37 C
Phnom Penh

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងថា រោងចក្រសហគ្រាសប្រមាណ២០០ នឹងរងផលប៉ះពាល់ដោយសារកង្វះវត្ថុធាតុដើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅថ្ងៃនេះ បានអះអាងថា ចាប់ពីខែក្រោយនេះទៅ រោងចក្រសហគ្រាសប្រមាណ២០០ នឹងរងផលប៉ះពាល់ដោយសារកង្វះវត្ថុធាតុដើម។

ក្នុងពិធីសន្និសីទកាសែតនៅព្រឹកនេះ លោក ហេង សួរ អះអាងថា បើស្ថានភាពអាក្រក់ខ្លាំង រោងចក្រទាំងនោះ នឹងព្យួរការងារជាបណ្តោះអាសន្ន ដែលធ្វើឱ្យកម្មករនយោជិតជាង១៦ម៉ឺននាក់ នឹងរងផលប៉ះពាល់ផងដែរ។

លោកជាក់ស្តែងនៅថ្ងៃនេះ មានរោងចក្រសហគ្រាសចំនួន១០ បានស្នើមកក្រសួងការងារ ដើម្បីសុំព្យួរការងារជាបណ្តោះអាសន្ន ប៉ុន្តែ លោកថា រោងចក្រទាំងនោះព្យួរការងារដោយផ្នែកខ្លះ មិនព្យួរទាំងស្រុង ឬបិទរោងចក្រតែម្តងនោះទេ។ លោកបន្តថារោងចក្រទាំង១០នោះ នឹងមានកម្មករ-កម្មការិនី ប្រមាណ៣ពាន់នាក់ ដែលនឹងត្រូវព្យួរការងារ ប៉ុន្តែលោកថា ក្រសួងការងារ កំពុងសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែនិងអត្ថប្រយោជន៍                ផ្សេងៗជូនកម្មករ-កម្មការិនីទាំងនោះផងដែរ។

លើសពីនេះទៀត ខាងក្រសួង កំពុងទាក់ទងទៅកម្មករទាំងនោះ ឲ្យទៅចុះឈ្មោះរៀនជំនាញទន់ ហើយនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរដ្ឋាភិបាលទៀតផង។

ផលប៉ះពាល់រោងចក្រសហគ្រាស និង កម្មករពេលនេះ កើតឡើងក្រោយពេលវិបត្តិនៃការរីករាលដាលជំងឺកូរ៉ូណានៅប្រទេសចិន បានជំរុញឱ្យរោងចក្រផលិតវត្ថុធាតុដើមនៅទីនោះ ជាច្រើនបានបិទទ្វា ធ្វើឱ្យខ្សែចង្វាក់ផលិតកម្មត្រូវជួបបញ្ហាប្រឈម។ លើសពីនេះ បញ្ហាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់អឺរ៉ុប កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលស្គាល់ថាវិបត្តិជំងឺកូរ៉ូណា និងការព្យួរ EBA ២០% របស់អឺរ៉ុប ពិតជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាប្រាកដមែន។ ប៉ុន្តែក៏បានដាក់ចេញនូវវិធានការជួយកម្មករនយោជិត និងរោងចក្រសហគ្រាស ព្រមទាំងវិស័យផ្សេងទៀត។

ទោះជាយ៉ាងនេះក្តី លោកបានឌឺដងឱ្យអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងអស់ក៏លោកមិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរឡើយ។ ប៉ុន្តែលោកក៏ព្រមានអឺរ៉ុប ដោយយកករណីប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងដំណើរការជំនុំជម្រះក្តីនោះ ថាលោកនឹងមិនឱ្យមេបក្សប្រឆាំងរូបនេះរួចខ្លួនឡើយ ហើយការដោះលែង ឬ លើកលែងទោសលោក កឹម សុខា អាចធ្វើទៅបាន គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់លោកតែប៉ុណ្ណោះ។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស មើលឃើញថាការប្រកាស                  ក្តែងៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមិនយកអធិបតេយ្យភាពជាតិទៅដោះដូរ  ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់សហភាពអឺរ៉ុប គឺ គ្រាន់តែលេសនយោបាយ ដើម្បីបន្តក្តោបក្តាប់អំណាចរបស់លោកតែប៉ុណ្ណោះ។

អ្នកនយោបាយសង្គម លោក គឹម សុខ បានប្រាប់សារព័ត៌មានThe Cambodia Daily  កាលពីថ្ងៃច័ន្ទថា រឿងអាទិភាពរបស់លោក ហ៊ុន សែន ដែលកំពុងធ្វើ និងរៀបចំដើរទៅថ្ងៃមុខទៀតនោះ គឺលោកនឹងធ្វើយ៉ាងណាដើម្បីរក្សាប្រព័ន្ធអំណាចរបស់ក្រុមខ្លួន ដោយមិនខ្វល់អំពីសេដ្ឋកិច្ចជាតិនោះឡើយ។

អ្នកវិភាគនយោបាយរូបនេះថា ដើម្បីរក្សាប្រព័ន្ធអំណាចរបស់ខ្លួនបានជោគជ័យ លោកនឹងមិនខ្លាចបង្ក្រាបទៅលើក្រុមប្រឆាំង ឬពលរដ្ឋដែលហ៊ានងើបឡើងតវ៉ា នៅពេលមានស្ថានភាពនយោបាយកាន់តែអាក្រក់ ហើយសេដ្ឋកិច្ចជាតិកាន់តែដុនដាបខ្លាំង។

រឿងមួយទៀត លោកហ៊ុន សែន នឹងខំប្រឹងរៀបចំឡើងវិញនូវផ្ទៃក្នុង ទាំងការដឹកនាំរដ្ឋាភិបាល និងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដោយជៀសវាងមានការផ្ទុះឡើងនូវវិបត្តិផ្ទៃក្នុងណាមួយ ដែលធ្វើឱ្យលោកពិបាកគ្រប់គ្រង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស