37 C
Phnom Penh

លោក ហ៊ុន សែន គ្រោងចេញសារាចរណែនាំឱ្យស្ថាប័នរដ្ឋធ្វើរបាយការណសិទ្ធិមនុស្សឱ្យគ្រប់ជ្រុងជ្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានអះអាងថា លោកនឹងចេញសារាចរណែនាំមួយទៅស្ថាប័នរដ្ឋទាំងអស់ដែលធ្វើការពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស ត្រូវធ្វើរបាយការណ៍សិទ្ធិមនុស្សឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយដើម្បីដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេស                 ស្វីស។

លោកអះអាងថា កន្លងមករដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការច្រើនអំពីការលើកកម្ពស់សិទ្ធិសេរីភាព និងលើកកម្ពស់សិទ្ធិមនុស្ស ប៉ុន្តែរដ្ឋាភិបាលនិយាយបានតិចតួចក្នុងពេលប្រជុំកំពូលនៅអង្គការសហប្រជាជាតិ។ ផ្ទុយពីនេះ លោកថា អ្នកដែលធ្វើសកម្មភាពបានតិចតួច អំពីការលើកកម្ពស់សិទ្ធិមនុស្សនេះ តែងនិយាយបានច្រើន ដែលធ្វើឱ្យគេមើលឃើញថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មានភាពខ្មៅងងឹត។

កន្លងមករបាយការណ៍សិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងរបាយការណ៍ស្តីពីសិទ្ធិមនុស្សដែលចេញដោយក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ តែងមានភាពខុសគ្នាដូចមេឃនឹងដី។

ជាក់ស្តែងរបាយការណ៍សិទ្ធិមនុស្សរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីពេលកន្លងទៅ បានវាយតម្លៃថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានភាពល្អប្រសើរ ហើយកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដោយឡែកការចាប់ ឃុំ ខ្លួន មេដឹកនាំ និងសកម្មជនបក្សប្រឆាំង ការរឹតត្បិតសេរីភាពសារព័ត៌មាន និងសង្គមស៊ីវិលជាដើមនោះ គឺកម្ពុជាថាជាការអនុវត្តច្បាប់ប៉ុណ្ណោះ។

ការវាយតម្លៃនេះ ក្រោយពេលអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជានៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា សិទ្ធិសេរីភាព សិទ្ធិមនុស្ស សិទ្ធិនយោបាយនៅកម្ពុជាគឺមានការរឹតត្បិតកាន់តែខ្លាំង។ ជាក់ស្តែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅតែជាប់ក្នុងបណ្តឹងក្បត់ជាតិនិងជាប់ឃុំក្នុងផ្ទះ បើទោះបីជាសំណុំរឿងនេះ សហគមន៍ជាតិ អន្តរជាតិចាត់ទុកថាជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ ការក្តោបក្តាប់អំណាចផ្តាច់មុខ ដោយគណបក្សប្រជាជនកម្ពុជា តែមួយជាដើម។ 

ចំណែកអង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីដើមខែធ្នូ បានវាយតម្លៃថា ក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ បញ្ហាសិទ្ធិមនុស្ស សិទ្ធិសេរីភា សិទ្ធិនយោបាយ សិទ្ធិដីធ្លី នៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

ការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ការវាយបង្រ្កាបលើការជួបជុំតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋដែលមានជម្លោះដីធ្លី។ ការវាយមន្ត្រីតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ ២០១៥ និងការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្ត រហូតឈានទៅចាប់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ និងរំលាយចោលគណបក្សប្រឆាំងធំជាងគេនេះកាលពីចុងឆ្នាំ២០១៧ មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចូលមកដល់។

ការបំបិទសំឡេងសារព័ត៌មានឯករាជ្យ  ការរឹតត្បិតសិទ្ធិសេរីភាពសង្គមស៊ីវិល សហជីព សិទ្ធិជួបជុំឬ ប្រមូលផ្តុំដោយសន្តិវិធី ពិសេសចាប់តាំងពីចុងឆ្នាំ ២០១៧មក គឺ មានសភាពកាន់តែគួរឱ្យព្រួយបារម្ភ។

ការព្រួយបារម្ភទាំងនេះ បានជំរុញឱ្យសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនមកលើកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធរបស់ពួកគេពីកម្ពុជា ប្រសិនបើកម្ពុជានៅតែមិនព្រមវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារវិញទេនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស