28.4 C
Phnom Penh

ពលរដ្ឋនិងក្រុមអ្នកឃ្លាំមើលសង្គមរំពឹងថាជំនួបរវាងលោកកឹម សុខា និង លោក ហ៊ុន សែន នឹងនាំមកនូវភាពវិជ្ជមានសម្រាប់នយោបាយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយសាររំលែកទុក្ខ និងការដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្ធម្តាយក្មេក របស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន និងជាម្តាយបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានី ពីសំណាក់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា រួចមក បានធ្វើឱ្យក្រុមអ្នកតាមដានសង្គម និងប្រជាពលរដ្ឋរំពឹងថាកាយវិការទន់ភ្លន់រវាងឥស្សរៈជនជាន់ខ្ពស់ផ្នែកនយោបាយទាំងនេះ នឹងនាំឱ្យមានការប្រែប្រួលជាវិជ្ជមាននៅកម្ពុជានាពេលខាងមុខ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា មនុស្សពីរនាក់នេះ ពោលគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ខានជួបគ្នាប្រមាណ៤ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៦ នៅក្នុងរដ្ឋសភា។

អ្នកឃ្លាំមើលសង្គមពីក្រៅប្រទេសរូបនេះ យល់ឃើញថាលោក កឹម សុខា និងលោក ហ៊ុន សែន ជួបមុខគ្នាជាថ្មីក្នុងពិធីបុណ្យសពមហាឧបាសិកា ប៊ុន ស៊ាងលី ជាការចូលរួមរំលែកទុក្ខធម្មតាក្នុងនាមជាគ្រួសារខ្មែរ តាមប្រពៃណីខ្មែរ នេះបើតាមន័យធម្មតា។ 

ចំណែកក្នុងន័យនយោបាយ គឺ«ជាសញ្ញាវិជ្ជមាន»មួយ ដែលពួកគេអាចជួបគ្នាបាន និងជជែកបានខ្លះ នៅក្នុងកម្រិតមួយ «ជាវិជ្ជមាន»ផងដែរ។

លោកបន្តថា រឿងអ្វីក៏ដោយ ក៏អាចដោះស្រាយគ្នាបាន ឲ្យតែភាគីទាំងពីរមានភាពប្រាកដនិម និងជឿជាក់រៀងៗខ្លួនក្នុងគោលដៅ «ផលប្រយោជន៍ជាតិ ផលប្រយោជន៍ពលរដ្ឋ និងស្តារស្ថានភាពជាប្រក្រតីឡើងវិញ នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

លោក ម៉ែន ណាត ចង់ឃើញអ្នកនយោបាយ ជ្រើសរើសយកវិធីជជែកគ្នា ពិគ្រោះយោបល់គ្នា តាមមធ្យោបាយអហិង្សា សន្តិវិធី គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍ស្មើភាពគ្នា ក្នុងការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម នៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានលើកជាយោបល់មួយចំនួនដោយជំរុញឱ្យ លោក ហ៊ុន សែន វិលទៅរកការស្តារប្រក្រតីភាពរបស់កម្ពុជាឡើងវិញ តាមរបត់ថ្មី នៃទស្សនៈពិភពលោក បន្ទាប់ពីផុតស្ថានភាពជំងឺកូរ៉ូណា។

បន្ថែមពីនេះលោកក៏ចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញ រួចបន្តកិច្ចការងាររបស់គណបក្សសង្គ្រោះជាតិរបស់លោកវិញ បើទោះជាមានផលវិបាកខ្លះក៏ដោយ។

ជាងនេះទៀត អ្នកនយោបាយក៏ត្រូវរួមគ្នាស្តារស្ថានការអាប់អួរទាំងនយោបាយ សេដ្ឋកិច្ច សង្គម និងសិទ្ធិមនុស្ស ពិសេសការដោះលែងក្រុមសកម្មជនទាំងអស់ឱ្យមានសេរីភាពជួបជុំក្រុមគ្រួសារឡើងវិញ។ ទាំងនេះ អ្នកនយោបាយត្រូវប្រតិបត្តិតាមមធ្យោបាយអហិង្សា សន្តិវិធី និងគោរពគ្នាទៅវិញទៅមក ព្រមទាំងឈរលើគោលការណ៍ស្មើភាព។

ចំណែកប្រធានក្រុមពលរដ្ឋនិយមលោក ទូច វិបុល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកសង្កេតឃើញសកម្មជននយោបាយជាច្រើនសម្តែងការសប្បាយចិត្តនៅពេលឃើញលោក ហ៊ុន សែន និងលោក កឹម សុខា អង្គុយក្បែគ្នាប្រកបដោយការគោរពគ្នាទៅវិញទៅមក ដោយនាំគ្នាពោលពាក្យថា «ទោះបីយើងនៅបក្សផ្សេងគ្នា ឬមានទស្សន:នយោបាយផ្ទុយគ្នាយ៉ាងណាក៏ដោយ ក៏យើងត្រូវចេះគោរពគ្នាទៅវិញទៅមកនៅពេលដៃគូប្រកួតរបស់ខ្លួនមានទុក្ខបែបនេះ» ។

លោកបន្តថា សារនេះបញ្ជាក់ថាសកម្មជននយោបាយខ្មែរមានការយល់ដឹងច្រើនអំពីលទ្ធិប្រជាធិបតេយ្យ។ លោក ទូច វិបុលបន្តថា លោកសូមចូលរួមរីករាយជាមួយបងប្អូនទាំងអស់គ្នាដែរ ហើយសង្ឃឹមថា មេដឹកនាំក៏ដូចជាអ្នកនយោបាយខ្មែរគ្រប់និន្នាការនយោបាយ ប្រកាន់យកនូវមាគ៌ានៃការគោរពគ្នាបែបនេះទៅថ្ងៃអនាគត ។

ដោយឡែកសម្រាប់ទីប្រឹក្សាអង្គការសេដាក និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ ក្រៅពីសម្តែងការចូលរួមរំលែកទុក្ខជាមួយលោកនាយករដ្ឋមន្ត្រី និងក្រុមគួ្រសារ លោកក៏បានបង្ហាញទស្សនៈថា កាយវិការរវាងលោកកឹម សុខា និងលោក ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី នោះ ក៏អាចជាឱកាសនៃការចាប់ផ្តើមនៃការសម្របសម្រួលគ្នារវាងមេបក្សកាន់អំណាច និងមេបក្សប្រឆាំង។

លោកបន្តថា ការសម្របសម្រួលគ្នារវាងតួអង្គអ្នកនយោបាយជាន់ខ្ពស់ទាំងពីរ ក្នុងការសហការគ្នាកសាងប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍប្រកបដោយសមធម៌។

ចំណែកអ្នកឃ្លាំមើលសង្គមលោកបណ្ឌិត ហេង ស្រ៊ាង វិញលើកឡើងថាលោករីករាយពេលបានឃើញអ្នកនយោបាយខ្មែរជួបជជែកគ្នាដោយសន្តិភាព ដើម្បីដោះស្រាយបញ្ហាជាតិ ហើយប្រហែលជាមានពលរដ្ឋខ្មែរជាច្រើនក៏យល់ដូចលោកដែរ។ ជាមួយគ្នានេះលោកសង្ឃឹមថា កម្តៅនយោបាយនៅកម្ពុជានឹងបានចុះថយខ្លះក្រោយពីជំនួបរវាងលោក ហ៊ុន សែន និងលោក កឹម សុខា កាលពីថ្ងៃម្សិលមិញនោះ។

ជាងនេះទៀតមានពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងក្តីរីករាយក្រោយជំនួបនេះ ដោយពួកគេសង្ឃឹមថាស្ថានភាពនយោបាយកម្ពុជានឹងប្រែជាស្រឡះ ក្រោយពេលអាប់អួរអស់រយៈពេលជាង២ឆ្នាំមកនេះ។

រីឯអតីតប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកផ្ទាល់ និងពលរដ្ឋខ្មែរទូទាំងនគរ គាំទ្រឱ្យឥស្សរជននយោបាយខ្មែរ គ្រប់លំដាប់ថ្នាក់ មានឥរិយាបថ និងវប្បធម៌ប្រាស្រ័យទាក់ទងគ្នាបែបនេះ។

លោកបន្តថា វប្បធម៌ និងឥរិយាបថ បែបនេះ គួរតែមាននៅក្នុងសង្គមជាតិខ្មែរដរាបរៀងទៅ ទោះស្ថិតក្នុងកាលទេស:ណាក៏ដោយ។ ទង្វើបែបនេះ គឺជាសីលធម៌ និងគុណធម៌ ដែលអ្នកនយោបាយ និងពលរដ្ឋខ្មែរគ្រប់និន្នាការគួរប្រកាន់យក ហើយការប្រព្រឹត្តិបែបនេះ គួរត្រូវបានជំរុញ និងធ្វើជាគំរូ ដោយមេដឹកនាំនយោបាយ។

ដោយឡែកមានពលរដ្ឋខ្លះលើកឡើងថាពេលឃើញអ្នកនយោបាយជួបគ្នា ដឹងសុខទុក្ខគ្នា ពួកគាត់សែនរំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះនេះគឺជារូបភាពដែល ពលរដ្ឋចង់ឃើញ ចង់បានការរួបរួមជាតិជាធ្លុងមួយយ៉ាងពិតប្រាកដ។

បន្ថែមពីនេះប្រវត្តិសាស្ត្របានលាតត្រដាងឲ្យយើងបានឃើញហើយថា «ខ្មែររួមគ្នា ខ្មែរខ្លាំង តែបើខ្មែរបែកបាក់គ្នា ខ្មែរខ្សោយ»។

ពលរដ្ឋក៏បានផ្តាំទៅអ្នកនយោបាយថាដើម្បីតម្កល់ផលប្រយោជន៍ជាតិ មានតែរួបរួមគ្នាប៉ុណ្ណោះ ទោះបីយើងមានទស្សនៈនយោបាយខុសគ្នាក៏ដោយ ក៏ប៉ុន្តែទិសដៅរួម គឺប្រយោជន៍ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស