30 C
Phnom Penh

កម្ពុជា-វៀតណាម ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា នៅចុងឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមគ្រោងរៀបចំធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋនៃប្រទេសទាំង២ នៅពេលមានគ្រោះមហន្តរាយណាមួយកើតមានឡើង។

លោក ហ៊ុន សែន ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ជាក់ស្តែង ការរៀបចំសមយុទ្ធពេលដែលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ។

លោក ហ៊ុន សែន អះអាងថា គម្រោងសមយុទ្ធនេះជាការផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។ ដូច្នេះ ការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដី វៀតណាម ហើយកងទ័ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាងដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹងដោយទូលំទូលាយផងដែរ។

សមយុទ្ធនេះ នឹងត្រូវធ្វើឡើងនៅតាមព្រំដែនកម្ពុជា-វៀតណាម គឺក្នុងខេត្តស្វាយរៀង របស់កម្ពុជា និងខេត្តឡុងអាន របស់វៀតណាម។

សមយុទ្ធយោធារវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែជិតស្និតឡើងវិញ ក្រោយទំនាក់ទំនងនេះកាន់តែធូរលុង បន្ទាប់ពីកម្ពុជាបានបោះពួយកាន់តែខ្លាំងទៅរកប្រទេសចិន ដែលជាប្រទេសសត្រូវរបស់វៀតណាមបច្ចុប្បន្នលើជម្លោះសមុទ្រចិនខាងត្បូង។

យ៉ាងនេះក្តី កម្ពុជាបានចាប់យកសមយុទ្ធយោធា ជាមួយប្រទេសកុម្មុយនីស្តជាបន្តបន្ទាប់ ពិសេសជាមួយប្រទេសចិន ខណៈកម្ពុជាបានលុបចោលនូវសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិកដែលមានឈ្មោះថាឆ្មាំអង្គរ និងសមយុទ្ធយោធាជាមួយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា គោព្រៃ កាលពីឆ្នាំ ២០១៧ ដោយយកលេសថាកម្ពុជា ជាប់រវល់រៀបចំព្រឹត្តិការណ៍បោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតជាតិ ឆ្នាំ២០១៨។

យ៉ាងនេះក្តីមកទល់ពេលនេះ កម្ពុជានៅមិនទាន់បង្ហាញជំហរជាក់លាក់ណាមួយក្នុងការកំណត់ពេលធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកសេរីទាំងពីរនេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស