42.2 C
Phnom Penh

រដ្ឋាភិបាលធ្វើការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់របស់កម្មករ ដោយសារវិបត្តិកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល ប្រកាសពីគម្រោងសិក្សាស្រាវជ្រាវអំពីស្ថានភាពរស់នៅ និងផលប៉ះពាល់របស់កម្មករនិយោជិត ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បើទោះបីជាជំងឺនេះបានកើឡើងនៅកម្ពុជាប្រមាណកន្លះឆ្នាំរួចទៅហើយ។

ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពី សប្ដាហ៍មុន បានប្រាប់ទៅម្ចាស់រោងចក្រសហគ្រាស និងកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង រួមទាំងអាជ្ញាធរពាក់ព័ន្ធថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពជីវភាពរស់នៅ និងផលប៉ះពាល់របស់កម្មករ ដោយសារជំងឺកូវីដ១៩ ។

ការចុះសិក្សាស្រាវជ្រាវនេះ ក្រសួងបញ្ជាក់ថា ក្រុមការងាររបស់ខ្លួនចាប់ផ្តើមចុះសង្កេតសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា។ ក្រសួងមួយនេះ បញ្ជាក់ទៀតថា  នឹងអនុវត្តទៅលើគំរូសំណាកកម្មករដែលត្រូវបានជ្រើសរើសដោយចៃដន្យនៅតាមបណ្តារាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា។

វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ហើយសង្វាក់ផលិតកម្មជាច្រើនក៏បានផ្អាកឬព្យួរ។ បន្ថែមពីនេះ របាយការណ៍ក្រសួងអះអាងថាទាំងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតកាបូប និងវិស័យទេសចរណ៍ គឺមានសហគ្រាសដែលចុះបញ្ជីជាមួយក្រសួងជិត១ពាន់ ត្រូវបានផ្អាកដំណើរការ ដែលធ្វើឱ្យកម្មករ បុគ្គលិកនិយោជិត ជាង២០ម៉ឺននាក់រងផលប៉ះពាល់។

ជាមួយគ្នានេះ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាផ្តល់ទៅកម្មករឬបុគ្គលិកក្នុងប្រព័ន្ធចំនួន៤០ដុល្លារ ដោយថាថៅកែឬនិយោជក ត្រូវជួយកម្មករ៣០ដុល្លារ ក្នុងមួយខែ ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់មានយន្តការជួយដល់កម្មករ ឬបុគ្គលិកក្រៅប្រព័ន្ធរាប់ម៉ឺននាក់ផ្សេងទៀតនោះឡើយ។

លើសពីនេះ ការជួយរបស់រដ្ឋាភិបាលនៅតែមិនទាន់អាចឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់កម្មករ បុគ្គលិក ទាំងការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធបានគ្រប់គ្រាន់នៅឡើយទេ ម្យ៉ាងចំណាត់ការនោះត្រូវបានក្រុមអ្នកធ្វើការងារសង្គមយល់ឃើញថាមានភាពយឺតយ៉ាវ និងខ្វះផែនការជាក់លាក់ផងដែរ។

កាលពីថ្ងៃទី៣០ ខែមិថុនា សម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) និងអង្គការលីកាដូ បានចេញផ្សាយរបាយការណ៍ដាក់ចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»។ របាយការណ៍នេះបានសម្ភាសកម្មករ ១៦២នាក់ក្នុងរោងចក្រ ៣ ដែលបានព្យួរការងារទាំងស្រុង ឬដោយផ្នែក ចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។

របាយការណ៍ដដែលបង្ហាញថា បញ្ហានេះ បង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារនិងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។

ក្រុមអង្គការនិងសហជីពដដែលថាបញ្ហានេះ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់។

ប៉ុន្តែរបាយការណ៍របស់អង្គការ សហជីពនេះ ត្រូវបានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ច្រានចោល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស