38.8 C
Phnom Penh

បណ្តុំអង្គការសង្គមស៊ីវិលបានជំរុញជាថ្មីទៀតទៅកាន់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈម និងទប់ស្កាត់អំពើហិង្សាលើស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តុំអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន២១ បានអំពាវនាវជាថ្មីឲ្យ រដ្ឋាភិបាល ដោះស្រាយបញ្ហាអាទិភាពចំនួន១១ ចំណុចរបស់ស្ត្រី ឬក្រុមយេនឌ័រ។ ការស្នើសុំនេះ ដោយពួកគេអះអាងថា ដើម្បីឈានទៅទប់ស្កាត់ឬ បញ្ឈប់អំពើហិង្សាលើស្ត្រីទាំងនៅកន្លែងការងារ ទាំងក្នុងគ្រួសារ និងក្នុងសង្គមទាំងមូល។

បញ្ហាជាអាទិភាព ចំនួន១១ នោះរួមមានការបង្កើតទារកដ្ឋាននៅតាមកន្លែងធ្វើការ និងការបង្កើតមតេ្តយ្យសហគមន៍នៅតាមឃុំ-សង្កាត់។ បង្កើតមណ្ឌលផ្ដល់សេវាសម្រាប់ស្ត្រីរងគ្រោះអំពើហិង្សាដោយដៃគូស្និទ្ធស្នាល ទប់ស្កាត់ការបៀតបៀននឹងកេងចំណេញផ្លូវភេទ។

កែទម្រង់ទម្រង់ប្រព័ន្ធដឹកជញ្ជូនកម្មករ ការកំណត់ប្រាក់ឈ្នួលកម្មករធ្វើការតាមផ្ទះវិស័យទេសចរណ៍ វិស័យសំណង់ និងព្រៃឈើ បង្កើតយន្តការការពារពលករចំណាកស្រុក ពង្រឹងការអនុវត្តច្បាប់នៃការដោះស្រាយជម្លោះដីធ្លីបង្កើនការគោរព ការពារ និងលើកស្ទួយសិទ្ធិ                សហជីពជាដើម។

កន្លងមកក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ធ្លាប់បានធ្វើជាញត្តិដាក់ទៅស្ថាប័នរដ្ឋាភិបាលចំនួន ២លើករួចមកហើយ  កាលពីខែមីនាក្នុងទិវាសិទ្ធិនារីអន្តរជាតិ និងនៅខែមិថុនាក្នុងទិវាពលកម្មអន្តរជាតិ។

សេចក្ដីថ្លែងការណ៍ដដែលនេះ លើកឡើងទៀតថា បច្ចុប្បន្នមិនទាន់មានយន្តការ ឬប្រព័ន្ធសម្រាប់គ្រប់គ្រងលក្ខខណ្ឌការងារសុខភាព និងសុវត្ថិភាពរបស់ពលករចំណាកស្រុកនៅឡើយទេ ហើយមិនមានច្បាប់សម្រាប់ការពារកម្មករធ្វើការតាមផ្ទះនៅក្រៅប្រទេសនោះដែរ។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងស្របពេលយុទ្ធនាការបំពាក់បូរពណ៌ ស រយៈពេល១៦ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២៥ វិច្ឆិកា រហូតដល់ថ្ងៃទី ១០ ខែធ្នូ ដែលជាយុទ្ធនាការរួមគ្នាបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រក្នុងពិភពការងារ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស