42.2 C
Phnom Penh

លោក ហ៊ុន សែន ទទួលស្គាល់ថា គ្រូពេទ្យនៅកម្ពុជាមួយចំនួនព្យាបាលជំងឺជូនពលរដ្ឋដោយគិតលុយធំជាងជីវិតមនុស្

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានធ្វើការរិះគន់ចំៗថា មានគ្រូពេទ្យមួយចំនួនមិនបានបំពេញវិជ្ជាជីវៈ និងមានក្រមសីលធម៌មិនសូវល្អឡើយ។ លោកក៏បានជំរុញដល់គ្រូពេទ្យទាំងអស់នោះ ផ្លាស់ប្តូរឥរិយាបថ និងកែប្រែពាក្យសម្តីរបស់ខ្លួន ដែលបានប្រព្រឹត្តលើអ្នកជំងឺ ពិសេសអ្នកក្រីក្រតែម្តង។ លើសពីនេះ លោកថា ការព្យាបាលអ្នកជំងឺគឺ ត្រូវធ្វើឡើងដោយគ្មានការរើសអើង ឬបែងចែកនោះឡើយ។

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង២ពាន់នាក់នៅថ្ងៃទី១៦ ខែធ្នូនេះ លោក ហ៊ុន សែន បានផ្តាំទៅមន្ទីរពេទ្យទាំងរដ្ឋ និងឯកជនថាត្រូវយកចិត្តទុកដាក់ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ ដោយមិនត្រូវគិតឬ យកលុយជាធំនោះឡើយ។

បន្ថែមពីនេះ លោកបានលើកឡើងទៀតថា គ្រូពេទ្យ និងនិស្សិតពេទ្យទាំងអស់សុទ្ធតែអះអាងថា ខ្លួនបំពេញវិជ្ជាជីវៈនេះព្រោះចង់ជួយជីវិតមនុស្សទើបចូលមករៀនពេទ្យ ប៉ុន្តែលោកបានចោទជាសំណួរថាចុះហេតុអ្វីបានជាទៅធ្វើការងារពេទ្យឬ ជាគ្រូពេទ្យបែរជាយកលុយធំជាងជីវិតមនុស្សទៅវិញ?

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយពេលមានការរិះគន់ និងត្អូញត្អែរចំពោះផលលំបាកក្នុងការស្វែងរកសេវាព្យាបាលជំងឺប្រកបដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ពលរដ្ឋខ្លះបានរិះគន់ថាមានពេទ្យរដ្ឋឬ ឯកជនមួយចំនួនតែងប្រើប្រាស់ក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីតែប្រាក់ប៉ុណ្ណោះ។ លើសពីនេះ មានការកេងប្រវ័ញ្ច ឬបោកប្រាស់ពលរដ្ឋ ដូចជាយកថ្លៃព្យាបាលឬ ពិនិត្យជំងឺថ្លៃខ្ពស់ពេក។ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យឬ ជេរប្រមាថអ្នកជំងឺ ពិសេសអ្នកក្រីក្រ។

មានមន្ទីរពេទ្យខ្លះទៀត ការប្រើប្រាស់សេវារបបសន្តិសុខសង្គមឬ ប.ស.ស មិនត្រូវបានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ឬមានការបណ្តោយឱ្យអ្នកជំងឺរហូតដល់ស្លាប់ទៀតផង។

លោក ហ៊ុន សែន ក៏បានទទួលស្គាល់ថាមានពេទ្យឯកជនមួយចំនួនប្រើប្រាស់ការទាក់ទាញអ្នកជំងឺដើម្បីមកព្យាបាលកន្លែងខ្លួន ព្រោះតែផលចំណេញ ហើយនៅពេលស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ក៏បានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ ជាងនេះទៀតក៏មានក្រុមវេជ្ជបណ្ឌិតមួយចំនួន យកពេលវេលាជាច្រើនដើម្បីចំណាយលើការព្យាបាលនៅគ្លីនិកឯកជន ឬ គ្លីនិករបស់ខ្លួន តែម្តង។

លោកហ៊ុន សែន ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធត្រូវគ្រប់គ្រង និងពិនិត្យការចរាចរឱសថឬ ថ្នាំព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងមានការចរាចរឱសថក្លែងក្លាយ ឬហួសសុពលភាពប្រើប្រាស់ ដល់អ្នកជំងឺ។

កាលលោកបណ្ឌិត កែម ឡី នៅមានជីវិត លោកធ្លាប់លើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា ដល់កម្រិតដែលត្រូវធ្វើបដិវត្តន៍ ឬ កែប្រែឱ្យកាន់តែប្រសើរឡើង។

វិស័យសុខាភិបាលនៅកម្ពុជាមិនទាន់ប្រសើរនេះហើយ បានជាថ្នាក់ដឹកនាំប្រទេស និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តែងតែទៅពិនិត្យសុខភាពនៅក្រៅប្រទេស ។

ជាក់ស្តែងព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងតែយាងទៅពិនិត្យព្រះរោគសុខភាពនៅប្រទេសចិន។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី ហើយរីឯរដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្លួនឯង តែងតែទៅពិនិត្យសុខភាពនៅប្រទេសបារាំង ជាដើម៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស