42.2 C
Phnom Penh

អ្នកវិភាគថា លោក សម រង្ស៊ី ត្រូវប្រើថ្ងៃ ៩ វិច្ឆិកា ឱ្យក្លាយជាអ្នកនយោបាយគំរូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគបានលើកឡើងថា ការប្រកាសចូលស្រុកថ្ងៃទី៩ ខែវិច្ឆិកា គួរតែជាការសន្យារបស់មនុស្សចាស់ ឬអ្នកនយោបាយគំរូជាន់ខ្ពស់ពុំមែនជាសម្ដីកូនក្មេង ឬអ្នករត់តាមនយោបាយ ដែលគ្រាន់តែនឹកឃើញអ្វីថាហ្នឹងឲ្យតែរួចពីមាត់នោះទេ។

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ជាមេដឹកនាំនយោបាយជួរមុខ លោក សម រង្ស៊ី ត្រូវពង្រឹងសេចក្ដីក្លាហានខ្ពស់ជាងអ្នកណាទាំងអស់ ដោយហ៊ានទិញសំបុត្រយន្តហោះចូលកម្ពុជាតែម្ដង។

លោកថា បើចុះចតត្រឹមប្រទេសថៃ លោក សម រង្ស៊ី ក៏ត្រូវប្តេជ្ញាដើរឆ្លងព្រំដែនចូលប្រទេសកម្ពុជាដែរ ហើយកុំគ្រាន់តែទៅតំបន់ជិតៗព្រំដែន និយាយទៅកាន់អ្នកគាំទ្រមួយប្រាវលើទឹកដីថៃ រួចត្រឡប់ទៅបារាំង  វិញនោះ។ អ្នកវិភាគរូបនេះអះអាងថា លោក សម រង្ស៊ី បានសន្យាច្បាស់ណាស់នៅចំពោះប្រជាជាតិខ្មែរ និងមិត្តបរទេសប្រជាធិបតេយ្យជាច្រើន ដូច្នេះលោកមិនត្រូវបានដកពាក្យសម្តីទាំងនេះឡើយ។

 លោក គឹម សុខ បន្ថែមថា សម្ដីសន្យារបស់មនុស្សចាស់ឬអ្នកនយោបាយគំរូដ៏ល្អ គឺថ្លែងអំពីផែនការភ្ជាប់នឹងហេតុផល និងការប្ដេជ្ញាធ្វើ ទាំងអាចដឹងជាមុននូវឧបសគ្គដែលនឹងកើតចំពោះមុខថែមទៀត។

អ្នកវិភាគឥតសំចៃមាត់រូបនេះ បានចោទជាសំនួរថា ឧបសគ្គធំៗដែលបង្កឡើងដោយលោក ហ៊ុន សែន ពេលនេះពុំមែនលោក សម រង្ស៊ី មិនដឹងជាមុនឯណា ចុះហេតុអ្វីលោក សម រង្ស៊ី នៅតែប្រកាសសន្យាយ៉ាងម៉ឺងម៉ាត់បែបនេះ?

លោក គឹម សុខ បន្តថា ប្រសិនបើលោក សមរង្ស៊ី ប្រកាសសន្យាចូល ស្រុកទាំងមានអ្នកគាំទ្រអបអរ និងធ្វើសញ្ញាម្រាមដៃ៩តាមខ្លួនយ៉ាងច្រើនលើសលប់ហើយ តែបែរជាមិនហ៊ាន ឬគ្មានឆន្ទៈអនុវត្តន៍ការសន្យានោះ លោកគ្រាន់តែជាអ្នកនយោបាយប្រជាភិថុតិប៉ុណ្ណោះ។

អ្នកវិភាគរូបនេះ អះអាងថា លោក ហ៊ុន សែន ជាបុគ្គលខ្លាំង ត្រង់មិនចេះអៀនខ្មាស លេងតែល្បែងប្រជាភិថុតិក្បត់សន្យាចំពោះជាតិនិងប្រជារាស្ត្រ។ ដូច្នេះ លោកថា លោក សម រង្ស៊ី កុំចង់ប្រើក្បាច់លោក ហ៊ុន សែន ហើយសង្ឃឹមថា ឈ្នះ ហ៊ុន សែន នោះ។ លោកបន្តថា ដើម្បីឈ្នះប្រៀបលើលោក ហ៊ុន សែន គឺទាល់តែលោក សម រង្ស៊ី បង្ហាញឥរិយាបថជាមេដឹកនាំប្រជាធិបតេយ្យជាតិពេញលក្ខណៈ មិនប្រជាភិថុតិ ហើយការធ្វើមាតុភូមិនិវត្តន៍មិនបោះបង់សន្យា គឺជាលក្ខខណ្ឌបំពេញមួយ ក្នុងស្ថានភាពជាតិជាក់ស្ដែង។

លោកបន្តថា បើលោក សម រង្ស៊ី មិនបង្ហាញសកម្មភាពចូលស្រុកឲ្យឃើញជាក់ស្ដែងដូចបានសន្យាទេ ក្រោយថ្ងៃទី៩ ខែវិច្ឆិកា លោក សម រង្ស៊ី អត់មានល្បែងនយោបាយធំដុំលេងទៀតឡើយ។

ទោះបីយ៉ាងណាក៏ដោយកាលពីថ្ងៃទី២២ ខែតុលា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេសជាថ្មីទៀតថា លោក នឹងមន្ត្រីជាន់ខ្ពស់របស់ខ្លួននឹងចូលមកកាន់ប្រទេសកម្ពុជាឱ្យខាងតែបាននៅថ្ងៃទី ៩វិច្ឆិកាខាងមុខ ទោះបីត្រូវប្រឈមមុខនឹងឧបសគ្គបែបណាក៏ដោយ។

ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យពលករនៅប្រទេសថៃ ត្រូវនាំគ្នាមកចូលរួមអមដំណើរលោកឱ្យបាន់កាន់តែច្រើន ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ពិសេសមកយកអំណាចពីលោកហ៊ុន សែន សងពលរដ្ឋខ្មែរវិញផងដែរ។

ចំណែកលោកហ៊ុន សែន វិញក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ព្រមទាំងទាហានផង ត្រៀមកម្ទេចចលនាគាំទ្រ ឬ យុទ្ធនាការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ។ លើសពីនេះ លោកបានបញ្ជាក់ថា កិច្ចស្វាគមន៍លោក សម រង្ស៊ី មានតែគុក និងឃ្នោះប៉ុណ្ណោះ។

 មកទល់ចុងខែតុលានេះ មានអតីត និងសកម្មជនគណបក្សសង្គ្រោះជាតិជាង៥០នាក់ហើយត្រូវបានចាប់ឃុំខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស បទរួមគំនិតក្បត់ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស