30 C
Phnom Penh

អ្នកប្រវត្តិសាស្ត្រខ្មែរថា ថៃកំពុងប្រមាទមើលងាយជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរដែលបានលួចចម្លងគំរូប្រាសាទអង្គរដើម្បីបម្រើសេវាទេសចរណ៍របស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកគ្រប់គ្រងកោះ ផា ង៉ាន ប្រទេសថៃ ចេញសុំទោសជាសាធារណៈចំពោះការយកគំរូរចនាបទប្រាសាទអង្គរដែលជាតំណាងឲ្យប្រទេសកម្ពុជាទៅតុបតែងក្នុងសណ្ឋាគាររបស់ខ្លួនដែលបណ្តាលឲ្យផ្ទុះកំហឹងយ៉ាងខ្លាំងពីពលរដ្ឋខ្មែរដែលកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេស ប៊ុក។

ប្រធានសមាគមទេសចរណ៍កោះ ផា ង៉ាន របស់ថៃ លោក វិឆ័យ ឃុងមុន អះអាងថា ស្ថាបនិកសណ្ឋាគារមានការសោកស្តាយយ៉ាងខ្លាំងចំពោះបញ្ហានេះ ត្បិតពួកគេមានការកោតស្ញប់ស្ញែងភាពអស្ចារ្យនៃរចនាបទប្រាសាទអង្គវត្តដ៏ល្អឯកគ្មានគូរប្រៀបរបស់ខ្មែរ។

យ៉ានេះក្តី ការិយាល័យវប្បធម៌ ខេត្ត សុរ៉ាថានី អះអាងថា ពួកគេបានបើកការស៊ើបអង្កេត ចំពោះការចោទប្រកាន់លើសណ្ឋាគារនេះហើយ។

ការសុំទោសនេះធ្វើឡើងក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម ហ្ចេស ប៊ុក ថា ការយកគំរូប្រាសាទអង្គរវត្តដែលជាអត្តសញ្ញាណជាតិខ្មែរ ទៅធ្វើជាសណ្ឋាគារក្នុងវិស័យជំនួញរបស់ជនជាតិថៃ គឺជាការប្រមាថមើលងាយដល់កិត្តិយសជាតិខ្មែរយ៉ាងធ្ងន់ធ្ងរ។ សាស្តា្រចារ្យសិលាចរឹក និងប្រវត្តិសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត វង់ សុធារ៉ា អះអាងថា ប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទជាច្រើនទៀត គឺជាអត្តសញ្ញាណរបស់ខ្មែរដែលតែងនាំគ្នាលើកតម្កើងគោរពបូជា និងការពារដើម្បីជាគោលកម្លាំងមោទនភាពជាតិ និងការរួបរួមជាតិ។ លោកបន្តថា បើអត្តសញ្ញាណនេះ ត្រូវគេយកទៅចម្លងដើម្បីគោលដៅធ្វើជំនួញ និងប្រើប្រាស់ដោយប្រាសចាកពីខ្លឹមសារដើមនោះ វាគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រលឹងដូនតាខ្មែរ និងប្រជាជាតិខ្មែរទាំងមូល។

លោកបញ្ជាក់ថា ការការពារ និងការលើកតម្កើងអត្តសញ្ញាណជាតិរបស់ខ្លួនត្រូវតែប្រកាន់ខ្ជាប់ជាដាច់ខាតសម្រាប់ជនជាតិនៃប្រទេសនីមួយៗ ត្បិតការរស់នៅក្នុងប្រទេសរៀងៗខ្លួនត្រូវតែមានគំនិតជាតិនិយមដែលជាទង្វើ និងទស្សនក្នុងការលើកតម្កើងអត្តសញ្ញាណរបស់ជាតិខ្លួន។

សណ្ឋាគារឈ្មោះ Le palais Hotel ដែលមានទីតាំងនៅកោះ ផា ង៉ាន ខេត្តសុរ៉ាត់ថានី ប្រទេសថៃ បានផ្សព្វផ្សាយលើវេបសាយរបស់ខ្លួនពី សេវា និងរូបរាងសណ្ឋាគារ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងអាងហែលទឹកជាដើម ដែលជាការចម្លងរចនាបទប្រាសាទអង្គរវត្ត អង្គរធំ  ប្រាសាទបន្ទាយស្រី និងប្រាសាទបាយ័ន របស់កម្ពុជាទាំងស្រុង។

បន្ទប់ស្នាក់នៅជាច្រើន អាងហែលទឹក និងអាហារដ្ឋាន ក្នុងសណ្ឋាគារនោះបានប្រើឈ្មោះតាមប្រាសាទបុរាណខ្មែរមួយចំនួន រួមមាន បន្ទប់បន្ទាយស្រី បន្ទប់បាយ័ន និងបន្ទប់អង្គរធំ ព្រមទាំងបានប្រើឈ្មោះប្រាសាទបុរាណទាំងនោះដាក់ឈ្មោះអាហារដ្ឋាន និងអាងហែលទឹករបស់ពួកគេថា អាហារដ្ឋានបាយ័ន  និងអាងហែលទឹកអង្គរធំ ជាដើម ផងដែរ។

ប្រាសាទអង្គរស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្នុងទឹកដីនៃខេត្ត សៀមរាប ដែលមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃ ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ ដែលបានកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី ២ នៅដើមសតវត្សទី ១២ ក៏ជាទីតាំងដែលកងទ័ពខ្មែរទទួលបានជ័យជំនះលើកងទ័ពសៀមក្នុងសម័យ រាជាណាចក្រអយុធ្យា នៅសតវត្សទី១៧ ផងដែរ។

បច្ចុប្បន្ននេះ ប្រាសាទអង្គរក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ ហើយក៏បានដាក់បញ្ចូលជាសម្បត្តិបិតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ កន្លងទៅថែមទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះសារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា បកស្រាយជុំវិញការផ្សព្វផ្សាយនេះបាននៅឡើយទេ។

បណ្ឌិត វង់ សុធរ៉ា អំពាវនាវដល់រដ្ឋាភិបាលថៃ គួរតែចាត់វិធានការចំពោះរឿងនេះដោយយុត្តិធម៌ផង បើថៃពិតជាអារិយ្យ ប្រទេសមួយ ដែលចេះស្រឡាញ់និងលើកតម្កើងអត្តសញ្ញាណរបស់ជាតិខ្លួនដែរនោះ បើមិនដូច្នោះទេ នឹងបង្ករឲ្យមានជម្លោះជាតិសាសន៍នៃប្រទេសទាំងពីរជាក់ជាពុំខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស