37 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធថ្នាំញៀនជិត១០០គីឡូ នៅក្រុងភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ក្នុងនោះមានស្រីពីរនាក់ ដោយរឹបអូសបានគ្រឿងញៀន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជិត ១០០ គីឡូក្រាម រួមទាំងម៉ាស៊ីនផលិតកែច្នៃគ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃពុធម្សិលមិញ។

កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិលោក ឡឹក វណ្ណៈ ថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះបានធ្វើឡើងនៅក្នុងទីតាំង ២ ផ្សេងគ្នា ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកបញ្ជាក់ថាប្រតិបត្តិការនោះចាប់ផ្ដើមតាំងពីយប់ថ្ងៃអង្គារ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៤ នាក់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុបចំនួន ៣២ គីឡូក្រាម សារធាតុគីមីផ្សំជាថ្នាំញៀនពាក់កណ្ដាលសម្រេចចំនួន ៥៤ គីឡូក្រាម និងម៉ាស៊ីនសម្ងួត ១ គ្រឿង ព្រមទាំងម៉ាស៊ីនផលិតកែច្នៃជាថ្នាំគ្រាប់ ១ គ្រឿងផងដែរ។

មន្ត្រីជំនាញអះអាងថា ជនជាតិវៀតណាមនោះ រួមមានឈ្មោះ                        ទួន អាញ់  ហ័ង វៀត  ធី ងុក និងឈ្មោះ ធី ងីន ដែលពួកគេសុទ្ធសឹងតែជាបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាម និងមាន មេក្លោងឈ្មោះ វ៉ូ ង៉ុកទូ (Vo Ngoc Tu) ដែលកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កន្លងមកធ្លាប់បានបង្ហាញក្តីបារម្ភចំពោះការរីករាលដាលនៃថ្នាំញៀនដល់ទីជនបទ ដែលឈានទៅបំផ្លាញអនាគតរបស់យុវជនតែម្តង។ លោកបានបញ្ជាឱ្យមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះបន្ថែមទៀត ជាពិសេសស្រាវជ្រាវរកមេខ្លោងនៅពីក្រោយខ្នងនៃការចរាចរថ្នាំញៀនទាំងនោះផងដែរ។

មន្ត្រីសង្គមស៊ីវិលធ្លាប់ផ្តល់អនុសាសន៍ថា ដើម្បីឱ្យការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបោសសម្អាតពីមេខ្លោងធំៗ និងអ្នកនៅពីក្រោយខ្នងឧក្រិដ្ឋជនទាំងនោះ ក្នុងជួររដ្ឋាភិបាល ជួរមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ជាមុនសិន។

ជាងនេះទៅទៀតពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាលគប្បីពិនិត្យឡើងវិញនូវច្បាប់ដាក់ទោសទណ្ឌលើក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ខណៈពួកគេគ្រាន់តែជាជនរងគ្រោះ។ ក្រុមសង្គមស៊ីវិលទាំងនោះបានទាមទារឲ្យសមត្ថកិច្ចពិនិត្យរបាយការណ៍ ឬកំណត់ហេតុពាក្យបណ្តឹងរបស់មន្ត្រីនគរបាលយុត្តិធម៌ឡើងវិញ ពីព្រោះកន្លងមករបាយការណ៍ទាំងនោះមួយចំនួនមានរូបភាពដាក់បន្ទុកដល់អ្នកប្រើប្រាស់ថ្នាំញៀន និងធ្វើឱ្យពួកគេមានទោសទណ្ឌ បើទោះបីជាពួកគេជាជនរងគ្រោះក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស