32.5 C
Phnom Penh

អ្នកវិភាគថា ការប្រកាសមិនយកអធិបតេយ្យជាតិទៅដោះដូរ ការដក EBA ជាលេសគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយនៅក្រៅប្រទេស មើលឃើញថាការប្រកាស                ក្តែងៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមិនយកអធិបតេយ្យភាពជាតិទៅដោះដូរ  ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់សហភាពអឺរ៉ុប គឺ គ្រាន់តែលេសនយោបាយ ដើម្បីបន្តក្តោបក្តាប់អំណាចរបស់លោកតែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយលោក គឹម សុខ បង្ហាញទស្សនៈថា សហភាពអឺរ៉ុបមិនដែលមានបំណងគ្រប់គ្រងកម្ពុជាឬ បង្វិលកម្ពុជាដើម្បីប្រយោជន៍គេនោះឡើយ។

ផ្ទុយទៅវិញ អឺរ៉ុបគ្រាន់តែចង់ជួយជ្រោម ជ្រែង និងចង់ឃើញដំណើររីកចម្រើននៃការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដូចអ្វីដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលយកសំណើរគេកាលពីខ្លួនស្នើសុំប្រព័ន្ធអនុគ្រោះពន្ធ EBA នេះតែប៉ុណ្ណោះ។

លោកលើកឡើងថា មូលហេតុដែលលោកហ៊ុន សែន ហ៊ានប្រកាសយ៉ាងគឃ្លើនថាមិនចរចារជាមួយសហភាពអឺរ៉ុបឬ សុំការយោគយល់ដើម្បីបានការផ្តល់ភាពអនុគ្រោះពន្ធត្រឡប់មកវិញ គឺ ដោយសារសម្ពាធឬទណ្ឌកម្មរបស់អឺរ៉ុបមានទំហំតិចតួចទៅលើក្រុមលោក ហ៊ុន សែន នៅឡើយ។ លើសពីនេះ វិធានការរបស់អាមេរិកក៏តិចនិង មានភាពយឺតយ៉ាវពេក ដែលធ្វើឱ្យបុរសខ្លាំងនៅកម្ពុជារូបនេះ កាន់តែអាចសម្តែងរិទ្ធិដល់អឺរ៉ុប ដោយងាកទៅពឹងចិន ដែលជាការអនុវត្តក្នុងផែនការដើមរបស់លោកដើម្បីរក្សាអំណាចរបស់ខ្លួនបន្តទៀត។

អ្នកវិភាគដដែលលើកឡើងទៀតថា ការយកទីផ្សារចិនមកជំនួសទីផ្សារអឺរ៉ុប បើទោះបីអឺរ៉ុបសម្រេចយកពន្ធ២០%ក៏ដោយ ក៏មិនអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបានដែរ គឺមានតែភាពដុនដាបទ្វេដង ប៉ុន្តែអំណាចលោកហ៊ុន សែន នឹងរក្សាភាពរឹងមាំបន្តទៀតផងដែរ។

កាលពីថ្ងៃ១២កុម្ភៈ សហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំទំនិញចេញពីកម្ពុជាក្នុងតម្លៃទឹកប្រាក់ ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើប្រមាណ២០ភាគរយ ក្នុងចំណោមទំនិញដែលនាំចេញពីកម្ពុជាទៅកាន់អឺរ៉ុបមានទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ។

អឺរ៉ុបអះអាងថា ការឈានដល់ការសម្រេចនេះ ព្រោះកម្ពុជាមិនបានធ្វើឱ្យប្រសើរនូវស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ លទ្ធិប្រជាធិបតេយ្យឡើយ ហើយអឺរ៉ុបក៏មិនអាចឈរមើលចំពោះស្ថានភាពអាក្រក់ទាំងនោះដែរ ។

អឺរ៉ុបអះអាងថា ការសម្រេចនេះ នឹងប៉ះពាល់ដល់វិស័យនាំចេញមួយចំនួន ហើយទំនិញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ក៏រងផលប៉ះពាល់ផងដែរ។

កាលពីថ្ងៃម្សិលមិញ បើទោះពីជា លោកហ៊ុន សែន ទទួលស្គាល់ថាការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុប ២០ភាគរយនេះ នឹងធ្វើរោងចក្រសហគ្រាសកាត់ដេរនៅកម្ពុជារងផលប៉ះពាល់យ៉ាងណាក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ជាជំហជាថ្មីទៀតថា កម្ពុជានឹងមិនចរចាជាមួយសហភាពអឺរ៉ុប ដើម្បីស្នើសុំឱ្យសហគមន៍អន្តរជាតិមួយនេះ ផ្តល់ភាពអនុគ្រោះពន្ធEBA ២០ភាគរយនោះឡើយ។ 

លោក ហ៊ុន សែន អះអាងថាកម្ពុជាមិនអាចយកច្បាប់របស់ខ្លួនឬ អធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះ២០ភាគរយត្រឡប់មកវិញទេ ហើយកម្ពុជាក៏គ្មានការចរចារនយោបាយដោះលែងអ្នកជាប់ឃុំកំពុងជំនុំជម្រះក្តីឡើយ។ លើសពីនេះ លោកថាបើអឺរ៉ុបចង់ដកទាំងស្រុងតែម្តង ក៏គ្មានបញ្ហាសម្រាប់កម្ពុជានោះដែរ។

បុរសខ្លាំងនៅកម្ពុជារូបនេះ ប្រកាសមិនចរចារណាមួយជាមួយអឺរ៉ុបទេ ប៉ុន្តែលោកបានស្នើមហាមិត្តចិនឱ្យជួយកម្ពុជា នៅពេលមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុបទៅវិញ។

លោក គឹម សុខ ថារឿងអាទិភាពរបស់លោក ហ៊ុន សែន ដែលកំពុងធ្វើ និងរៀបចំដើរទៅមុខទៀត គឺលោកនឹងធ្វើយ៉ាងណាដើម្បីរក្សាប្រព័ន្ធអំណាចរបស់ក្រុមខ្លួន ដោយមិនខ្វល់អំពីសេដ្ឋកិច្ចជាតិនោះឡើយ។

លោកថា ដើម្បីរក្សាប្រព័ន្ធអំណាចរបស់ខ្លួនបានជោគជ័យ លោកនឹងមិនខ្លាចបង្ក្រាបទៅលើក្រុមប្រឆាំងឬ ពលរដ្ឋដែលហ៊ានងើបឡើងតវ៉ា នៅពេលមានស្ថានភាពនយោបាយកាន់តែអាក្រក់ ហើយសេដ្ឋកិច្ចជាតិកាន់តែដុនដាបខ្លាំង។ រឿងមួយទៀត លោកហ៊ុន សែន នឹងខំប្រឹងរៀបចំឡើងវិញនូវផ្ទៃក្នុង ទាំងការដឹកនាំរដ្ឋាភិបាល និងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដោយជៀសវាងមានផ្ទុះឡើងនូវវិបត្តិផ្ទៃក្នុងណាមួយ ដែលធ្វើឱ្យលោកពិបាកគ្រប់គ្រង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស