32.5 C
Phnom Penh

ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងឌីប្លូម និងបាក់ឌុប ដោយសារវិបត្តិជំងឺកូវីដ១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលប្រលងថ្នាក់ជាតិចំនួន២ ដោយក្នុងនោះរួមមានការប្រលងមធ្យមសិក្សាបឋមភូមិឬឌីប្លូម និងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ ក្រសួងអះអាងថា ការសម្រេចពន្យារពេលប្រឡងនេះដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំនៅថ្ងៃពុធនេះ បានសម្រេចពន្យារការប្រលងទាំងពីរកម្រិតនេះ ព្រោះតែដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។

តាមការគ្រោងទុក ការប្រលងមធ្យមសិក្សាបឋមភូមិឬឌីប្លូម សម្រាប់សិស្សានុសិស្សរៀនថ្នាក់ទី៩ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី២០ ខែសីហា។ ដោយឡែកការប្រឡងការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា។ ក្រសួងអប់រំបានសម្រេចបិទសាលារៀនទូទាំងប្រទេស ឬកំណត់ឱ្យសម្រាកវិស្សមកាលតូចមុនពេលកំណត់កាលពីខែមីនា ដោយបារម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមសាលារៀន។

ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះបានរកឃើញករណីវិជ្ជមានថ្មី នៃកូវីដ-១៩ ចំនួន២ករណីបន្ថែមទៀត គឺលើប្តីប្រពន្ធខ្មែរ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការរកឃើញ២ករណីទៀតនេះ ធ្វើឱ្យអ្នករកឃើញមានជំងឺកូវីដ១៩នៅកម្ពុជាកើនឡើងដល់១១៧ ករណី ដោយក្នុងនោះកម្ពុជាបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន៦៣ ករណី។ ចំណែក ៥៤ករណីឬ៥៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស