38.8 C
Phnom Penh

ផែនការលុបបំបាត់ជំងឺគ្រុនចាញ់អាចបរាជ័យ ក្រោយមានករណីផ្ទុះជំងឺនេះខ្លាំងនៅតាមបណ្តាខេត្តមួយចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំងឺគ្រុនចាញ់នៅកម្ពុជា ក្នុងរយៈចុងក្រោយនេះ បានហក់កម្រើកឡើងវិញ ក្រោយជំងឺនេះស្ទើរតែត្រូវបានលុបបំបាត់ទៅហើយនោះ។ ជាក់ស្តែងខេត្តចំនួន៧ នៅកម្ពុជា នៅតែប្រឈមនឹងការកើតមានករណីជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូម ក្នុងកម្រិតខ្ពស់នៅឡើយ។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញ។

ប្រភពដដែល បានលើកឡើងថា ផែនការរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូមឱ្យអស់ត្រឹមឆ្នាំ ២០២០ ប៉ុន្តែមន្ត្រីជំនាញយល់ថាផែនការនេះអាចនឹងបរាជ័យ។

របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្របានអះអាងថា បច្ចុប្បន្នតំបន់ដែលកើតមានករណីជំងឺគ្រុនចាញ់ខ្ពស់គឺស្ថិតក្នុងខេត្តចំនួន ៧ រួមមាន ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តរតនគិរី។

មជ្ឈមណ្ឌលជាតិមួយនេះ ក៏បានជំរុញឱ្យខេត្តទាំងនេះអនុវត្តវិធានការមួយចំនួន ដូចជា ការរុករកនិងធ្វើតេស្ដអ្នកជំងឺដែលសង្ស័យមានមេរោគនេះ ការព្យាបាល និងការផ្ដល់ប្រឹក្សាអប់រំសុខភាពពីជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួនឱ្យបានដិលដល់ជាដើម។

ប្រភពដដែលបានដកស្រង់ស្ថិតិក្រសួងសុខាភិបាលមកបង្ហាញថា ករណីឈឺដោយសារគ្រុនចាញ់បានថយចុះពី ជាង៥ម៉ឺនករណី ក្នុងឆ្នាំ ២០១៥ មកនៅត្រឹមជាង២ម៉ឺនករណី ក្នុងឆ្នាំ ២០១៦។  ប៉ុន្តែមកដល់ឆ្នាំ ២០១៧ អ្នកឈឺដោយជំងឺគ្រុនចាញ់បានកើនឡើងវិញដល់ចំនួនជាង៤ម៉ឺនករណី និងកើនឡើងជាង៦ម៉ឺនករណី នៅឆ្នាំ ២០១៨។ ចំណែក ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់មានចំនួន ៩៣ នាក់ នៅឆ្នាំ ២០១១ និងថយចុះរហូតមកដល់ ១ នាក់ នៅឆ្នាំ ២០១៦។ ដោយឡែកនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ គឺពុំមានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ទេ។

យ៉ាងណាក៏ដោយចុះក្នុងផែនការជាតិ រដ្ឋាភិបាលមានផែនការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាស៊ីប៉ារ៉ូមនៅឆ្នាំ ២០២០ និងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទឲ្យអស់នៅឆ្នាំ ២០២៥៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស