42.2 C
Phnom Penh

ក្រសួងសុខាភិបាលអះអាងថា បុរសចិនម្នាក់ដែលមេរោគកូរ៉ូណា មានភាពប្រសើរ ប៉ុន្តែស្ថិតក្រោមការតាមដាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា បុរសជនជាតិមួយរូប ដែលរកឃើញថាមានជំងឺមេរោគកូរ៉ូណា បន្តមានសុខភាពល្អ ដោយគ្មានរោគសញ្ញាណាមួយគួរឱ្យបារម្ភឡើយ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានធ្វើបច្ចុប្បន្នភាពនៅល្ងាចថ្ងៃពុធនេះថា រហូតដល់ម៉ោង ៦:៣០ ល្ងាចនេះ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅខេត្តព្រះសីហនុគឺ អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមទេ ។

កាលពីថ្ងៃទី២៧ខែមករា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសថា បុរសជនជាតិចិន ក្នុងចំណោមសមាជិកគ្រួសាររបស់គេ៣ នាក់ទៀត  ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាតាមជើងហោះហើរត្រង់ពីទីក្រុងវូហានមកកាន់ខេត្តព្រះសីហនុ គឺមានជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយមេរោគកូរ៉ូណា។

ពួកគេទាំង៤នាក់ បានមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមករា ប៉ុន្តែនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទើបចេញរោគសញ្ញាឆ្លងវីរុសកូរ៉ូណា ហើយលទ្ធផលបញ្ជាក់ច្បាស់ក្រោយពេលយកសំណាកទៅពិនិត្យ និងបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ២៧មករា។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដដែលអះអាងថា រហូតមកដល់ពេលនេះក្រសួងក៏រកឃើញអ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ សរុបទាំងអស់ប្រមាណ ១០០នាក់ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ ។

យ៉ាងនេះក្តី មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ហើយគ្រូពេទ្យថែទាំអ្នកជំងឺក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។

រហូតមកដល់ល្ងាចថ្ងៃទី ២៩ មករា ក្រសួងសុខាភិបាលអះអាងថា ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីនេះ កើតឡើងបន្ថែមទៀតនោះទេ។

ដោយឡែកខាងគណៈគ្រប់គ្រងមន្ទីរពេទ្យខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី នៅថ្ងៃនេះបានចេញមុខបដិសេធ ថាមន្ទីរពេទ្យនេះមិនទាន់មានករណីផ្ទុះជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស កូរ៉ូណាឡើយ ហើយព័ត៌មានដែលលើកឡើងគឺជាព័ត៌មានបំភ្លៃការពិតទាំងស្រុង។

ចំណែកអាជ្ញាធរនៅខេត្តកោះកុងវិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយច្រានចោលការលើកឡើងថានៅខេត្តនេះមានបុរសចិនពីរនាក់បានកើតជំងឺនេះ ដោយថាបុរសជនជាតិចិនទាំងពីរនោះមិនបានកើតជំងឺកូរ៉ូណាឡើយ ហើយពួកគេក៏បានចាកចេញពីកម្ពុជាហើយដែរ។

ស្របពេលជំងឺនេះ មានវត្តមាននៅកម្ពុជា ព័ត៌មានគ្មានប្រភពមួយចំនួនក៏បានកើតឡើងជាបន្តបន្ទាប់ ដែលនាំឱ្យពលរដ្ឋពិបាក និងកាន់តែបារម្ភ។

ជាមួយគ្នានេះ តម្លៃម៉ាស់នៅកម្ពុជាក៏ហក់ឡើងខ្ពស់ ទោះបីជាអ្នកនាំពាក្យរដ្ឋាភិបលលោក ផៃ ស៊ីផាន អះអាងថានឹងចាត់វិធានការអ្នកលក់ម៉ាស់ថ្លៃខ្ពស់ក៏ដោយ។

ក្រុមប្រឹក្សាគណៈឱសថការីជាតិ នៅកម្ពុជាក៏បានចេញលិខិតមួយ ដោយអំពាវនាវដល់ ម្ចាស់ឱសថស្ថាន និងក្រុមហ៊ុនទាំងអស់ កុំឱ្យដំឡើងថ្លៃម៉ាសខ្ពស់ហួសហេតុ ព្រោះការតម្លើងថ្លៃម៉ាស់ គឺធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។

រហូតមកទល់ពេលនេះ កម្ពុជាបានបិទជើងហោះហើរត្រង់ពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) នោះទៀតហើយ ប៉ុន្តែជើងហោះហើរពីកម្ពុជាទៅបណ្តាខេត្តដទៃទៀតនៅក្នុងប្រទេសចិនគឺនៅបន្តសកម្មភាពជាធម្មតា។

កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃច័ន្ទ បានដកស្រង់សម្តីលោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ចុះផ្សាយថា ការហោះហើរទៅទីក្រុងវូហានក្នុងពេលនេះគឺមិនមានទៀតនោះទេ ព្រោះតែក្រុមហ៊ុនហោះហើរទាំងនោះបានឈប់ បន្ទាប់ពីរដ្ឋាភិបាលប្រទេសចិនបានប្រកាសផ្អាកហោះហើរទៅក្រៅប្រទេស ជាពិសេសគឺពីទីក្រុងវូហានតែម្តង។

ជំងឺរលាកសួតដែលបណ្ដាលមកពីវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងកាលពីចុងឆ្នាំមុន នៅទីក្រុងវូហាន ក្នុងខេត្តហ៊ឺប៉ី ប្រទេសចិន ហើយមកទល់ពេលនេះ មានបណ្តាប្រទេសចំនួន១៩ នៅលើពិភពលោក បានរកឃើញមនុស្សដែលកើតជំងឺនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន១៣២នាក់ ក្នុងនោះនៅក្នុងប្រទេសចិនទាំងអស់។ ដោយឡើងជំងឺនេះបានឆ្លងដល់មនុស្សជិត៦ ពាន់ករណី និង មនុស្សជិត៧ពាន់នាក់ទៀត ស្ថិតក្នុងការសង្ស័យ ដោយភាគច្រើនជាពលរដ្ឋនៅក្នុងប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស