38.8 C
Phnom Penh

ក្រុមអង្គការសង្គមស៊ីវិល ជាង១រយ ហៅការហាមឃាត់ពលរដ្ឋមិនឱ្យប្រារព្ធពិធីតំបន់ព្រៃឡង់ ជាការរឹតត្បិតមិនសេរីភាពសមហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ សមាគម សហជីព និងសហគមន៍ជាង១រយស្ថាប័ន ហួសចិត្ត ចំពោះការរឹតត្បិតសិទ្ធិសេរីភាពសមាជិកសហគមន៍ព្រៃឡង់ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់ ពីសំណាក់មន្ត្រីបរិស្ថានកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ សមាគម និងសហគមន៍ ជាង១រយនៅថ្ងៃអង្គារ៍នេះបានលើកឡើងថា ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើង ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។

ជាងនេះទៀត ការហាមឃាត់នោះ មិនបានបង្ហាញអំណះអំណាងត្រឹមត្រូវតាមច្បាប់នោះឡើយ បើទោះបីជាការរៀបចំពិធីបុណ្យព្រៃឡង់របស់សហគមន៍ដែលគ្រោងធ្វើនៅចុងសប្តាហ៍មុននោះ ពួកគាត់បានជូនដំណឹងទៅអាជ្ញាធរក៏ដោយ។

សេចក្តីថ្លែងការណ៍រួមដដែល បានដកស្រង់អំពីការលើកឡើងរបស់តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ថា កាលពីមុន យើងអាចចូលទៅព្រៃឡង់ដោយសេរីដើម្បីធ្វើសកម្មភាពរបស់យើងក្នុងការការពារព្រៃឈើតំបន់អភិរក្សនេះ។

ប៉ុន្តែថ្មីៗនេះលោកថា ប្រជាសហគមន៍មានការលំបាកកាន់តែខ្លាំង ឡើងៗ ហើយក្រសួងរឹតត្បិតសកម្មភាពរបស់ពួកគាត់ច្រើនឡើងៗផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ព្រះសង្ឃ ប្រជាសហគមន៍ទាំង៤ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល គ្រោងរៀបចំពិធីបុណ្យព្រៃឡង់ ចំនួន២ថ្ងៃ គឺថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ក្នុងមានគោលបំណង រំលឹកគុណព្រៃឈើ និង បួងសួងសុំឱ្យព្រៃឈើនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។

លើសពីនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាសហគមន៍ និងសាធារណៈជនទូទៅអំពីសារៈសំខាន់ព្រៃឈើ ព្រមទាំងបានស្វែងយល់ពីតំបន់សក្តានុពលព្រៃជម្រកសត្វមួយនេះជាដើម។

ប៉ុន្តែគម្រោងនេះត្រូវបរាជ័យ ក្រោយមន្ត្រីបរិស្ថានហាមឃាត់មិនអនុញ្ញាតឱ្យបណ្តាញសហគមន៍ចូលព្រៃដើម្បីរៀបចំពិធីនេះឡើយ ក្រោមហេតុផលថាមិនបានសុំការអនុញ្ញាតចូលទៅតំបន់ស្នូលព្រៃឡង់ជាមុន។ 

បន្ទាប់ពីបានបដិសេធមិនឱ្យសមាជិកសហគមន៍ចូលព្រៃ ក្រសួងបរិស្ថានបានសរសេរបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មាត្រា១១នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ហាមឃាត់មិនឱ្យអ្នកណាចេញចូលតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាតទេ។

ប្រភពដដែលថា មាត្រា១១នេះ សំដៅលើតំបន់ដែលបានកំណត់និងបែងចែករួច ហើយមានតែតំបន់ស្នូលប៉ុណ្ណោះដែលជាតំបន់ការពារខ្លាំងជាងគេក្នុងចំណោមតំបន់ទាំងបួន ដែលតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងមុនពេលចូលទៅកាន់តំបន់ការពារធម្មជាតិ។

ប៉ុន្តែច្រើនឆ្នាំបន្ទាប់ពីអនុម័តច្បាប់នេះក្នុងឆ្នាំ២០១៦ មិនទាន់មានការកំណត់ និងបែងចែកតំបន់ព្រៃឡង់នៅឡើយទេ ទោះបីជាការកំណត់ និងបែងចែកតំបន់ការពារនេះត្រូវបានលើកទឹកចិត្តដោយក្រុមអ្នកអភិរក្សបរិស្ថានក៏ដោយ ព្រោះជាកិច្ចការពារបន្ថែមប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។

នាយករងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ក៏បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមនោះថា បណ្ដាញសហគមន៍ព្រៃឡង់នេះគួរត្រូវបានអនុញ្ញាត ដើម្បីធ្វើសកម្មភាពអភិរក្សរបស់ខ្លួនដោយគ្មានការធ្វើទុក្ខបុកម្នេញនិងគំរាមកំហែង។

យ៉ាងនេះក្តីលោកថា មន្ត្រីរដ្ឋាភិបាល បានយកច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មកប្រើប្រាស់ដើម្បីហាមឃាត់ការងាររបស់អ្នកស្រលាញ់ធនធានធម្មជាតិ គឺជាការរឹតត្បិតយ៉ាងខ្លាំង និងមិនសមស្របតាមច្បាប់ឡើយ។

រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដាក់តំបន់ព្រៃឡង់ដែលមានទំហំជាង៤៣ម៉ឺនហិកតា (៤៣១.៦៨៣) ស្ថិតនៅជាប់ខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ទៅជាដែនជម្រកសត្វព្រៃ ព្រៃឡង់ ដោយត្រូវដាក់ស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស