42.2 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យអ្នកនយោបាយខ្មែរ រួបរួមគ្នា ផ្សះផ្សាផ្ទៃក្នុងជាតិឲ្យ ទាន់ពេលវេលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD លើកឡើងថា ល្មមដល់ពេលដែលឥស្សរជនយោបាយទាំងអស់របស់ ខ្មែររួមមាន លោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវនាំគ្នាបង្កើតដំណោះស្រាយស្តង់ដានៃការ ផ្សះផ្សាផ្ទៃក្នុងជាតិជាក់លាក់មួយ។ ការធ្វើដូចនេះ ដើម្បីឆ្ពោះទៅរកការឯកភាពជាតិ និងជាការផ្សះផ្សាគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ២០២១ នេះ។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក ទូច វិបុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ នេះថា ភាគីជម្លោះនយោបាយខ្មែរ គួរដាក់ចេញសៀវភៅ ស អំពីគោលការណ៍ផ្សះផ្សាផ្ទៃក្នុងជាតិ ដែលបង្កើតឡើងដោយគណបក្សនីមួយៗ ដើម្បីជាបង្អែក ក្នុងការដោះស្រាយវិបត្តិនយោបាយប្រឈមមុខយ៉ាងធ្ងន់ធ្ងររបស់ប្រជាជាតិខ្មែរ ក្នុងពេលបច្ចុប្បន្ននេះ ។

លោកថា សៀវភៅ ស របស់ភាគីទាំងបី ត្រូវតែចែងអំពី បទបញ្ជា លក្ខខណ្ឌ និងការសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីពន្លត់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃរវាង ខ្មែរ និងខ្មែរ ដែលជាមធ្យោបាយ ឈានទៅរកការបញ្ចប់គំនុំសងសឹកនឹងគ្នាថែមទៀតផង។

ជាងនេះទៀត សៀវភៅ ស នេះត្រូវចែងពីក្រមសីលធម៌នយោបាយក្នុងការផ្ញើសារទាំងការនិយាយ និងសរសេរអត្ថបទនានា ក៏ដូចជាការប្រតិបត្តិការងារទាំងអស់ឲ្យបានច្បាស់លាស់ ផងដែរ។

លោក ទូច វិបុល មានជំនឿថា គ្រប់លក្ខខណ្ឌដែលបានចែងក្នុង សៀវភៅ ស ដែលភាគីគណបក្សនយោបាយខ្មែរបានបង្ហាញនូវគោលនិងឆន្ទៈច្បាស់លាស់ អំពីបែបបទផ្សះផ្សាជាតិ នឹងក្លាយទៅជាសេចក្ដីសច្ចាប្រណិធានជាចំហ របស់ក្រុមអ្នកនយោបាយទាំងនោះ នៅចំពោះមុខពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល សមាគមជាតិ និងអន្តរជាតិ ។

បញ្ហានេះ ពលរដ្ឋ អង្គការសង្គមស៊ីវិល សមាគមជាតិ និងអន្តរជាតិ នឹងដើរតួនាទីជាសាក្សីដ៏មានឥទ្ធិពលដើម្បីដាក់សម្ពាធលើភាគីនយោបាយណា ដែលមិនគោរពតាមគោលការណ៍ដែលពួកគេបានបង្កើតឡើងក្នុង សៀវភៅ ស នោះ។

ប្រភពដដែលបន្តថា សៀវភៅស នេះ ជាសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងអស់ នឹងពិចារណាប្រតិបត្តិតាមផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយវិបត្តិជាតិខ្មែរ ប្រកបដោយការជឿទុកចិត្តគ្នា ក្នុងរង្វង់ផ្ទៃក្នុងជាតិ។ លោកថាការរួមគ្នា ប្រតិបត្តិតាមគន្លងផ្លូវនេះ គឺជាពរជ័យប្រវត្តិសាស្ត្រ ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១ សម្រាប់បម្រើពលរដ្ឋខ្មែរទូទៅ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានលើកឡើងដោយបដិសេធ នឹងការធ្វើមាតុភូមិនិវត្តន៍របស់អនុប្រធានអតីតគណបក្សសង្គ្រោះជាតិអ្នកស្រី មួរ សុខហួរ ដែលអះអាងថា នឹងរកការចរចាដើម្បីផ្សះផ្សាជាតិជាមួយនឹងរូបលោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានប្រតិកម្មក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសស្តីពីការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២៨ វិច្ឆិកាថា លោកនឹងមិនចរចាជាមួយអ្នកនយោបាយណាទេ ព្រោះលោកមិនមានជម្លោះជាមួយអ្នកទាំងនោះឡើយ។ តែផ្ទុយទៅវិញអ្នកទាំងនោះមានជម្លោះជាមួយផ្លូវច្បាប់តែប៉ុណ្ណោះ។

លោក បញ្ជាក់ថា បើចង់ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ អ្នកទាំងនោះត្រូវទៅទទួលទោសចំពោះមុខច្បាប់ជាមុនសិន ត្បិតពួកគេបានប្រព្រឹត្តផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់ ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ដូច្នេះពួកគេត្រូវដោះស្រាយតាមផ្លូវតុលាការសិន ទើបអាចនិយាយគ្នាបានតាមក្រោយ។

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ សង្គម អះអាងថា ជម្លោះនយោបាយនៅកម្ពុជាមិនទាន់រកទីបញ្ចប់ឃើញនៅឡើយទេ ចាប់តាំងពីបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ និងការបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មក។ បើទោះបីជាជម្លោះដោយការប្រើកងកម្លាំងប្រដាប់អាវុធ បានស្រាកស្រានទៅហើយក្តី តែជម្លោះដោយការប្រើឧបករណ៍ផ្លូវច្បាប់របស់អ្នកមានអំណាច នៅតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្លានៅឡើយ។

ពួកគេ រិះគន់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយយ៉ាងអយុត្តិធម៌ ដែលបានសម្លាប់ រដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ ក្រោម   ស្ថាប័នសមត្ថកិច្ចអាជ្ញា នៃគណបក្សប្រជាជនកម្ពុជា ដោយការប្រើយុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ កាលពីចុងឆ្នាំ២០១៧។ ករណីនេះ ជាវិបត្តិជាតិ និងទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរហួសប្រមាណ ដែលបានបន្តដល់សព្វថ្ងៃនេះ។

អគ្គលេខាបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ិន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការលើកឡើងរបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស គឺជាកាយវិការប្រឹងប្រែងដ៏ល្អក្នុងការកសាងនយោបាយផ្សះផ្សារជាតិ ដ៏សមស្របមួយនៅកម្ពុជា ខណៈ គណបក្ស GDP របស់លោក ក៏បានចែងអំពីគោលនយោបាយបង្រួបបង្រួមជាតិក្នុង សៀវភៅបៃតង របស់ខ្លួនផងដែរ។

ចំណែកមន្ត្រីការពារសិទ្ធិមនុស្សសមាគមន៍អាដហុក លោក សឹង សែនករុណា អះអាងថា លោកគាំទ្រពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD  ត្បិតអង្គការសង្គមស៊ីវិល សមាគមន៍ជាតិ និងអន្តរជាតិក៏ធ្លាប់ផ្តល់អនុសាសន៍ដល់ឥស្សរជននយោបាយទាំងនោះ ជាច្រើនលើកច្រើនសារមកហើយដែរ។

លោកបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ គួរតែជជែកគ្នាដោយស្មោះត្រង់ និងតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក្នុងនាមជាខ្មែរអ្នកស្នេហាជាតិ និងជាអ្នកគិតគូរផលប្រយោជន៍ជាតិដូចគ្នា ដើម្បីរកការឯកភាពជាតិពិតប្រាកដ ត្បិតវាសនានៃអធិបតេយ្យជាតិ និងបូរណភាពទឹកដី របស់កម្ពុជា កំពុងត្រូវការពួកគេជួយស្រោចស្រង់យ៉ាងខ្លាំង និងជាបន្ទាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស