29.3 C
Phnom Penh

ពលរដ្ឋខ្មែរនៅមិនទាន់យល់ដឹងអំពីបំណុលជាតិ (ភាគបញ្ចប់)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងភាគទីមួយ យើងបានរាយការណ៍ថា បំណុលបរទេសដែលរាជរដ្ឋាភិបាលខ្ចីមកប្រើប្រាស់ក្នុងប្រទេសសម្រាប់គម្រោងអភិវឌ្ឍន៍អ្វីក៏ដោយ គឺជាបំណុលជាតិ (national debt) ដែលប្រជាជាតិខ្មែរ ឬ ពលរដ្ឋប្រទេសកម្ពុជា ជាអ្នកសង។ បំណុលបរទេស គេអាចចាត់ទុកជារឿងធម្មតា ពេលប្រទេសជាតិនិមួយៗត្រូវការដើម្បីកសាង និង អភិវឌ្ឍប្រ ទេស បើសិនជាប្រទេសនោះ គ្មានអំពើសំគិះ ពុករលួយរលេះ កេងប្រវ័ញ្ច លួចបន្លំទេនោះ។

យើងបានស្រង់ស្ថិតិបំណុលពីប្រភពមួយចំនួន ដែលបង្ហាញថាប្រទេសកម្ពុជាជំពាក់បំណុល បរទេសជិត ១៦ពាន់លានដុល្លារមកត្រឹមខែមីនា ២០២០ ដែលមួយភាគធំជាបំណុលទ្វេភា គី ខ្ចីចិន។ សារព័ត៌មានបរទេសមួយចំនួន ហៅបំណុលចិនដែលកម្ពុជាជំពាក់ ថាជាអន្ទាក់បំណុល (debt traps) ខ្លះហៅថា គម្រោងអភិវឌ្ឍន៍ចិន ខ្លះថាជាអាណានិគមថ្មី ខ្លះថា បំណុលបិទបាំង បំណុលហានិភ័យបិទបាំង អសមភាព ហើយខ្លះទៀតហៅថា បំណុលកេងប្រវ័ញ្ចហុតឈាម។

ក្នុងសេចក្តីរាយការណ៍ភាគទី២ អំពី បំណុលបរទេស យើងសូមពិនិត្យមើលទំហំបំណុលប្រ ទេសកម្ពុជា ដែលជំពាក់ចិនជិត ៤ពាន់លានដុល្លារ ដោយប្រៀបធៀបទៅនឹងប្រ ទេសដទៃមួយចំនួននៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ព្រមទាំងទ្រង់ទ្រាយនៃបំណុល ហើយនិងទីបញ្ចប់ តើប្រ ទេសនោះជួបផលវិបាកដូចម្តេចខ្លះ។

បំណុលទ្វេភាគីរវាងប្រទេសនិងប្រទេស ដែលក្រុងប៉េកាំងឲ្យក្រុងភ្នំពេញខ្ចី ភាគច្រើនជាបំណុលអនុគ្រោះ ហៅថា បំ ណុលបែបសម្បទាន (concessionary loans/lending /funding=soft loans) ដែលមានន័យថា លុយខ្ចីមានអត្រាការប្រាក់ទាបបំផុត ក្រោមអត្រាការប្រាក់លុយខ្ចីក្នុងទីផ្សារ មិនតឹងតែង ដល់ពេលកំណត់សង តែអាចពន្យាពេលបាន (grace period) ហើយមានរយៈកាលយូរឆ្នាំចាប់ពី៥០ឆ្នាំឡើងទៅ។ ប្រទេសមួយមានធនធាន ឲ្យលុយប្រទេសមួយ កំពុងអភិវឌ្ឍខ្ចី ដើម្បីផលប្រយោជន៍នយោបាយ និង ដើម្បីមានឱកាសចូលរុករកធនធានធម្មជាតិដែលប្រទេសម្ចាស់ បំណុលត្រូវការ។ ចិនឲ្យប្រទេសក្រៗក្នុងពិភពលោកខ្ចីលុយ គឺច្រើនតែឲ្យមានអ្វីមួយសម្រាប់ធានា សន្យាថាសង។ ជាមួយគ្នានេះ ចិនច្រើនតែឲ្យប្រទេសមួយខ្ចីលុយស្ថាបនា ឬ អភិវឌ្ឍជាតិ ដោយប្រើទុនខ្ចីនោះខ្លួនឯង តាម រយៈឲ្យក្រុមហ៊ុនចិន អ្នកជំនាញ អ្នកឯកទេសចិនធ្វើការឲ្យតែម្តង។

សម្រាប់ប្រទេសកម្ពុជា ទំនាក់ទំនងរវាងរដ្ឋអំណាចក្រុងប៉េកាំង និង រដ្ឋអំណាចក្រុងភ្នំពេញ ក្រៅពីជំនួយទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ធ្វើឡើងភាគច្រើនតាមរយៈក្រុមហ៊ុន ដាក់ទុនធ្វើអាជីវកម្ម នាំដើមទុនមកស្រុកខ្មែរ នាំទេសចរចិនមកលេង ដែលនាំឲ្យខ្មែរមានការធ្វើ។ ក្រៅពីរកស៊ីបើកបនល្បែងស៊ីសង កាស៊ីណូ វាលវ៉ៃកូនគោល សណ្ឋាគារ ក្រុមហ៊ុនខ្លះរាវរ៉ែ ក្រុមហ៊ុនខ្លះទៀតធ្វើអាជីវកម្មខាងកសិឧស្សាហកម្មលើធនធានធម្មជាតិខ្មែរ។

តាមសេចក្តីរាយការណ៍ពីអង្គការ លីកាដូ ក្នុងខែមីនា ២០២០ ផ្ទៃដីស្រុកខ្មែរជិត ២លាន ២សែនហិកតារ រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានធ្វើសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស៣០១កន្លែង ហើយ យួន និង ចិន ច្រើនជាងគេ។ ក្រុមហ៊ុនធ្វើអាជីវកម្មលើទឹកដីខ្មែរ៖ យួន ៥៥កន្លែង, ចិន ៥៤កន្លែង, ម៉ាឡេស៊ី ១២កន្លែង, សិង្ហបុរី ១១កន្លែង, កូរ៉េ ៨កន្លែង, ថៃ ៧កន្លែង, ជនជាតិឯទៀត ១៤កន្លែង, និង ជនជាតិមិនស្គាល់អត្តសញ្ញាណច្បាស់ ១៤កន្លែង។

ផែនការ និង គម្រោងអភិវឌ្ឍន៍មួយដែលមហាអំណាចលោកខាងលិចចាប់អារម្មណ៍ខ្លាំងជាងគេបំផុត គឺ គម្រោងអភិវឌ្ឍន៍ តារាសាគរ ខេត្តកោះកុង។ លោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនចិន Tianjin Development Group= Tianjin UDG) ដែលជាសាខាក្រុមហ៊ុន វ៉ាន់ឡុង (Tianjin  Wanlong Group) ដែលស្ថិតក្រោមការត្រួតពិនិត្យពី សមាជិកបក្ស កុម្មុយនិស្តចិន។ គម្រោងអភិវឌ្ឍន៍ តារាសាគរ លើផ្ទៃដីរាប់ម៉ឺនហិកតារ ប្រើដីឆ្នេរសមុទ្រប្រមាណ ២០%។

ឯកសារខ្លះថា លោក ហ៊ុន សែន ឲ្យដីក្រុមហ៊ុនចិន តៀនជិន យូឌីជី អភិវឌ្ឍ ៩៩ឆ្នាំ ក្នុងទឹកប្រាក់ជិត ៤បាន់លានដុល្លារ មានទំហំ ៣ម៉ឺន ៦ពាន់ហិកតារ ឬ ៣៦០គីឡូម៉ែត្រការ៉េ ឯកសារខ្លះថា ៤ម៉ឺន ៥ពាន់ហិកតារ ឬ ៤៥០គីឡូម៉ែត្រការ៉េ។ ក្រុមហ៊ុនចិន តៀនជិន យូឌីជី កាន់កាប់ ទាញយកផល ១០០% ពីគម្រោងអភិវឌ្ឍន៍ ផែ ឧទ្យានកំសាន្ត បុរី តារាសាគរ។ ក្រៅពីសង់សណ្ឋាគារ ១០០ ដោយសង្ឃឹមទាញទេសចរចិន ៣សែននាក់ក្នុងមួយឆ្នាំ ក្រុមហ៊ុន តៀនជិន យូឌីជី សង់កំពង់ផែទឹកសមុទ្រមានជម្រៅ ១១ម៉ែត្រ អាចឲ្យកប៉ាល់ដឹកទំនិញ ឬ កប៉ាល់ចម្បាំងចំណុះ ១ម៉ឺនតោន ចេញចូលចត សង់វាលយន្តហោះ មានផ្លូវហោះចុះឡើងប្រវែង ៣ពាន់ ២រយម៉ែត្រ ដែលអាចឲ្យយន្តហោះអ្នក ដំណើរធុនធំប្រភេទ បូអ៊ីង ៧៤៧ (Boeing 747) ឬ អ៊ែបឹស ៣៨០ (Airbus 380) ឡើងចុះបាន។

ចម្ងាយប្រមាណ ១៤៥គីឡូម៉ែត្រ ទៅខាងប៉ែកអគ្នេយ៍ខេត្ត កោះកុង គឺមូលដ្ឋានទ័ពជើងទឹក រាម ខេត្តព្រះសីហនុ ទំហំជិត ១គីឡូម៉ែត្រការ៉េ។ រដ្ឋអំណាចលោក ហ៊ុន សែន អនុ ញ្ញាត តាមកិច្ចព្រមព្រៀងសម្ងាត់ឲ្យយោធាចិនប្រើ ប្រាស់ផ្ទៃដីជិតពាក់កណ្តាលនៃមូលដ្ឋានកងនាវាចរណ៍ខេមរ ភូមិន្ទ។ ចិនថានឹងសង់ផែចំណតពីរ−មួយសម្រាប់កប៉ាល់ខ្មែរ មួយសម្រាប់កប៉ាល់ចិន។ តាមសេចក្តីរាយការណ៍ក្នុងកាសែតអាមេរិកាំង The Wall Street Journal នៅខែកក្កដា ២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់ខ្មែរ−ចិននោះ អនុញ្ញាតឲ្យបុគ្គលិកយោធាចិនកាន់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លង ដែន ឬ ប៉ាសស្ព័រ ខ្មែរ មានសិទ្ធិកាន់អាវុធ ហើយបើមានមន្រ្តីយោធាខ្មែរចង់ចូលទៅក្នុងផ្នែកចិនគ្រប់គ្រង ត្រូវសុំ ច្បាប់អនុញ្ញាតពីចិន។ មានពេលខ្លះ គេឃើញមាននាយ ទាហានចិនស្លៀកឯកសណ្ឋានកងយោធពលខេមរភូមិន្ទខាងជើងគោកអង្គុយប្រជុំ។ ជនជាតិចិនកាន់កាតខ្មែរមិនចម្លែកទេ ព្រោះថាប្រទេសជំពាក់បំណុលចិន ដូចជាប៉ាគី ស្ថាន ក៏ធ្វើកាត ឬ អត្តសញ្ញាណប័ណ្ណឲ្យជនជាតិចិនរស់នៅដែរ។ អធិបតេយ្យជាតិខ្មែរ លោក ហ៊ុន សែន លក់ដុំឲ្យយួនកុម្មុយនិស្តមុន រួចលក់ឲ្យចិនកុម្មុយនិស្តក្រោយ!

តាមរបាយការណ៍ឆ្នាំ២០១៧ ពី មជ្ឈមណ្ឌលសិក្សាឈាន មុខខាងកិច្ចការពារ (Center for Advanced Defense Studies=C4ADS) នៅរដ្ឋធានីវ៉ាស៊ិនតុន អ្វីជាគ្រោះថ្នាក់ធំ មិនត្រឹមតែប្រ ទេសកម្ពុជាបាត់បង់ឱកាស លទ្ធភាពទាញផលប្រយោជន៍ពីធនធានធម្មជាតិតាមឆ្នេរសមុទ្រ ក្នុងសមុទ្រ ក្នុងដីរបស់ខ្លួន ដែលរដ្ឋាភិបាលឲ្យចិនកាន់កាប់ ក្រោយពួកមន្រ្តីយោធាខ្មែរដេញប្រជាពលរដ្ឋយកដីធ្លីវាស់លក់ឲ្យចិនប៉ុណ្ណោះទេ។ ដំណើររកស៊ីជាមួយចិន ប្រាក់ក៏បង់ ថង់ក៏ដាចនោះ គឺនៅត្រង់ លោក ហ៊ុន សែន ដាក់ប្រទេសកម្ពុជាក្នុងស្ថានភាពមួយ ដែលចិនយកខេត្តកោះ កុងខ្មែរដាច់នាអនាគតធ្វើជាក្រុងហុងកុង ដើម្បីកាត់បំ ណុល យកតំបន់មាត់សមុទ្រធ្វើជាទីតាំងយោធាប្រតិបត្តិការចម្រុះខាងនាវាចរណ៍ក្នុងតំបន់ឥណ្ឌូ−ប៉ាស៊ីហ្វិក ងាយស្រួលចេញចូលពីមហាសមុទ្រប៉ាស៊ីហ្វិកទៅមហាសមុទ្រឥណ្ឌា ដោយស្នើជីកព្រែកកាត់ដីប៉ែក ខាងត្បូងប្រទេសថៃឡង់ដ៍នៅតំបន់ ក្រា។ ឧត្តមនាវីចិនមួយរូបឈ្មោះ ដិង សៀនវូ (Deng Xianwu) ជាមេបញ្ជាការកងទ័ពជើងទឹកប្រជាជនចិនថ្លែងថា៖ “ទីណាមានអាជីវកម្មចិន នាវាចម្បាំងនឹងមានចំណុចទីតាំងគាំទ្រការដឹកជញ្ជូន។”

មហាអំណាចលោកសេរី ស.រ.អា រួមនឹងប្រជាជាតិប្រជា ធិបតេយ្យមួយចំនួននៅអាស៊ី មើលឃើញគម្រោងចិនសង់ផែសមុទ្រសម្រាប់កប៉ាល់ធំៗតាមប្រទេសកូនបំណុល មិនត្រឹមគ្រាន់តែជាគម្រោងផែនការ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative=BRI) ហៅកាត់តាមអង់គ្លេសថា ប្រ៊ី ប៉ុណ្ណោះទេ ប៉ុន្តែ ជាផែនការយុទ្ធសាស្រ្តយូរអង្វែងក្នុងគោលដៅ គ្រប់គ្រងផ្លូវនាវាចរណ៍ផ្តាច់មុខទាំងខាងកងទ័ព ទាំងខាងពាណិជ្ជកម្ម បើពេលណាមានវិវាទ

យោធាជាមួយស.រ.អា។ លោក ហ៊ុន សែន ដាក់ប្រទេសកម្ពុជានៅកណ្តាលវង់ល្បែងនយោ បាយភូមិសាស្រ្ត –geopolitics–ឬ នយោបាយរកទឹកដី រវាងមហាអំណាចសេរី និង មហាអំ ណាចកុម្មុយនិស្ត។ ចិនឲ្យលុយខ្មែរចាយទទេក្តី ឲ្យខ្ចីក្តី មិនមែនមិនសម្លឹងមើល ឬ មិនស្វែងរកប្រយោជន៍វិញនោះទេ ទោះជារដ្ឋាភិបាលលោក ហ៊ុន សែន ប្រឹងប្រកាសក្តែងៗប្រាប់ពល រដ្ឋខ្មែរ ឬ ពិភពលោក ថា ចិនគោរពអធិបតេយ្យជាតិខ្មែរក៏ដោយ។

តាមអតីតសាស្រ្តចារ្យ វិទ្យាសាស្រ្តនយោបាយ នៃសកលវិទ្យាល័យ ហ្គាម បណ្ឌិត ហ្គាហ្វា ពាងម៉េត ទំនាក់ ទំនងរវាងប្រទេសនិងប្រទេស ផ្អែកលើគោលការណ៍ចំបង គឺប្រយោជន៍ជាតិមុន គ្មានទេមនុស្សធម៌សុទ្ធសាធនោះ។ បំណុលចិនដ៏ធំធេង ផ្តល់ឱកាសឲ្យក្រុងប៉េកាំងមានឥទ្ធិ ពលលើនយោបាយការបរទេសនៃប្រទេសកូនបំណុល ឬ ឥណវន្ត។

ចិនប៉េកាំងដាក់ទុនតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក សង់ថ្នល់ ស្ពាន សង់បង្គោលភ្លើងអគ្គីសនី ។ល។ គឺសំដៅទាញផលប្រយោជន៍ពីធនធានធម្មជាតិក្នុងទឹកដីទាំងនោះ មានដូចជា៖ ពេជ្យ មាស ប្រេងកាត ឧស្ម័នធម្ម ជាតិ សារធាតុអ៊ុយរ៉ានីញ៉ូម (សម្រាប់ផលិតអាវុធ បរមាណូ) ផ្លាទីន ស្ពាន់ ដែក បុកស៊ីដ (ឬអាលុយមីនីញ៉ូម) កូប័ល (សម្រាប់ផលិតអ៊ីសូតូប វិទ្យុសកម្ម) និង គ្រាប់ធញ្ញជាតិ កាកាវ។ ក្រៅតែពីប្រើលុយសង់ផែស្ងួតសមុទ្រសម្រាប់ផែនការយុទ្ធសាស្រ្តមុខពីរ −−យោធានិងជំនួញ−−ពីប្រទេសជីប៊ូទី (អាហ្វ្រិក) មកប្រទេសអារ៉ាប់ អូម៉ាន់ សិរីលង្កា បង់ក្លាដែស ប៉ាគីស្ថាន ភូមា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា ប្រ៊ុយណេ អូស្រ្តាលី ប្រទេសនិមួយៗទាំងអស់នេះ ក៏មានធនធានធម្មជាតិដែរ។

សិរីលង្កា ឲ្យចិនគ្រប់គ្រង ចាត់ចែងផែសមុទ្រ ហាំបានតូតា ៩៩ឆ្នាំ និង ស្រូបផល ៧០% មកពីចិនលុបចោលបំណុលជាង ១ពាន់លានដុល្លារ។ ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ចចិន−ប៉ាគីស្ថានចំនួន ៦២ពាន់លានដុល្លារ ផ្តល់ឲ្យចិនកាន់កាប់ផែ ហ្គាឌើ (Gwadar) អនុញ្ញាតឲ្យចិនចរចាជាមួយក្រុមឧទ្ទាមក្នុងដីប៉ាគីស្ថាន ឲ្យចិនស្រូបផលពី ៨៥% ទៅ ៩១%។ សូមបញ្ជាក់ថា ប្រ ទេស ជីប៊ូទី (អាហ្រ្វិក) អនុញ្ញាតឲ្យចិនស្រូបផលពីផែសមុទ្ររបស់ខ្លួនតែ ២៣.៥%ប៉ុណ្ណោះ។ កម្ពុជា អនុញ្ញាតឲ្យចិនកាន់កាប់ គ្រប់គ្រង ចាត់ចែងដីខេត្តកោះកុង មានផៃសមុទ្រ និង វាលយន្តហោះ រយៈពេល ៩៩ឆ្នាំ និង ឲ្យចិនស្រូបផលប្រយោជន៍ ១០០%។ គម្រោងអភិវឌ្ឍន៍ខេត្តកោះកុង លោក ហ៊ុន សែន ឲ្យក្រុមហ៊ុន តៀនជិន យូឌីជី ដាក់ទុន ១លានដុល្លារកក់ទៅក្នុង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (Cambodian Development Council=CDC) នៅឆ្នាំ២០០៨។

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនចិននេះធ្វើការអភិវឌ្ឍន៍ដោយឥតបងថ្លៃរយៈពេល ១០ឆ្នាំ ហើយអាចពន្យាពេលឲ្យ៣ឆ្នាំថែមទៀត។ បន្ទាប់មក រាជរដ្ឋាភិបាលបានចំណូលមួយឆ្នាំ ១លានដុល្លារពីថ្លៃឈ្នួលដីខេត្តកោះកុង។ ដីសម្បទានរដ្ឋាភិបាលជួល ឬ ឲ្យដាច់ទៅចិនទំហំ៣ម៉ឺន ៦ពាន់ហិកតារ រដ្ឋបានចំណូល ៣០ដុល្លារក្នុងមួយហិកតារ។ នៅខែកញ្ញា ឆ្នាំ២០១៦ កាសែត Financial Times ផ្សាយថាគម្រោងអភិវឌ្ឍន៍ តារាសាគរ ផ្តួចផ្តើមឡើងក្នុងអំឡុងឆ្នាំ២០០៨−២០០៩ តាមរយៈអតីតនាយទាហានកងទ័ពប្រជាជនចិនឈ្មោះ ហ៊្វូ សៀនទិង (Fu Xianting) ឬ បងធំ ហ៊្វូ។ បងធំ ហ៊្វូ ផ្តើមចងមិត្តជាមួយលោក ហ៊ុន សែន ដោយផ្គត់ផ្គង់ម៉ូតូ ២២០គ្រឿងដល់កងអង្គរក្ស ក្រោមបញ្ជាការឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង។ លោក សុខ អាន កាលនៅ រស់ ជាអ្នកស្វាគមន៍ក្នុងពិធីទទួលអំណោយនោះ។

ពាណិជ្ជករ ហ៊្វូ មានមុខតំណែងក្នុងគណៈកម្មាធិការ ឈ្មោះសមាគមចិន ផ្នែកទំនាក់ទំនងមិត្ត ភាពអន្តរជាតិ (China Association of International Friendly Contact) ដែលរាយការណ៍ត្រង់ទៅក្រសួងការបរទេស។ ពាណិជ្ជករ ហ៊្វូ មានមុខងារអាថ៌កំបាំងក្នុងក្រុមហ៊ុនមួយឈ្មោះ Beijing Tian Yi Hua Seng Technology ដែលមានទឹកប្រាក់ចុះបញ្ជី ៣សែនដុល្លារ។ ក្នុងពិធីសម្ពោធការដ្ឋាន តារាសាគរ សមាជិកការិយាល័យគណៈកម្មាធិការអចិន្ត្រៃយ៍ ឬ លេខាបក្សប្រចាំក្រុង តៀនជីន ហ្សាង ហ្គាវលី (Zhang Gaoli) ធ្វើជាអធិបតី។ ខែកក្កដា ២០១៥ លៀវ កេឌួ (Liao Kedua) អតីតស្នងការនយោបាយ នៃសេនាធិការបញ្ជាការដ្ឋានបន្ទាយកងទ័ពជើងគោកប្រជាជនចិនប្រចាំក្រុង តៀនជិន ស្វាគមន៍លោកឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីការ ពារជាតិ ហើយសម្តែងក្តីសង្ឃឹមថា គម្រោង តារាសាគរ ជាផ្កាមិត្តភាព ថែទាំដោយប្រទេសទាំងពីរ ចិន និង កម្ពុជា អាចនឹងលាស់បំព្រងឆាប់ៗនេះ។ ក្រោយៗមក សមាជិកបក្ស កុម្មុយនិស្តចិន ទស្សនាទីនោះជាញឹកញាប់។ ប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ តារាសាគរ តៀនជិន យូឌីជី ឈ្មោះ លី ហ្សីស្វ័ន (Li Zhixuan)។ ធនាគារចិនធំៗ សុទ្ធតែស្ថិតក្រោមស្ថាប័នរដ្ឋចិន។

លោក ហ៊ុន សែន មានមុខនាទីគ្រប់គ្រងក្រុមហ៊ុននេះជា មួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែរ។ អតីតរដ្ឋមន្រ្តីក្រសួង បរិស្ថាន ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្រ្តី គាត ឈន់ និង ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានឈ្មោះក្នុងគំរោងអភិវឌ្ឍន៍ តារាសាគរ ដែលស្ថិតក្នុងផែនការចិន គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ BRI។ តាមគម្រោងនេះ ខ្មែរបុលចិនសង់សមិទ្ធិផល ឲ្យចិនគ្រប់គ្រង កាន់កាប់ជាថ្នូរនឹងបំណុលក្នុងរយៈពេលជិតមួយសតវត្ស។

តាមសារព័ត៌មាន Asia Times Financial ផ្សាយថ្ងៃ១៧ កញ្ញា ២០២០  ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) និង បក្ស កុម្មុយនិស្ត ចេញបទបញ្ញត្តិ ដាក់ទិសឲ្យបក្ស កុម្មុយនិស្ត គ្រប់គ្រងក្រុមហ៊ុនឯកជនស្រុកចិនឲ្យបានណែន។ ប្រទេសកម្ពុជា រកស៊ីជាមួយចិន ទោះជាក្នុងទ្រង់ទ្រាយណាក៏ដោយ នឹងស្ថិតក្នុងគន្លងមាគ៌ាបក្ស កុម្មុយនិស្តចិន ជានិច្ច។ មាតុភូមិខ្មែរ ឬ ដីម្តាយខ្មែរ ទទួលរងទម្ងន់មហាទុក្ខភ័យ ល្បីពេញពិភពលោកដូចសព្វថ្ងៃនេះប៉ុណ្ណឹងហើយ យើងសង្កេតឃើញខ្មែរមួយចំនួន ទាំងក្នុងទាំងក្រៅស្រុក នៅមិនទាន់និយាយស្តាប់គ្នាបាន មិនស្គាល់មិត្ត ស្គាល់សត្រូវច្បាស់នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស