42.2 C
Phnom Penh

អាមេរិកនិងអ៊ីរ៉ង់ បញ្ជូនលិខិតបំភ្លឺទៅអង្គការសហប្រជាជាតិ អំពីការបាញ់សងសឹកដាក់គ្នា ខណៈក្រុងវ៉ាស៊ីនប្រាប់តេអេរ៉ង់អោយមកចរចានឹងខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានត្រៀមរួចហើយ ដើម្បីចរចាជាមួយអ៊ីរ៉ង់ ដោយគ្មានលក្ខខ័ណ្ឌ បន្ទាប់ពី សេតវិមាន បានបញ្ជូនលិខិតទៅអង្គការសហប្រជាជាតិដើម្បីបំភ្លឺ អំពីការបាញ់សម្លាប់ មេបញ្ជាបការនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qasem Soleimani ដែលនាំអោយអ៊ីរ៉ង់បាញ់កាំជ្រួច ចំនួន ១៦គ្រាប់លើមូលដ្ឋានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ដែលជាការសងសឹក។ នៅក្នុងលិខិតបញ្ជូនទៅអង្គការសហប្រជាជាតិ  សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស បាន ពន្យល់អំពីការសម្លាប់ លោក Soleimani ។ 

តាមបណ្ដាញផ្សាយព័ត៌មាន BBC ការដែលអាមេរិក ចង់អោយអ៊ីរ៉ង់មកចរចាជាមួយ គឺបន្ទាប់ពីអ៊ីរ៉ង់បាន បញ្ជូនលិខិតទៅ អង្គការសហប្រជាជាតិ ដោយធ្វើការពន្យល់អំពី ការវាយសងសឹក ទៅលើ មូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់គឺ ជា ការចាត់វិធានការដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រឹលឹមថ្ងៃពុធទី៨មករា  អ៊ីរ៉ង់បាន បាញ់កាំជ្រួចលើមូលដ្ឋានកង ទ័ព អាមេរិក ដែលមាននៅលើទឹកដីអ៊ីរ៉ាក់ ចំនួន ២កន្លែង ដោយប្រើប្រាស់កាំជ្រួច ១៦ដើម ។ នេះបើតាម ប្រភពព័ត៌មាន Reuters ។តែ បើតាម ព័ត៌មាន របស់អ៊ីរ៉ង គឺកាំជ្រួចចំនួន២២ដើមត្រូវបានបាញ់នៅពេលជាមួយគ្នានោះ។ 

លិខិតរបស់អាមេរិក បំភ្លឺទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលលោកឯកអគ្គរដ្ឋទូតអាមេរិក Kelly Craft ប្រចាំនៅអង្គការនេះ បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមរួចហើយដើម្បីចរចា ជាមួយអ៊ីរ៉ង់ ដែលលោកថាគឺដើម្បី កាត់បន្ថយការ ភាពតានតឹងជាមួយរបបអ៊ីរ៉ង់និងបញ្ចៀស សង្រ្គាម សំដៅ ពង្រឹងសន្តិភាពតំបន់និងពិភពលោក។ លោក Kelly Craftបន្តថា ការសម្លាប់ ឧត្តមសេនីយ៍ Soleimani គឺត្រឹមត្រូវ ដែលស្របតាមមាត្រា ៥១នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ដែលបើកផ្លូវអោយ ប្រទេសណាមួយ ដែលរងគ្រោះ មានសិទ្ធិវាយប្រហារក្នុងកំរិតការពារខ្លួន។ តែលោកថា អាមេរិក នឹងចាត់វិធានការ ថែមទៀត បើចាំបាច់ ដើម្បីការពារ ពលរដ្ឋនិងអត្ថប្រយោជន៍របស់អាមេរិក នៅមជ្ឈឹមបូព៌ា។

ចំណែកឯងអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi បាននិយាយថា គេមិនត្រូវជឿអាមេរិកនោះទេ ព្រោះ អាមេរិកនៅតែដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលនេះលោកថាមិនអាចទទួលយកបានឡើយ។ នៅក្នុងលិខិតផ្ញើទៅ អង្គការសហប្រជាជាតិ តាមរយៈលោក Ravanchi គឺលិខិតរបស់ រដ្ឋាភិបាលអ៊ីរ៉ង់ ក៏បាននិយាយយោងមាត្រា ៥១នៃធម្មនុញ្ញអង្គការសហប្រជាជាតិមកធ្វើជាសំអាងនៃការការពារខ្លួនករណីបាញ់ប្រហារមូលដ្ឋានកងទ័ពអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់។ 

លោក Ravanchi មានប្រសាសន៍ទៀតថាក្រុងតេអេរ៉ង់ មិនប្រាថ្នាអោយ មានកំដៅសង្រ្គាម ទៀតទេ បន្ទាប់ពីអ៊ីរ៉ង់ប្រើសិទ្ធការពារខ្លួនហើយនោះ។

លោក Ravanchi បានបញ្ជាក់ទៀតថា“ ប្រតិបត្តិការនេះគឺមានគោលដៅច្បាស់លាស់និងជាគោលដៅយោធា។ដូច្នេះមិនមានការខូចខាតទ្រព្យសម្បត្តិរបស់ជនស៊ីវិលនៅក្នុងតំបន់នោះទេ” ។

ជាមួយគ្នានេះ លោកថា អ៊ីរ៉ង់ក៏បានប្រាប់អ៊ីរ៉ាក់អំពី ការវាយឆ្មក់ភ្លាមៗលើកងទ័ពអាមេរិកផងដែរ។

ចំណែកលោករដ្ឋមន្ត្រីការបរទេស Mohammad Javad Zarif បាននិយាយប្រាប់សម្ព័ន្ធមិត្តអ៊ីរ៉ាក់ថាទីក្រុងតេអេរ៉ង់ធ្វើនេះដើម្បីបញ្ចប់ការសងសឹកដោយសមាមាត្ររបស់ខ្លួន។

ទោះជាយ៉ាងណា មេដឹកនាំផ្ដាច់ការ ជាងគេ នៅអ៊ីរ៉ង់ គឺលោក អាយ៉ាតុឡាខេមេនី ដែលផ្ដល់អំណាចអោយ ឧត្តមសេនីយ៍ Soleimani ជាមនុស្សទី២ បន្ទាប់ពីរូបលោក បានព្រមានថា អ៊ីរ៉ង់នឹងធ្វើទុក្ខបុកម្នេញអាមេរិក គឺរហូតប្រទេសមហាអំណាចមួយនេះ ដកទ័ពចេញពីឈូងសមុទ្រពែក្យនិងនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។

តែយ៉ាងណា អនុប្រធានាធិបតីអាមេរិក Mike Pence បានប្រាប់ បណ្ដាញទូរទស្សន៍ CBS News ថា ទោះជា អ៊ីរ៉ង់អះអាងថា ខ្លួនមិនមានបំណងបាញ់អោយស្លាប់មនុស្ស ជាពិសេស កងទ័ពអាមេរិក គឺជារឿង មិនពិត ឡើយ។តែលោកអះអាថាគឺដោយសារប្រព៍ន្ធចារកម្ម របស់អាមេរិកបានប្រាប់ជាមុន ហើយ មានប្រព័ន្ធការពារ សុវត្ថិភាពកងទ័ពអាមេរិកទៀតផង។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper បានប្រាប់ប្រភពព័ត៌មានរបស់ BBCថា  យ៉ាងតិច កាំជ្រួច ចំនួន១៦គ្រាប់ត្រូវអ៊ីរ៉ង់បាញ់ចូលទីតាំ៣កន្លែងក្នុងទឹកដីអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃពុធទី៨មករា គឺ២ទីតាំងសំដៅលើមូលដ្ឋានទ័ពអាមេរិកហើយមួយគ្រាប់ទៀតទៅលើមូលដ្ឋាន Irbil ។ លោកបញ្ជាក់ថា កាំជ្រួចទាំងអស់នោះ សិទ្ធតែបាញ់ដើម្បីកំទេច យន្តហោះ និងសម្លាប់បុគ្គលិកយោធាអាមេរិក។តែលោកថាដោយសារ មានប្រព័ន្ធប្រកាសអាសន្នដឹងជាមុន និងប្រព័ន្ធការពារ ទើបកងទ័ពអាមេរិកជៀសផុតពីសេចក្ដីស្លាប់ ។ ចំណែកឯរដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងប្រាប់អង្គការសហប្រជាតិថា អ៊ីរ៉ង់មិនសម្លាប់មនុស្សទោះជាជាតិសាសន៍ណាក៏ដោយ ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស