ្យមានការចាប់ខ្លួន ពួកគេកុំធ្វើសកម្មភាពនយោបាយគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ទៅបានហើយ។

ស្របពេលដែលក្រុមលោក សមរង្ស៊ី ប្រកាសអំពីគំរោងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ គេឃើញសកម្មជននិងមន្ត្រីរបស់ខ្លួននៅក្នុងស្រុក បានរងការចោទប្រកាន់និងការឃុំខ្លួនជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានសកម្មជន និងមន្រ្តីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយជាង៧០នាក់ផ្សេងទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេសក្រោយពីពួកគេបានចេញសារគាំទ្រការវិលត្រឡប់របស់លោកសមរង្ស៊ីទៅកាន់ប្រទេសកម្ពុជាវិញនៅដើមខែវិច្ឆកានោះ។
ក្រសួងយុត្តិធម៌កាលពីព្រមានរួចហើយថា ក្រុមមេដឹកនាំដែលរៀបចំផែនការធ្វើរដ្ឋប្រហារឬផ្តួលរំលំរដ្ឋាភិបាល នឹងត្រូវជាប់ទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយបើជនល្មើស ជាអ្នករាជការសាធារណៈ នឹងត្រូវជាប់ទោសអស់មួយជីវិត។ ចំពោះអ្នកដែលចូលរួមគាំទ្រក្នុងផែនការធ្វើរដ្ឋប្រហារ នឹងត្រូវជាប់ទោសពីបទរួមគំនិតក្បត់ ដោយត្រូវដាក់ទោសពី៥ឆ្នាំទៅ១០ឆ្នាំ ហើយបើអ្នកចូលរួមនោះ ជាអ្នករាជការសាធារណៈ នឹងត្រូវជាប់ទោសពី១០ឆ្នាំទៅ២០ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែន ករុណា អះអាងថា ការលើកឡើងរបស់លោក សុខ ឥសានផ្ទុយទៅគ្នានឹងក្លឹមសារច្បាប់កំពូលរបស់ប្រទេសដែលធានាអំពីសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវិភាពនយោបាយ និងផ្ទុយពីកត្តិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។  លោកបន្តថាការលើកឡើងរបស់លោក សុខ ឥសានជាការគំរាមកំហែងក្នុងហេតុផលនយោបាយជាជាងការអនុវត្តច្បាប់។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស