38.8 C
Phnom Penh

តើមេបក្សប្រឆាំងនៅវេណេហ្សូអេឡាចូលប្រទេសវិញ ដោយវិធីណា ? តើ លោកម៉ាឌូរ៉ូហ៊ានចាប់ខ្លួន ដែរទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ លោក វ័ន្តកៃដូ មេបក្សប្រឆាំងដ៏សកម្ម និងលិចធ្លោនៃប្រទេសវេណហ្សូអេឡា កំពុងស្ថិតនៅ ក្រៅប្រទេសនៅឡើយទេ។

លោកបានចាកចេញពីប្រទេស កាលពី២ សប្ដាហ៍មុននេះ ដែលជាការបំពាន លើបំរាមរបស់តុលាការកំពូល បានហាមឃាត់អ្នកនយោបាយ វ័យក្មេងនេះ ចាកចេញពីប្រទេស។

ក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប នៅអាមេរិក និងនៅប្រទេសកូឡំប៊ី លោកវ័ន្តកៃដូ បានជួបមេដឹកនាំបរទេសជាច្រើនរូប ក្នុងនោះមានទាំងប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងប្រធានគោលនយោបាយការបរទេសនៃសហផាពអឺរ៉ុប។

អ្នកនយោបាយ ដែលមាន ប្រទេសប្រជាធិបតេយ្យជឿនលឿន ជិត៦០ ប្រទេសបាន គាំទ្រ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា ខណៈប្រទេសទាំងនោះ ចាត់ទុកលោកនីកូឡាស់ម៉ាឌូរ៉ូថា ជាប្រធានាធិបតីមិនស្របច្បាប់ មិនស្របនឹង ឆន្ទៈរបស់ ប្រជាជន។

លោកម៉ាឌូរ៉ូបាន ជាប់ឆ្នោតប្រធានាធិបតី នៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមការបោះឆ្នោត មួយដែលលោកកំចាត់បេក្ខជន បក្សប្រឆាំង មិនអោយមានវត្តមានក្នុងប្រទេស និងមិនអោយក្លាយជាបេក្ខជនប្រធានាធិបតីប្រកួតជាមួយនឹងលោក។

លោក ម៉ាឌូរ៉ូទទួលបានការគាំទ្រ តែពីមេដឹកនាំ និងប្រទេសបែបផ្ដាច់ការនិយម ដូចជាអ៊ីរ៉ង់ កូរ៉េខាងជើង ចិន រុស្ស៊ី គុយបា និងតួកគី ជាដើមប៉ុណ្ណោះ។ លោកចាត់ទុក មេដឹកនាំបក្សប្រឆាំងថា ជាអ្នកនយោបាយអាយ៉ងអាមេរិក ។

សម្រាប់ លោកវ័នកៃដូ ក៏លោកម៉ាឌូរ៉ូចាត់ទុក ជាកូនជឹងអាមេរិក ដែល នាំអោយ តុលាការកំពូលរបស់លោក ចេញដីការ ហាមលោកកៃដូ ចាកចេញពីប្រទេស ព្រោះលោកជាអ្នកនយោបាយដែលបើកផ្លូវអោយ ចក្រព័ត្រអាមេរិកដាក់ទណ្ឌកម្មលើ ប្រទេសវេណេហ្សូអេឡា។

ដោយសារតែរឿងនេះ លោកកៃដូ លំបាកក្នុងការវិលចូលប្រទេសវិញ ។

នៅពេលលោកកំពុងស្ថិតនៅទ្វីបអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំអំពីសេដ្ឋកិច្ចពិភពលោកឯណោះ សមត្ថកិច្ចបានចូលទៅកាន់ការិយាល័យរបស់លោក នៅក្នុងមន្ទីររដ្ឋសភា និងក្រៅរដ្ឋសភា ដែលជាចេតនា រារាំងលោកកៃដូមិនអោយ ចូលប្រទេសវិញ ស្របពេលលោកមានទោស ពីបទរំលោភបំរាមរបស់តុលាការ។

តើលោកកៃដូអាចចូលប្រទេសបានដែរទេ?

ជាការពិត លោកកៃដូធ្លាប់ចាកចេញប្រទេសម្ដងហើយកាលពី ពាក់កណ្ដាលឆ្នាំ២០១៩ គឺលោក ត្រូវបានក្រុមរដ្ឋមន្ត្រីការបរទេស នៃប្រទេសសម្ព័ន្ធភាពលីម៉ា ២១ប្រទេស ស្នើលោកមកចូលរួមប្រជុំតំបន់ នៅប្រទេសកូឡំប៊ី។

នៅពេលលោកកំពុងស្ថិតនៅក្រៅប្រទេស គឺកាលនោះ ស្រាប់តែ តុលាការកំពូលចោទប្រកាន់លោកពីបទ ក្បត់ជាតិ ដោយសារលោកបានស្នើសុំសហគមន៍អន្តរជាតិជួយរំដោះប្រទេសវេណេហ្សូអេឡា ចេញពីរបបផ្ដាច់ការក្រោមការដឹកនាំរបស់លោកម៉ាឌូរ៉ូ។

ប៉ុន្តែពេលនោះ លោកបានសម្រេចវិលចូលប្រទេសវិញ ជាមួយនឹងបទអន្តរាគមន៍ ពីក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងនោះ ជាពិសេស គឺសហរដ្ឋអាមេរិក។

លោកបាន វិលវិញតាមជើងយន្តហោះ ដែលមិនមានការហាមឃាត់ឡើយ ដែលនាំអោយលោកមកដល់ព្រលានយន្តហោះ នៅរដ្ឋធានីការ៉ាកាស ដោយមានអ្នកការទូតជាង១០ប្រទេស រង់ចាំទទួលលោក។

លោកកៃដូ មានមោទនភាពខ្លាំងមែនតែន ដែលធ្វើអោយលោកម៉ាឌូរ៉ូ បាក់មុខជាខ្លាំងដែលមិនអាចចាត់វិធានការទប់ស្កាត់លោកកៃដូបានឡើយ។

ប៉ុន្តែនៅពេលនេះ លោកកៃដូ នៅមិនទាន់ដាក់កាលបរិច្ឆេទថា នឹងវិលចូលប្រទេសវិញនៅថ្ងៃណានោះទេ ស្របពេលដែលលោកកំពុងនៅសហរដ្ឋអាមេរិក គឺនៅក្នុងជំរុំអ្នកនយោបាយវេណេហ្សូអេឡា ដែលបានភៀសខ្លួន ។

ក្នុងអំឡុងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែកុម្ភៈលោកបានជួប ថា្នក់ដឹកនាំកំពូលអាមេរិក ក្នុងនោះមានទាំងប្រធានរដ្ឋសភា លោកស្រី ណាន់ស៊ីប៉េឡូស៊ី លោករដ្ឋមន្ត្រីការបរទេស Mike Pompeo និងអនុប្រធានាធិបតី Mike Pen តែជាពិសេស លោកបានជួបដោយផ្ទាល់ជាមួយ លោកប្រធានាធិបតីដូណាល់ត្រាំ នៅសេតវិមាន ។

ជំនួបជាមួយលោកត្រាំ គឺក្រោយពីលោកបានជួប ជាមួយនាករដ្ឋមន្ត្រីកាណាដា និងប្រធានាធិបតីកូឡំប៊ី ។ មេដឹកនាំប្រទេសជិតខាងទាំងបី ដ៏មានឥទ្ធិពលនេះ បានសន្យានៅបន្តគាំទ្រលោកកៃដូ ជាប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា ។

តើឋានៈជាប្រមុខរដ្ឋស្ដីទី អាចត្រូវបានចាប់ខ្លួនដែរឬទេនៅពេល ត្រឡប់ចូលប្រទេសវិញ?

ទំនង លំបាកណាស់ សម្រាប់រដ្ឋអំណាច និងតុលាការលកំពូល របស់លោកម៉ាឌូរ៉ូ ចង់ប្រើវិធានការ ចាប់ខ្លួនលោកកៃដូនាំយកទៅកាត់ទោស ដូចអ្នកនយោបាយ បក្សប្រឆាំងមួយចំនួនទៀត។

សម្រាប់លោកកៃដូ គឺសូម្បី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលគាំទ្រ លោកម៉ាឌូរ៉ូ ក៏ធ្លាប់និយាយតាម ទូរស័ព្ទមកកាន់លោកដោយស្នើសុំអោយមេបក្សប្រឆាំងដ៏មានប្រជាប្រីយ៍រូបនេះ វិលទៅរកតុចរចាវិញ តែលោកកៃដូបដិសេធ។

លោកកៃដូ ពេលនេះ កាន់តែរឹងមាំទៀតនោះ គឺអាមេរិកនិងប្រទេសជិត៦០ទៀត ក្នុងនោះមានទាំងអង់គ្លេស និងសមាជិកសហភាពអឺរ៉ុបមួយចំនួនធំបានគាំទ្រ។

ការគាំទ្រ របស់បណ្ដាប្រទេសទាំងនោះ ហើយ ដែលធ្វើអោយរដ្ឋអំណាច របស់ លោកម៉ាឌូរ៉ូ ពិបាកនឹងចាប់ខ្លួន ឬឃាឃាំងរូបលោក។

ប្រសិនបើលោកកៃដូត្រូវបានចាប់ខ្លួនមែន ពេលនោះសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត អាចរុញស្ថានភាពរបស់លោកម៉ាឌូរ៉ូទៅរកចំណុចគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ហើយចង់មិនចង់ អាចនឹងស្នើអោយមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងនាំអោយមានការដកហូតលោកម៉ាឌូរ៉ូពីតំណែង ក៏ថាបាន ។

ដូចនេះ សម្រាប់ លោកម៉ាឌូរ៉ូ មិនអាច ចាប់កូនខ្លាក្នុងហ្វូងមេខ្លាបានឡើយ។ មានន័យថា លោកកៃដូ អាចនឹងត្រឡប់ទៅប្រទេសវិញ ជាមួយនឹងតួនាទីរបស់លោក ជាប្រមុខរដ្ឋស្ដីទីដែលមានការគាំទ្រពីលោកខាងលិចជាពិសេស គឺសហរដ្ឋអាមេរិក ខណៈលោកម៉ាឌូរ៉ូ ជាប្រធានាធិបតី ដែលរង់ចាំតែការដកហូតតំណែងតែប៉ុណ្ណោះនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស