32.5 C
Phnom Penh

លោក រ៉ាត់ រត្នមុនី សម្រេចប្តឹងតុលាការកំពូលឱ្យទម្លាក់ចោលការចោទប្រកាន់លើរូបលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកបកប្រែឲ្យស្ថានីយ៍ទូរទស្សន៍រុស្សី RT(Russian Today) និងជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានសម្រេចចិត្តប្តឹងទៅតុលាការកំពូលនៅថ្ងៃអង្គារ៍ទី ១៧ ខែធ្នូនេះ  ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ប្រឆាំងនិងរូបលោក។

ការប្តឹងជំទាស់នេះ ធ្វើឡើងតាមរយៈមេធាវី ការពារក្តីរបស់ខ្លួន ក្រោយពេលប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសុំនៅក្រៅឃុំ និងទម្លាក់បទចោទប្រកាន់ទាំងឡាយមកលើខ្លួន ប៉ុន្តែត្រូវបានតុលាការឧទ្ធរណ៍បដិសេធកាលពីវិច្ឆិកាថ្មីៗនេះ។

កាលពីចុងឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធធគារ រយៈពេល២ឆ្នាំក្រោមបទចោទថា ញុះញង់ឲ្យមានការរើសអើងនិងបង់ប្រាក់ទៅដើមបណ្តឹង៧០លានរៀល បន្ទាប់ពីលោកបានចូលរួមជាអ្នកបកប្រែផលិតវីដេអូឯកសារមួយក្រោម ចំណងជើងថា ម្តាយខ្ញុំ លក់ខ្ញុំ ឱ្យទូរទស្សន៍រុស្ស៊ី RT (Russian Today)។

ខ្សែវីដេអូឯកសារនេះ បានលាតត្រដាងពីភាពក្រីក្រ និងការជួញដូរផ្លូវភេទនៅកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកវីដេអូឯកសារនោះថាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។

រហូតមកទល់ពេលនេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំឃាំងនៅពន្ធធនាគារព្រៃសរ អស់រយៈពេល១ឆ្នាំ ហើយ។

ភរិយារបស់លោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គឹមហ៊ាង ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកមួយដែលខ្លួនចែករំលែកថាការសម្រេចចិត្តប្តឹងទៅតុលាការកំពូលនេះ ពីព្រោះប្តីរបស់អ្នកស្រីជឿថា តុលាការកំពូលអាចរកយុត្តិធម៌ឲ្យគាត់បាន ដោយទម្លាក់ការចោទប្រកាន់ទាំងស្រុង ប្រឆាំងនិងរូបគាត់។

អ្នកស្រីសង្ឃឹមថា លោក ហ៊ុន សែន ក៏ដូចជាតុលាការកម្ពុជា នឹងដោះលែងប្តីរបស់អ្នកស្រីពីពន្ធធនាគារឱ្យមានសេរីភាព ក្នុងពេលឆាប់ៗខាងមុខនេះដើម្បីបានជួបជុំក្រុមគ្រួសារឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស