32.5 C
Phnom Penh

ក្រុងហុងកុងនឹងបិទទេសចរចិនចូលដែនដីនេះ ខណៈហ្វីលីពីនបិទទិដ្ឋាការពលរដ្ឋចិន ករណីវិរុសកូរូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ ស្ថានភាពនៃការផ្ទុះមេរោគ កូរូណា នៅប្រទេសចិន កាន់តែរីករាលដាលនិងធ្ងន់ធ្ងរ ដោយសម្លាប់មនុស្សចំនួន ១០៦នាក់គិតត្រឹមថ្ងៃអង្គារទី២៨ ខែមករានេះ ដែលចំនួននេះកើនឡើង ពី៨០នាក់ កាលពីថ្ងៃច័ន្ទ ទី២៧មករា ។ សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNN ឲ្យដឹងថា មេរោគនេះ បានឆ្លងមកមនុស្សរស់នៅប្រទេសចិន ជាពិសេស នៅក្រុងវូហាន ដែលជាប្រភពនៃការផ្ទុះមេរោគនេះ ដែលមានចំនួន ៤ពាន់ ៥៨២ករណី ។

ក្នុងស្ថានភាពនេះ រដ្ឋាបាលស្វ័យយ័ត្ននៃដែនដីក្រុងហុងកុងចំណុះឲ្យចិន បានប្រកាស ពីការត្រៀម មិនអោយអ្នកទេសចរ ឬពលរដ្ឋចិន ចូលមកកាន់ដែនដីហុងកុងជាដាច់ខាត ហើយនឹងបិទច្រកព្រំដែន ជាមួយចិនបណ្ដោះអាសន្នថែមទៀត ។

អ្នកស្រី ខារីឡាំអភិបាល ក្រុងហុងកុង បាននិយាយថា រដ្ឋបាលក្រុង នឹងបិទច្រកព្រំដែន ជាមួយចិនជាបណ្ដោះអាសន្ន និងហាមការទទួលយកភ្ញៀវទេសចរណ៍ចិនចូលមកកាន់ដែនដីនេះ។ អ្នកស្រីបន្តនេះ គឺជាវិធានការមួយដើម្បីទប់ស្កាត់ ការឆ្លងវិរុសកូរូណាដែលកំពុងមានភាពធ្ងន់ធ្ងរនៅខេត្ត Hubei ក្នុងទីក្រុងវូហាន។

លោកស្រីខារីឡាំបាន ប្រកាសដូចនេះ បន្ទាប់ពីសភា របស់ទីក្រុងហុងកុងបានអនុម័តអោយមានការបិទ ការទទួលយកភ្ញៀវទេសចរចិន និងការរឹតបន្តឹងតាមព្រំដែន ជាប់ជាមួយចិន។

គេនៅចាំបានថា ក្រុងហុងកុងធ្លាប់ផ្ទុះជំងឺសា នៅឆ្នាំ២០០២និង២០០៣ ដោយឆ្លងទៅមនុស្សចំនួន ១ពាន់ ៧៥០នាក់ និងជាង២៨០ផ្សេងទៀតបានស្លាប់។ ពេលនោះទីក្រុងប៉េកាំងក៏បានហាមពលរដ្ឋហុងកុង ចូលប្រទេសចិន និងបានរឹតបន្តឹងច្រកព្រំដែនផងដែរ។

សម្រាប់ទីក្រុងហុងកុង ដែលមានពលរដ្ឋជាង ៧លាន ៣សែននាក់ ត្រូវបានរាយការណ៍មកថា បានឆ្លងវិរុស កូរ៉ូណា ចំនួន ៨នាក់។ ទីក្រុងហុងកុងជាដែនដី ចំណុះរដ្ឋាភិបាលរបស់ចិន បានធ្លាក់ក្នុងវិបត្តិជាង                 ៨ខែមកហើយ ដោយសារពលរដ្ឋបានតវ៉ាប្រឆាំងនឹងរដ្ឋអំណាចចិន ដែលគាបសង្កត់ មកលើប្រព័ន្ធយុត្តិធម៌របស់ដែនដីកោះនេះ ។

មិនថាតែទីក្រុងហុងកុងប៉ុណ្ណោះទេ ដែលហាមពលរដ្ឋចិនចូលទឹកដីរបស់ខ្លួន សូម្បីប្រទេសហ្វីលីពីននៅក្នុងតំបន់អាស៊ីអាគ្នេយ៌ ជាមួយនឹងកម្ពុជា ក៏បានសម្រេចបិទទិដ្ឋាការពលរដ្ឋចិន មិនអោយ ចូលប្រទេសហ្វីលីពីន ចាប់ពីថ្ងៃនេះតទៅ រហូតមានការប្រកាសអំពីភាពធូស្រាលនៃជំងឺកូរុណាថ្មីនេះឡើងវិញ។ នេះបើសេចក្ដីជូនដំណឹងរបស់ក្រសួងអន្តោប្រវេស្ត ហ្វីលីពីន ដែលបានចេញ ជាសាធារណៈ ក្រោយពីមានការសំរេចដោយលោកប្រធានាធិបតី ឌូទើតេ ។

ប្រទេសហ្វីលីពីនមកដល់ពេលនេះពុំទាន់មានការឆ្លង វិរុសកូរូណាថ្មីនេះទេ ហើយប្រទេសនេះ ក៏ជាប់បំណុលចិនរាប់ពាន់លានដុល្លារដែរ។ ប្រធានាធិបតីឌូទើតេ ធ្លាប់ប្រកាសថា លោក ជាកូនបំណុលចិន តែមិនមែនជា អ្នកបំរើចិនទេ។

ខណៈនេះ  វិរុស កូរូណា មកពីប្រទេសចិន បានកំពុងឆ្លងចូលប្រទេស នៅទូទាំងពិភពលោកចំនួន ១៧ប្រទេស  ជាពិសេស ក្នុងតំបន់អាស៊ី លើកលែងប្រទេសឥណ្ឌា ដែលមានពលរដ្ឋ ជាង១ពាន់ ៣រយលាននាក់ តិចជាងចិនបន្តិច នៅពុំទាន់ឃើញវិរុសនេះ ឆ្លងចូលប្រទេសនេះបាននៅឡើយដែរ។ 

ប្រទេសឥណ្ឌា នៅអាស៊ីខាងត្បូង ជាប្រទេស ទទួលកំដៅ ព្រះអាទិត្យខ្លាំងជាងគេ។ ដោយឡែកនៅអាហ្រ្វិក ជាង៣០ប្រទេស ក៏ពុំទាន់ឃើញការឆ្លងវិរុសនេះដែរ។ អាហ្រិ្វកជាប្រទេសក្ដៅខ្លាំងគេលើលោក។ តែទាំងឥណ្ឌា និងអាហ្រ្វិកពុំមែនជាគោលដៅសំខាន់នៃទេសចរណ៍របស់ជនជាតិចិននោះឡើយ។

ចំណែកឯជប៉ុនវិញ បុរសម្នាក់ជាជនទី៦ បានឆ្លងវិរុសនេះ ដោយសារគាត់ជាអ្នកបើករថយន្តដឹងភ្ញៀវទេសចរចិន។

ក្នុងស្ថានភាពនេះ  ចិនប្រើថ្នាំប្រយុទ្ធនឹងជំងឺអេដស៍មក ទប់ស្កាត់វីរុសCorona។

សារព័ត៌មានអាមេរិកBloombergបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែមករា ថារដ្ឋាភិបាលចិនបានសម្រេចប្រើថ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដើម្បីព្យាបាលអ្នកជំងឺឆ្លងវីរុស Corona2019។

តាមប្រភពនេះ គណៈកម្មការសុខាភិបាលចិនថ្នាក់ជាតិបានប្រើប្រាស់ប្រភេទថ្នាំប្រឆាំងមេរោគអេដស៍ ក្នុងការព្យាបាលបន្ទាន់ទប់ស្កាត់វីរុសកូរូណាថ្មីនេះ។ គណៈកម្មការនេះបានបញ្ជាក់ទៀតថា ការប្រើនេះបូកនឹងថ្នាំពីរប្រភេទទៀតគឹថ្នាំLopinavir និង ritonavir។

គណៈកម្មាការនេះបានបញ្ជាក់ទៀតថា ការប្រើប្រាស់ថ្នាំប្រភេទនេះមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ។ តែយ៉ាងណាបានចេញបញ្ជាទៅអ្នកជំងឺត្រូវទទួលថ្នាំលេបទាំងពីរប្រេភេទនេះក្នុងមួយថ្ងៃពីរដង  និងជំនួយបច្ចេកទេសស្ពង់មួយថ្ងៃពីរដង។

ទស្សនាវដ្ដីរបស់ប្រទេសចិនដែលមានឈ្មោះថាmedical journal lancent បានចុះផ្សាយថាចិនកំពុងតែព្យាបាលដោយថ្នាំទាំងនេះហើយសម្រាប់មជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺឆ្លងកំពុងតែចាប់ផ្ដើមធ្វើការវិភាគទៅលើវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។

អ្នកជំនាញខាងផ្នែកសុខាភិបាលផ្នែកផ្លូវដង្ហើមម្នាក់នៅសកលប៉េកាំងលោក wang guang fa បានប្រាប់សារព័ត៌មាន China news week ថាវេជ្ជបណ្ឌិតរបស់លោកបានប្រាប់ថាលោកគេអាចប្រើថ្នាំព្យាបាលជំងឺអេដស៍បាន ព្រោះថ្នាំនោះពិតជាបានធ្វើឱ្យ មានការធូរស្បើយដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស