32.5 C
Phnom Penh

ការបរិច្ចាគ ការធ្វើភាគទាន ការលះបង់ផ្ទាល់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ មានការពិសោធន៍ច្រើនបែប ច្រើនសណ្ឋាន ក្នុងការឆ្លងកាត់សម័យកាលនីមួយៗ រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួន ពីមានទី

តាំងក្នុងសកលលោកថានៈជាអាណាចក្រដ៏ធំល្វឹងល្វើយ មានឥទ្ធានុភាពពាសពេញភូមិភាគអាស៊ីអគ្នេយ៍ រួចចុះមកនៅជាថានៈរាជាណាចក្របញ្ជូនសួយសារអាករទៅស្តេចក្រុងវ៉េ និង ស្តេចក្រុងសៀម ហើយស្រុត ទ្រុឌទ្រោមក្លាយជាអាណានិគមក្រោមអាណាព្យាបាលបារាំង

សែស។ ក្នុងសតវត្សទី២០ ប្រទេសកម្ពុជា ត្រូវបានលុកលុយ ត្រួតត្រា កាន់កាប់ដោយកងទ័ពយួននៃរដ្ឋការក្រុងហាណូយ។

ទោះជារស់នៅក្នុងជីវភាពឈឺចាប់ខ្លោចផ្សាក្រោមការគ្រប់គ្រងបរទេសជាច្រើនទសវត្សដូច

ម្តេចក៏ដោយ ប្រជាពលរដ្ឋខ្មែរនៅតែមានក្តីអត់ធ្មត់ ធន់ អំណត់ មានសន្តានចិត្ត មានសទ្ធាជ្រះថ្លា ចេះយកអាសាគ្នា ក្នុងនាមជាបរិជន ឬ អ្នកជិតខាងភូមិផងរបងជាមួយ រួមនឹងអ្នកដំ

ណើរដែលត្រូវការពឹងពាក់ស្នាក់អាស្រ័យម្តងម្កាល។ គេសង្កេតឃើញនៅសម័យមុន ខ្មែរ

មានសន្តានចិត្តសប្បុរស មនុស្សធម៌ ធ្វើបុណ្យដាក់ទានមិនចាំបាច់ថ្ងៃបុណ្យមកដល់ ដោយ

គិតថា គេនាំគ្នាសន្យំកុសលផលបុណ្យសម្រាប់ជាតិនេះ ហៅថា ឥធលោក និង សម្រាប់ជាតិមុខ ហៅថា បរលោក។ ឆន្ទៈ ចេតនា អំពើនិងទង្វើទាំងអស់នេះ កើតឡើងបានដោយ

សារប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា បែបថេរវាទ មានទាំងមហានិកាយ មានទាំងធម្ម

យុត្តិកនិកាយ។

ចាប់តាំងពីចូលសតវត្សទី២១ ក្នុងរយៈកាលដែលមានផ្សព្វផ្សាយសេចក្តីរាយការណ៍អំពី សប្បុរសធម៌  គឺការបរិច្ចាគ ការធ្វើភាគទាន និង ការលះបង់ផ្ទាល់ខ្លួន លើប្រទេសជាច្រើនក្នុងពិភពលោក ពីមូលនិធិ ជំនួយសប្បុរស (Charity Aid Foundation) ដែលមានទីចាត់ការធំនៅប្រទេសអង់គ្លេស ប្រទេស កម្ពុជា មិនបានជាប់លេខ ជាប់លំដាប់ថ្នាក់ល្អដូចប្រទេស

កាន់លទ្ធិព្រះពុទ្ធសាសនាដទៃឡើយ។ នេះទំនងជាមកពីប្រជាពលរដ្ឋក្នុងប្រទេសនេះ មិនសូវមានធម៌សប្បុរស ថ្វីបើមិនទាន់ឈានដល់សន្តានចិត្ត អន្យតិរ្ថិយ យ៉ាងណាក៏ដោយ ។

យើងយករឿង សន្តានសប្បុរសនៃមនុស្សជាតិ មករាយការណ៍ម្តងម្កាល គឺដើម្បីឆ្លុះបញ្ចាំងអំពីខ្លួនយើងម្នាក់ៗ ក្រែងយើងភ្លេចខ្លួនមិនបានមើលខ្លួនយើង មើលខ្លួនយើងមិនឃើញ មើលឃើញតែគេថាមិនដល់ខ្លួន អន់ជាងខ្លួន ហើយចេះតែគិតថាខ្លួនគ្រាន់បើជាងគេរហូតនោះ។

ក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំ២០១៩ ផ្សាយចេញកាលពីខែតុលាកន្លងទៅ ប្រទេសកម្ពុជា

តាមការបូកពិន្ទុសរុបលើវិស័យ៣ប្រភេទ ជាប់លំដាប់លេខ១០២ ក្នុងចំណោមប្រទេស១២៦លើសកលលោក ដែលពលរដ្ឋមិនសូវមានចិត្តចង់បោះដៃជួយជនណាគេមិនស្គាល់

ឬ មនុស្សចម្លែក ពេលត្រូវការការជួយសង្រ្គោះ មិនសូវបរិច្ចាគធ្វើទានដល់អង្គការសប្បុរស

មិនសូវស្ម័គ្រចិត្តចំណាយពេលវេលាជួយការងារអង្គការណាមួយ។

ក្រៅពីសរុបពិន្ទុបានលំដាប់លេខ១០២ក្នុងពិភពលោក ខាងការបោះដៃជួយយកអាសាជនដែលខ្លួនមិនធ្លាប់ស្គាល់ កម្ពុជា ជាប់លេខ១២៤ ខាងការបរិច្ចាគធ្វើទានដល់អង្គការសប្បុរស ជាប់លេខ២៨ខាងការស្ម័គ្រចិត្តចំណាយពេលវេលាជួយការងារអង្គការណាមួយ ជាប់លេខ១១៣។ នេះសឲ្យឃើញថា ពលរដ្ឋខ្មែរសម័យនេះ មិនសូវខ្វល់នឹងជីវិតអ្នកដទៃក្រៅខ្លួនឯង មិនចង់ចំណាយពេលវេលា ឬថា មិនចង់ខាតពេលទៅស្ម័គ្រចិត្តជួយការងារឯណាក្រៅពីការងារខ្លួនឯង ប៉ុន្តែ សុខចិត្តចាយលុយដាក់ទានទៅអង្គការសប្បុរសណាមួយ។ សាធារណរដ្ឋប្រជាមានិតចិន ជាប់លេខចុងបង្អស់ គឺ១២៦។

ក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនានៅភូមិភាគអាស៊ីអគ្នេយ៍ ភូមាជាប់លំដាប់លេខ២

ក្នុងចំណោមប្រទេស១២៦ក្នុងពិភពលោកយោងតាមពិន្ទុសរុបលើផ្នែកទាំងបី  តែបានលេខ៤៩ ខាងជួយយកអាសាមនុស្សមិនធ្លាប់ស្គាល់ បានលេខ១ ខាងបរិច្ចាគធ្វើទាន បានលេខ៣

ខាងស្ម័គ្រចិត្តចំណាយពេលវេលាជួយការងារអង្គការណាមួយ។ ប្រទេសថៃឡង់ដ៍ ស្ថិតនៅ

លំដាប់លេខ២១ក្នុងចំណោមប្រទេសចំនួន១២៦ បានលេខ៤ ខាងបរិច្ចាគធ្វើទានដល់អង្គ

ការសប្បុរស។ សេចក្តីរាយការណ៍ពី មូលនិធិ ជំនួយសប្បុរស កាលពីឆ្នាំ២០១៨ ប្រទេស

លាវជាប់លេខ១៣៤ កម្ពុជា ជាប់លេខ ១៤០ ក្នុងចំណោមប្រទេសចំនួន១៤៤។

ចំពោះប្រទេសក្នុងសហគមន៍អាស៊ាន ទាំងកាន់ព្រះពុទ្ធសាសនា គ្រិស្តសាសនា ទាំងអ៊ីស្លាម

សាសនា សេចក្តីរាយការណ៍អំពី សប្បុរសធម៌ ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រទេស១២៦លើកលែងតែប្រទេសលាវនិង ប្រ៊ុយណេ បានចាត់ថ្នាក់ប្រទេសតាមពិន្ទុជាភាគរយ (%) នៃចំនួនប្រជាពលរដ្ឋនៃប្រទេសនីមួយៗដែលគេបានលើកសំណួរដើម្បីស្រាវជ្រាវស្ទង់មតិ ហើយជាប់លេខនោះ មានលេខរៀងដូចតទៅនេះ៖

ទី១. ភូមា ជាប់លេខ២, ទី២. ឥណ្ឌូនេស៊ី ជាប់លេខ១០, ទី៣. ថៃឡង់ដ៍ ជាប់លេខ២១, ទី៤. ម៉ាឡស៊ី ជាប់លេខ៣០, ទី៥. ហ្វីលីពីន ជាប់លេខ៣៣, ទី៦. សីង្ហបុរី ជាប់លេខ៤៦, ទី៧.

យៀកណាម ជាប់លេខ៨៤, ទី៨. កម្ពុជា ជាប់លេខ១០២។

មានប្រទេសខ្លះនៅទ្វីបអាហ្រ្វិក ហាក់បីដូចជាជាប់លេខប្រសើរជាងប្រទេសខ្លះនៅអាស៊ី ជាពិសេស កម្ពុជា។ ប្រទេស១០នៅទ្វីបអាហ្រ្វិក ជាប់លំដាប់ថ្នាក់តាមលេខរៀង ក្នុងចំណោម

ប្រទេសចំនួន ១២៦ ដូចតទៅនេះ៖

កិនញ៉ា លេខ១១, លីបេរី លេខ១៧, ស៊ីយ៉េរ៉ាឡេអោន លេខ ២០,  នីហ្សេរី លេខ ២២, ហ្សំប៊ី លេខ៣២, អ៊ូហ្គង់ដា លេខ៣៥, ម៉ាឡាវី លេខ៣៦, ហ្គាណា លេខ៣៨, អាហ្វ្រិកខាងត្បូង

លេខ៤៥ និង ហ្គីណេ លេខ៥១។

ប្រទេសមានពិន្ទុល្អ ពិន្ទុខ្ពស់ ជាប់លេខលំដាប់ខ្ពស់ វាបញ្ជាក់អំពីប្រជាជាតិនោះជាមនុស្ស

យ៉ាងដូចម្តេចហើយ។ ចំណែកឯប្រទេសមានពិន្ទុទាប ជាប់លេខលំដាប់ទាប ក៏វាបញ្ជាក់អំពីប្រជាជាតិនោះ ថាជាមនុស្សយ៉ាងដូចម្តេចដែរ សម្រាប់អ្នកមានវិចារណញ្ញាណពិចារណា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស