28.4 C
Phnom Penh

ខុទ្ទកាល័យលោកហ៊ុន សែន មិនទទួលយកញ្ញត្តិសុំអន្តរាគមន៍ដោះលែង លោក រ៉ាត់ រត្នមុនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែធ្នូនេះ បានបដិសេធ មិនទទួលយកញ្ញត្តិរបស់ពលរដ្ឋមួយក្រុមដែលដាក់សុំកិច្ចអន្តរាគមន៍ដោះលែង ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី នោះឡើយ។

ភរិយាលោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គឹមហ៊ាង ឱ្យដឹងថា ខាងខុទ្ទកាល័យលោក ហ៊ុន សែន មិនទទួលយកញ្ញត្តិសុំកិច្ចអន្តរាគមន៍ឱ្យដោះលែងប្តីអ្នកស្រី ដែលធ្វើឡើងដោយប្រជាសហគមន៍នៅរាជធានីភ្នំពេញនោះឡើយ ប៉ុន្តែអ្នកស្រីមិនបានបញ្ជាក់អំពីមូលហេតុនោះទេ។

តែយ៉ាងនេះក្តី អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការកម្ពុជា នឹងដោះលែងប្តីរបស់អ្នកស្រី ឱ្យមានសេរីភាពក្នុងពេលឆាប់ៗ នេះ ត្បិតប្តីរបស់ខ្លួនមិនបានប្រព្រឹត្តអ្វីខុសនោះឡើយ។

អតីតអ្នកបកប្រែឲ្យស្ថានីយ៍ទូរទស្សន៍រុស្សី RT(Russian Today) និងប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានសម្រេចចិត្តប្តឹងទៅតុលាការកំពូលនៅថ្ងៃអង្គារ៍ទី ១៧ ធ្នូនេះ  ដើម្បីទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ប្រឆាំងនិងរូបលោក។

ការប្តឹងជំទាស់នេះ ធ្វើឡើងតាមរយៈមេធាវី ការពារក្តីរបស់លោកក្រោយពេលបណ្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសុំនៅក្រៅឃុំ និងទម្លាក់បទចោទប្រកាន់ទាំងឡាយមកលើខ្លួន ត្រូវបានតុលាការឧទ្ធរណ៍បដិសេធកាលពីវិច្ឆិកាថ្មីៗនេះ។

កាលពីចុងឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ាត់ រត្នមុនី ឲ្យជាប់ពន្ធធគារ រយៈពេល២ឆ្នាំក្រោមបទចោទថា ញុះញង់ឲ្យមានការរើសអើងនិងបង់ប្រាក់ទៅដើមបណ្តឹង៧០លានរៀល បន្ទាប់ពីលោកបានចូលរួមជាអ្នកបកប្រែផលិតវីដេអូឯកសារមួយក្រោម ចំណងជើងថា ម្តាយខ្ញុំ លក់ខ្ញុំ ឱ្យទូរទស្សន៍រុស្ស៊ី RT (Russian Today) ដែលបានលាតត្រដាងពីភាពក្រក្រ និងការជួញដូរផ្លូវភេទនៅកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកវីដេអូឯកសារនោះថាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។ រហូតមកទល់ពេលនេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំឃាំងនៅពន្ធធនាគារព្រៃសរ អស់រយៈពេល១ឆ្នាំមកហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស