32.5 C
Phnom Penh

អតីតអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសរ អះអាងថា ជួប សម្លាប់ មិនមែនជាឃាតករសម្លាប់ បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសរ រាជធានីភ្នំពេញ ដោយសារការព្យាយាមរៀបចំខួប៣ ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី គឺ លោក សួង នាគព័ន្ធ អះអាងថា ជួបសម្លាប់ពុំមែនជាឃាតករពិតក្នុងការសម្លាប់លោក កែម ឡី ឡើយ។

ការអះអាងនេះ ក្រោយពេលលោក សួង នាគព័ន្ធ បានផ្តល់បទសម្ភាសន៍ជាមួយThe Cambodia Daily  កាលពីចុងសប្តាហ៍មុន។

លោក សួង នាគព័ន្ធ អះអាងថាអំឡុងពេលជាប់ពន្ធនាគារព្រៃសរ លោកបានជួបជាមួយ លោកអឿត អាង ឬ  ជួប សម្លាប់ ដោយលោក ជួប សម្លាប់បញ្ជាក់ថា លោកមិនមែនជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ឡើយ។ លោក ជួប សម្លាប់ ត្រូវបានគេជួលមកសម្តែងក្នុងពេលសម្លាប់លោក កែម ឡី ដោយត្រូវរង់ចាំក្នុងរថយន្តម៉ាក់ ព្រុស(Prius)  ហើយរត់ចេញពីឡានបន្លំថាខ្លួនជាអ្នកសម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់ប្រាក់លោក ៣ ពាន់ដុល្លារ មិនព្រមសង។

ការរៀបចំឈុតឆាកសម្តែង និងនិយាយ ត្រូវបានគេរៀបចំទុកទាំងស្រុង ជាថ្នូរនឹងការសន្យាថាផ្តល់ប្រាក់១០ម៉ឺនដុល្លារ ឡានមួយគ្រឿង និងកសាងផ្ទះ ជូនគ្រួសារលោក ប៉ុន្តែអ្វីៗទាំងនោះ សុទ្ធសឹងតែជារឿងបោកប្រាស់ ព្រោះអ្នកជួលលោកសម្តែងនោះមិនបានធ្វើតាមការសន្យាឡើយ។

យុវជនកែម ឡី និយមរូបនេះ ឱ្យដឹងទៀតថា ជួប សម្លាប់ ប្រាប់លោកពេលនោះថា អ្នកសម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដ គឺជាមនុស្សស្និតនឹងកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត។

លោកថា មនុស្សស្និតលោក ហ៊ុន ម៉ាណែត រូបនោះ ជាមនុស្សចូលចិត្តសម្ងែងកាំភ្លើង សម្ងែងវត្ថុស័ក្កស័ទ្ធិ ហើយក្នុងព្រឹត្តិការណ៍បាញ់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ ត្រូវបានរត់មកដោះដូរនឹងលោក ជួប សម្លាប់ ក្នុងរថយន្តម៉ាក Prius ហើយលោកត្រូវរត់ចេញធ្វើជាប៉ូលិសចាប់ និងសារភាពថាខ្លួនជាអ្នកបាញ់ និងព្រមជាប់ពន្ធនាគារតាមការកាត់ទោសរបស់តុលាការ។

លោកថា លោក ជួប សម្លាប់ ក៏បង្ហាញការសោកស្តាយចំពោះរឿងរ៉ាវពាក់ព័ន្ធលោកបណ្ឌិតកែម ឡី ប៉ុន្តែលោកត្រូវបានគេគំរាមធ្វើបាបក្រុមគ្រួសារប្រសិនបើហ៊ានបើកកកាយរឿងអាស្រូវ ដ៏អាថ៌កំបាំងមួយនេះ។

លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានបកស្រាយរឿងរសើបមួយ ពាក់ព័ន្ធការចេញរបាយការណ៍របស់អង្គការឃ្លាំមើល GLOBAL WITNESS  អំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដែលបានគ្រប់គ្រង់ជំនួញស្ទើរតែគ្រប់អាជីវកម្មធំៗនៅស្រុកខ្មែរ ក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។

ក្រោយការបាញ់សម្លាប់លោក កែម ឡី  ភ្លាមៗ សមត្ថកិច្ច ចាប់បានឃាតករម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅជួប សម្លាប់ ហើយតុលាការក៏បានកាត់ទោសឃាតកររូបនេះ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមនុស្សឃាតដោយចេតនា។

ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា និង ភរិយារបស់លោក ដែលភៀសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលី ធ្លាប់អះអាងថា ពួកគាត់មិនជឿលើឃាតករឈ្មោះជួប សម្លាប់នោះឡើយ ហើយរឿងរ៉ាវជំពាក់ប្រាក់មិនសងឈានទៅសម្លាប់ លោក កែម ឡី គឺ ជារឿងប្រឌិតទាំងស្រុង។

ពួកគេថា ជួប សម្លាប់គឺ ជាឃាតករក្លែងក្លាយ ហើយយុត្តិធម៌ដែលតុលាការផ្តល់ជូនគ្រួសារពួកគាត់ក៏ជាយុត្តិធម៌ក្លែងក្លាយផងដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មាន កាលពីខែកក្កដា ក្នុងខួបគម្រប់៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ថាសំណុំរឿងនេះ ត្រូវបានបែងចែកជាពីរ គឺមួយពាក់ព័ន្ធនឹង ឃាតករជួប សម្លាប់ ដែលត្រូវបានបិទបញ្ចប់ក្រោយជននេះត្រូវបានកាត់ទោសរួច និងសំណុំរឿងមួយទៀតតុលាការកំពុងបន្តនីតិវិធីពាក់ព័ន្ធនឹងអ្នកនៅពីក្រោយខ្នងករណីឃាតកម្មដ៏កក្រើកប្រទេសកម្ពុជាមួយនេះ។

ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានអះអាងជាច្រើនដងក្រោយពេលខ្លួនបានទៅរស់នៅប្រទេសអូស្ត្រាលី ថាគ្រួសារអ្នកស្រីគ្មានសង្ឃឹមទទួលបានយុតិ្តធម៌ពិតឡើយ ប្រសិនបើកម្ពុជានៅតែដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជានោះ។ 

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី ធ្លាប់ចោទត្រង់ៗ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិតកែម ឡី ព្រោះខ្លាចបណ្ឌិតដែលហ៊ានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលឥតសម្ចៃមាត់រូបនេះ ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ និងខ្លាចចំពោះការបើកកកាយចំៗ អំពីរឿងអាស្រូវរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែន។

ក្រោយការសម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ លោកហ៊ុន សែន ធ្លាប់បានបង្ហាញការសោកស្តាយចំពោះអំពើឃាតកម្មដែលកើតឡើងកណ្តាលក្រុងភ្នំពេញលើអ្នកវិភាគរូបនេះ ហើយលោកបានចោទជាសំណួរថា អ្នកដែលសម្លាប់ លោកកែម ឡី គឺ ក្រុមដែលទទួលបានប្រយោជន៍អំពីការស្លាប់នេះ។

លោកបណ្ឌិត កែម ឡី កាលនៅមានជីវិតបានរិះគន់ និងផ្តល់អនុសាសន៍ល្អសម្រាប់សង្គមជាតិ ពិសេសសម្រាប់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ លោកតែងអប់រំយុវជនឱ្យស្វែងរកចំណេះដឹងដាក់ខ្លួន ក្លាហានហ៊ាននិយាយការពិត ជាជាងការនិយាយការពារ ប្រកបដោយក្រមសីលធម៌ និងបែបវិទ្យាសាស្ត្រខ្ពស់។

រឿងរ៉ាវជាច្រើនដែលពលរដ្ឋ ពិសេសក្នុងចង្កោមបណ្ឌិតបញ្ញវន្តខ្មែរមិនហ៊ាននិយាយជាសាធារណៈ ចំពោះលោក កែម ឡី វិញតែងនិយាយស្រាយបំភ្លឺដោយពាក្យពេជន៍សាមញ្ញ ងាយស្តាប់ និងងាយយល់។ បញ្ហាដែលលោកតែងនិយាយ ដូចជាបញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាអំពើពុករលួយ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ។ បញ្ហាចំណាកស្រុក បញ្ហាការអភិវឌ្ឍគ្មានតម្លាភាព បក្ខពួកនិយមក្នុងជួរមេដឹកនាំប្រទេស ក្នុងជួរបក្សនយោបាយ ក្នុងជួរអង្គការសង្គមស៊ីវិល។

បន្ថែមពីនេះ ការលើកឡើងអំពីបញ្ហាក្នុងប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល អភិបាលកិច្ច និងផ្តល់យុទ្ធសាស្ត្រល្អៗ ដើម្បីនាំនាវាកម្ពុជាទៅកាន់ភាពរុងរឿងជាដើម។

យ៉ាងណាក៏ដោយចុះ សុភាសិតខ្មែរពោលថា ពាក្យពិត រែងស្លែង  ពោលគឺការលើកឡើងរបស់លោកបណ្ឌិត បើទោះបីជាមានបំណងជួយរួមចំណែកដល់ជាតិក្តី ប៉ុន្តែសម្រាប់ក្រុមដែលប៉ះពាល់ប្រយោជន៍ខ្លួនក៏តែងរិះគន់ ជេរប្រមាថ គំរាមកំហែង និងលាបព័ណ៌ឱ្យលោកថាជាក្រុមនេះឬ ក្រុមនោះផងដែរ។

លោកកែម ឡី កាលនៅមានជីវិត ធ្លាប់ដឹងរួចទៅហើយថា ជីវិតលោកនឹងអស់នៅថ្ងៃណាមួយ ដោយការនិយាយពាក្យពិតរបស់ខ្លួន។ លោកធ្លាប់ប្រាប់ក្រុមយុវជននិងអ្នកសារព័ត៌មានថា ជាអ្នកវិភាគដែលហ៊ាននិយាយការពិត ត្រូវត្រៀមវីសារចំនួន៣ ប្រភេទ រួមមានវីសារទៅក្រៅប្រទេស វីសារទៅគុកព្រៃសរ និងចុងក្រោយវីសារទៅវត្តព្រះពុទ្ធ។

សម្រាប់លោកកែម ឡី បានឆ្លងផុតវីសារទាំងពីរដំបូង ប៉ុន្តែលោកត្រូវជាប់វីសារទៅវត្តចាស់ នៅខាងកើតស្ពានជ្រោយចង្វារ ដែលជាទីតម្កល់សពរបស់លោក ក្រោយពេលឃាតករបាញ់សម្លាប់។

លោកកែម ឡី ដឹងជាស្រេចថាខ្លួននឹងត្រូវបានគេសម្លាប់ ប៉ុន្តែលោកមិនព្រមចាកចេញពីកម្ពុជាឡើយ ក្រោមហេតុផលថាកម្ពុជាជាមាតុភូមិកំណើត ដូច្នេះលោកមិនចាកចេញពីប្រទេសមួយនេះទេ ម្យ៉ាងលោកថាប្រសិនបើមានការគំរាមកំហែងហើយអ្នកជំនាន់មុនចេះតែរត់ចេញពីប្រទេស មនុស្សជំនាន់មុន នឹងមិនអាចផ្តល់ភាពជាគំរូល្អដល់ក្មេងជំនាន់ក្រោយបានឡើយ។

ទោះបីជាលោក កែម ឡី បានស្លាប់ទៅជាង៣ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និងរដ្ឋាភិបាលលោកហ៊ុន សែន បន្តខ្លាចស្រមោលរបស់លោកដដែល។

ជាក់ស្តែងក្នុងពិធីបុណ្យខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កាលពីខែកក្កដា ឆ្នាំ២០១៩នេះ បានរារាំងក្រុមអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋមិនឱ្យរៀបចំនៅទីតាំងបាញ់សម្លាប់លោក នៅស្តាម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្តុបបូកគោឡើយ។

ព្រឹត្តិការណ៍បុណ្យខួប៣ឆ្នាំនោះ សមត្ថកិច្ចក៏បានចាប់ខ្លួនយុវជនជាច្រើននាក់ ប៉ុន្តែក្រោយមកដោះលែងវិញ ដោយទុកតែពីរនាក់ប៉ុណ្ណោះ រួមមានយុវជន សួង នាគព័ន្ធ និង គង់ រ៉ៃយ៉ា ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តិបទល្មើស ដោយពួកគេគ្រាន់តែផ្សព្វផ្សាយលក់អាវយឺតមានទស្សនៈលោកបណ្ឌិត កែម ឡី និងព្យាយាមគោរពវិញ្ញាណខន្ធលោក ក្នុងបរិវេណស្មាម៉ាតស្តុបបូកគោប៉ុណ្ណោះ។

លើសពីនេះ សម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋានឬ GDP ពេលនោះ ក៏ត្រូវបានសមត្ថកិច្ចរារាំងដំណើរហែលយកកម្រងផ្កាពីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅខេត្តកាកែវ។ នៅស្រុកកំណើតលោកបណ្ឌិតកែម ឡី វិញ ក្នុងពេលធ្វើបុណ្យខួប៣ឆ្នាំ សមត្ថកិច្ចក៏បានចូលទៅប្រាប់ម្ចាស់ដើមបុណ្យមិនឱ្យចាក់បទចម្រៀងឬ សំឡេងទាំងឡាយណា ដែលពាក់ព័ន្ធនឹងលោក កែម ឡី ទៀតផង។

យ៉ាងណាក៏ដោយចុះ លោក សួង នាគព័ន្ធ និង គង់ រ៉ៃយ៉ា ត្រូវបានតុលាការលោក ហ៊ុន សែន ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននៅចុងឆ្នាំ២០១៩នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស