28.4 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិក្រៅប្រទេសមួយរូប លាឈប់ពីដំណែង ក្រោយដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី បរាជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយរូបនៅក្រៅប្រទេស ឬហៅថា CNRP-O បានប្រកាសលាពីដំណែងជាគណៈកម្មការចលនាយុវជនក្នុងរចនាសម្ព័ន្ធគណកប្សសង្រ្គោះជាតិក្រៅប្រទេស។

ក្នុងលិខិតមួយរបស់លោក អ៊ាប គឹមសេង ដែលជាមន្ត្រីគណៈកម្មការចលនាយុវជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសកាលពីថ្ងៃទី ១៥ វិច្ឆិកា បានផ្ញើទៅកាន់ថ្នាក់ដឹកនាំបក្សខ្លួនថា ការលាឈប់ពីគណបក្សដោយសារលោកគ្មានកម្លាំងចិត្តចំពោះកិច្ចសហការរួមការងារជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ព្រោះតែអស់ជំនឿចិត្តនឹងការរៀបយុទ្ធសាស្ត្រមួយចំនួន។ 

លិខិតដដែល អះអាងថា យុទ្ធសាស្ត្រទាំងនោះ ដូចជាការរៀបចំផែនការវិលចូលស្រុកខ្មែររបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅថ្ងៃទី៩ខែវិច្ឆិកា។ បន្ថែមពីនេះ ការប្រើប្រាស់សារនយោបាយដែលនាំឱ្យគណបក្សប្រឆាំងមួយនេះបាត់បង់ការគាំទ្រ ពីអន្តរជាតិ ពិសេសធ្វើឱ្យសកម្មជនគណបក្សក្នុងប្រទេសជាច្រើននាក់ធ្លាក់ក្នុងការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។

លើសពីនេះ របៀបដឹកនាំCNRP-O បានធ្វើឱ្យបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិជាច្រើនកន្លែងដូចជា នៅកូរ៉េខាងត្បូង ព្រមទាំងសមត្ថភាពនៃការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ដើម្បីជួយជ្រោមជ្រែងដល់គណបក្សសង្រ្គោះជាតិជាដើម។

លោក អ៊ាប គឹមសេង ត្រូវបានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសសម្រេចទទួលស្គាល់សមាសភាពជាមន្ត្រីគណកម្មការជំនាញនៃអគ្គលេខាធិការដ្ឋានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសទទួលបន្ទុកគណៈកម្មការចលនាយុវជនកាលពីចុងខែមករា ឆ្នាំ២០១៩ ។ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក គឹមសេងនៅថ្ងៃនេះ លោកបានឡើងថាសារនយោបាយដែលបានផ្សព្វផ្សាយមុនពេលដំណើរមាតុភូមិនិវត្តន៍ថ្ងៃ៩វិច្ឆិកាថា ជាសារសម្លាប់ជីវិតនយោបាយលោកប្រធានស្តីទី សម រង្ស៊ី។

លោកមើលឃើញថា ពលរដ្ឋបានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩គឺជាថ្ងៃដែលប្រជារាស្ត្រខ្មែរ ទូទាំងប្រទេសហ៊ានក្រោកឈរប្រើប្រាស់សិទ្ធិស្របច្បាប់ជាសិទ្ធិពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្ដូររបបផ្តាច់ការនិងស្តារស្តារលិទ្ធិប្រជាធិបតេយ្យជូនប្រជាជាតិខ្មែរ។

ប៉ុន្តែ ការចេញសារនយោបាយរបស់ក្រុមអ្នករៀបចំយុទ្ធសាស្ត្រសម្រាប់ដំណើរមាតុភូមិនិវត្តន៍នេះដូចជាថា «ទៅចូលទៅចាប់ហ៊ុន សែន ចូលទៅផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន និងការរៃអង្គាសថវិកាដើម្បីជួបឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធផ្តាច់ខ្លួននោះ» គឺជាសារនយោបាយដែល បានដើរចូលអន្ទាក់នយោបាយរបស់លោក ហ៊ុន សែន ដោយខ្លួនឯងទៅវិញ។

អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិក្រៅប្រទេសរូបនេះយល់ថា កំហុសនៃសារនយោបាយទាំងនេះ ជាហេតុផលដែលធ្វើឲ្យលោក ហ៊ុន សែន អាចចោទប្រកាន់លោកប្រធាន សម រង្ស៊ី និងក្រុមការងារ ពីបទក្បត់ជាតិរួមគំនិតផ្តួលរំលំរដ្ឋាភិបាល។ បន្ថែមពីនេះ មានការកាត់បន្ថយការគាំទ្ររបស់អន្តរជាតិមកលើលោក សម រង្ស៊ី ដូចជាក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជាដើម។

លោក អ៊ាប គឹមសេង បន្តថា សារនយោបាយនោះក៏បានធ្វើឱ្យ លោក ហ៊ុន សែន អាចបង្ហាញកំលាំងទ័ពដើម្បីបំបាក់ស្មារតីអ្នកគាំទ្រ CNRP ក៏ដូចជាក្នុងជួរ CPP របស់គាត់ផងដែរ។

 លោកព្យាករណ៍ថា ប្រធានស្តីទីលោក សម រង្ស៊ី និងក្រុមការងារដែលជាប់ចោទ នឹងស្ថិតនៅក្រៅកញ្ចប់នៃការចរចា ប្រសិនបើមានការសម្របសម្រួលណាមួយពីអន្តរជាតិដើម្បីឲ្យមានការដោះស្រាយវិវាទនយោបាយនៅកម្ពុជា ហើយប្រធានគណបក្សសង្គ្រោះជាតិ គឺលោកប្រធាន កឹម សុខា ក៏គ្មានជម្រើសដែរបើអន្តរជាតិគេយល់ព្រម។

លោកបន្តថា អ្វីដែលសំខាន់នោះ គឺលោក ហ៊ុន សែន នឹងនៅតែកាន់កាប់អំណាចបន្តទៀត បើទោះជាគាត់យល់ព្រមផ្ដល់និតិសម្បទានគណបក្សសង្គ្រោះជាតិវិញ ពីព្រោះលោក សម រង្ស៊ី និងក្រុមការងារដែលជាប់ចោទមិនអាចចូលរួមក្នុងបក្សសង្គ្រោះជាតិ ដើម្បីរៀបចំការបោះឆ្នោតឡើងវិញបានឡើយ។

ប្រភពដដែលបន្តថា រឿងដែលប្រាកដបំផុតនោះ គឺលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី មានវត្តមាននៅក្នុងគណបក្សសង្គ្រោះជាតិវិញនោះទេ។ លោកបន្តថា ប្រសិនបើគម្រោងមាតុភូមិនិវត្តន៍របស់លោក សមរង្ស៊ី កន្លងមកមានភាពជាក់លាក់មែន នោះប្រហែលជាគ្មានអ្នកយុទ្ធសាស្ត្រណាចេញសារនយោបាយគោះព្រៃ បង្អើលខ្លាបែបនេះឡើយ។

 ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី ១៥ វិច្ឆិកា លោក សម រង្ស៊ី បានអះអាងប្រាប់ពលរដ្ឋឱ្យធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា កម្ពុជាមិនព្រមទទួលទណ្ឌកម្ម ដោយសារលោក ហ៊ុន សែន និងជំនួសលោក ហ៊ុន សែន ទេ ពោលគឺកម្ពុជាចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ ប្រមាណ ៨សែននាក់។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះប្រាប់ទៅពលរដ្ឋខ្មែរ ឱ្យរក្សាភាពអត់ធ្មត់បន្តិចទៀតដើម្បីជោគជ័យ ត្បិតលោកកំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះដោយអហិង្សា និងសន្តិវិធី  បើទោះបីជាផែនការវិលចូលប្រទេសកម្ពុជារបស់លោក និងថ្នាក់ដឹកនាំបក្សប្រឆាំងកាលពីថ្ងៃទី ៩ វិច្ឆិកា មិនបានសម្រេចតាមការគ្រោងទុកក្តី។ អ្នកវិភាគនយោបាយមើលឃើញថា ប្រធានគណកប្សប្រជាជនកម្ពុជា និងជាបុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន កំពុងព្យាយាមញ៉ែក សម រង្ស៊ី និង កឹម សុខា ឱ្យបែកបាក់គ្នា ដើម្បីបំណងគ្រប់គ្រងអំណាចបន្តត្រកូលរបស់ខ្លួន ហើយប្រសិនបើថ្នាក់ដឹកនាំបក្សប្រឆាំងទាំងពីរមិនបែកបាក់ វាគឺជាគំរាមកំហែងដល់អំណាចរបស់ខ្លួនតែម្តង។ អ្នកវិភាគក៏ធ្លាប់ព្រមានថា ប្រសិនបើអ្នកទាំងពីរបែកបាក់ ប្រជាប្រិយភាពអ្នកទាំងពីរនឹងពិបាកស្តារឡើងវិញជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស