42.2 C
Phnom Penh

តើរដ្ឋាភិបាលសម្រេចឲ្យកងទ័ព និងស្ថាប័នអង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជនចាត់ចែងបែបណាលើបញ្ហាធនធានធម្មជាតិ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យើងខ្ញុំបានសន្យាថានឹងរាយការណ៍អំពីរឿងថា រាជ រដ្ឋាភិបាលបានចេញគោលការណ៍ជាផ្លូវការ រៀបចំឲ្យមានចំណងសម្ពន្ធមេត្រីភាពរវាងកងកម្លាំងប្រដាប់អា វុធ/កងកម្លាំងសន្តិសុខប្រដាប់អាវុធជាមួយនឹងស្ថាប័ន និង អង្គភាពស៊ីវិល។ រឿងនេះជារឿងចាស់កន្លងមកយូរឆ្នាំហើយ ប៉ុន្តែ ដូចយើងខ្ញុំបានជម្រាបថា មានពល រដ្ឋខ្មែរខ្លះដឹងហើយភ្លេច ខ្លះមិនដឹងរហូតមកទល់ពេល នេះ។

មួយវិញទៀត រឿងនេះជារឿងដែលមានទាក់ ទិននឹងការបង្កបញ្ហាក្នុងសង្គមជាតិរហូតដល់សព្វថ្ងៃ ដែលគ្មាននរណាម្នាក់ដោះរួច សូម្បីតែនាយករដ្ឋ មន្រ្តីក៏ដោះមិនរួចដែរ។ សម្ពន្ធមេត្រីភាពនោះ ក្លាយ ជាការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។

ផែនការចងសម្ពន្ធមេត្រីភាពគ្នារវាងកងទ័ព និង ស្ថា ប័ន ព្រមទាំងអង្គភាពស៊ីវិល បើគេវិភាគល្អិនល្អន់ គឺស្ថិតក្នុងទ្រឹស្តី បណ្តាញចងក្រងគ្នាជាបណ្តុំដ៏ណែនរឹងមាំ ជាផ្ទាងសិលាបំបែកមិនបាន ជាសសរស្តម្ភរំលំមិនបាន (monolith) ដើម្បីតែការពារផលប្រយោជន៍គ្នាទៅវិញទៅមកប៉ុណ្ណោះ គឺថា អ្នកមានអំណាចខាងលើចែកប្រយោជន៍ដល់អ្នកខាងក្រោម (ជាថានៈ យសសក្តិ លុយកាក់ ជាដើម)។

រីឯអ្នកខាងក្រោម ដែលបានបុណ្យ សក្តិ លុយកាក់ ទ្រព្យសម្បត្តិ ដោយសារអ្នកខាងលើ ក៏ប្រឹងតបស្នងសងគុណវិញជារបៀបជួយរកចិញ្ចឹម ជួយប្រមូលគ្នីគ្នា ជួយពង្រឹង ការពារ គាំទ្រតាមលំដាប់ថ្នាក់ ហើយចុងបញ្ចប់ គឺរក្សាការក្តោបក្តាប់អំណាចរហូត ប្រមូលផលសម្រាប់តែបក្ខ ពួកមួយរៀងរហូតទៅ។ អំណាចផ្តាច់ការមិនអាចរស់តែឯកឯងបានទេ បើពុំមានឃាតក និង មនុស្សស្មោះ សរស្ម័គ្រចិត្តជួយជ្រោមជ្រែង។

លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ លេខពិសេស ដែលមានន័យថា អត់មានលេខខ្ទង់ចុះបញ្ជី នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១០ ឲ្យអនុ វត្តហាក់បីដូចជាអនុក្រឹត្យ ស្តីអំពី ការកែសម្រួលនិងការរៀបចំការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកង ទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន­−អង្គភាពស៊ី វិល។

សេចក្តីសម្រេចលេខពិសេសនោះមានបីប្រការ ដោយអះអាងថា បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា បានឃើញព្រះរាជក្រឹត្យថ្ងៃ១៨ កក្កដា ២០០១, ព្រះរាជក្រឹត្យថ្ងៃ២៥ កញ្ញា ២០០៨។ បន្ទាប់មក បានឃើញ  ព្រះរាជក្រមថ្ងៃ២០ កក្កដា ១៩៩៤,  ព្រះរាជក្រមថ្ងៃ២៤ មករា ១៩៩៦។ បន្ទាប់មកទៀតបានឃើញ អនុក្រឹត្យថ្ងៃ២០ ធ្នូ ១៩៩៣,  អនុក្រឹត្យថ្ងៃ១៤ កញ្ញា ២០០០ ហើយនិង យោងតាមសំណូមពរនិងតម្រូវការចាំបាច់នៃការងារ។ 

ចុងបញ្ចប់នៃសេចក្តីសម្រេចលេខពិសេស ចុះហត្ថ លេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល ចម្លងជូនក្រសួង ព្រះបរមរាជវាំង អគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា អគ្គ លេខាធិការដ្ឋានរដ្ឋ សភា អគ្គលេខាធិការដ្ឋានរដ្ឋាភិបាល ខុទ្ទកាល័យនាយករដ្ឋមន្រ្តី  ខុទ្ទកា ល័យឧបនាយករដ្ឋមន្រ្តី  ដូចប្រការ ៣  រាជកិច្ច ឯកសារ−កាលប្បវត្តិ។ នេះមានន័យថា ជាផែនការ ជាគម្រោង ជាកិច្ចការផ្លូវការផ្លូវរដ្ឋមានការដឹងឮ ទទួលស្គាល់ យល់ស្រប ឯកភាពឥតជំទាស់ពីស្ថាប័នរដ្ឋកំពូលៗសឹងតែទាំងអស់។ សេចក្តីសម្រេចនេះ ពុំមានចែងអំពីគោលបំណង គោលដៅ ឬ មូលហេតុនៃការចងសម្ព័ន្ធមេត្រីភាព ដើម្បីអ្វីនោះឡើយ។

ក្នុងប្រការ ២ សេចក្តីសម្រេចលេខពិសេសនោះ បានចាត់ទុកសេចក្តីសម្រេចថ្ងៃ១៥ មិថុនា ២០០៥ និង សេចក្តីសម្រេចថ្ងៃ២១ កក្កដា ២០០៥ សេចក្តីសម្រេចថ្ងៃ១៧ កុម្ភៈ ២០១០ និង សេចក្តសម្រេចថ្ងៃ១៩ កុម្ភៈ ២០១០ ជានិរាករណ៍។ នេះមានន័យថា សេចក្តីសម្រេចពីមុនៗចាត់ទុកជាមោឃកម្ម ឬ អសារឥត ការ។ ពលរដ្ឋខ្មែរសាមញ្ញមិនបានដឹងថា សេចក្តីសម្រេចមុនៗនោះ សរសេរបែបណា មានន័យដូចម្តេច សម្រាប់ធ្វើអ្វីពិតប្រាកដនោះទេ។

ពលរដ្ឋក៏បានដឹង ច្បាស់អំពីព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យមុនៗនោះ ធ្វើដើម្បីអ្វីពិតប្រាកដដែរ ព្រោះថា អ្វីៗអ្នកគ្រប់ គ្រងរដ្ឋអំណាចបានសរសេរ បានអនុម័ត បានអនុវត្តលើពលរដ្ឋខ្មែរគ្រប់វិស័យរហូតមកដល់ពេលនេះ ឥតមានដាក់ក្នុងគេហទំព័រ វ៉ិបសាយត៍ ផ្សព្វផ្សាយជាសាធារណៈ អាចអានបាននោះទេ។ រដ្ឋអំណាចលាក់ បាំងពីពលរដ្ឋរបស់ខ្លួននូវសេចក្តីសម្រេចអនុក្រឹត្យ បទបញ្ជាទាំងឡាយ ដែលអាចធ្វើឲ្យរដ្ឋអំណាចជាប់ សង្ស័យ ឬ ជាប់ចោទអំពីបទអ្វី មួយក្នុងពេលអនុវត្តសេចក្តីសម្រេច អនុក្រឹត្យ បទបញ្ជាទាំងនោះ។ 

សណ្ឋាន ទ្រង់ទ្រាយនៃសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំងប្រដាប់អាវុធ និង ស្ថាប័ន អង្គភាពស៊ីវិល ព្រមទាំងក្រុម ហ៊ុនឯកជន ជាការយកកងកម្លាំងប្រដាប់អាវុធទៅការ ពារសកម្មភាពស្ថាប័នស៊ីវិល និង ក្រុមហ៊ុនឯកជន ហើយស្ថាប័នស៊ីវិល និង ក្រុមហ៊ុនឯកជន រកចិញ្ចឹមវិញ។ វិធីនេះ អាចជួយសម្រាលបន្ទុកចំណាយថវិកា រដ្ឋ ដែលត្រូវបើកឲ្យកងទ័ព នគរបាល ពេលឃ្លាំងថវិការដ្ឋមានមិនគ្រប់ចំណាយ។ ការចងសម្ព័ន្ធមេត្រី ភាពនេះ ធ្វើឡើងតែជាមួយកងទ័ពជើងគោក ឬ កង ទ័ពថ្មើរជើង កងកុម្មង់ដូឆត្រយោង យោធភូមិភាគ និង កងនគរបាលជាតិប៉ុណ្ណោះ ពុំមានចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពទ័ពជើងអាកាស ទ័ពជើងទឹក ឬ កងរាជ អាវុធហត្ថទេ។

គួរកត់សម្គាល់ថានៅប្រទេសភូមា រដ្ឋអំណាចយោធាកាន់អំណាច គ្រប់គ្រងគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ចផង អង់គ្លេសហៅថា junta ដែលក្នុងនោះក្រុមហ៊ុនអាជីវកម្មក៏គ្រប់គ្រងដោយពួកយោធា។

ចែងក្នុងប្រការ ១ រាជរដ្ឋាភិបាលសម្រេចភ្ជាប់សម្ព័ន្ធភាព (alliance) ដូចតទៅនេះ៖

I. អង្គភាពកងទ័ពយោធភូមិភាគ ១ ដែលមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ភ្ជាប់បញ្ជាការដ្ឋានយោធភូមិភាគ នៅទីរួមខេត្តស្ទឹងត្រែង ជាមួយនឹងក្រសួង សង្គមកិច្ចការងារ អតីតយុទ្ធជន និង យុវនីតិសម្បទា ហើយនិងក្រុមហ៊ុនចំការកៅស៊ូ ចំការអណ្តូងភ្ជាប់កងវរសេនាធំលេខ ៤២ ប្រចាំយោធភូមិភាគជាមួយក្រសួង បរិស្ថាន ក្រុមហ៊ុនចំការកៅស៊ូពាមជាំងភ្ជាប់កងវរសេនាតូចលេខ ១០១, ១០២, ១០៣ ជាមួយក្រសួង កិច្ចការនារី ក្រុមហ៊ុនទ្រី ភាព

យោធភូមិភាគ ២ ដែលមានខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង មានបញ្ជាការដ្ឋានយោធភូមិភាគនៅទីរួមខេត្តកំពង់ចាមភ្ជាប់កងវរសេនាតូចការពារព្រំដែនលេខ ២០១, ២០២, ២០៣ ជាមួយក្រសួងយុត្តិធម៌ ក្រុមហ៊ុន អភិវឌ្ឍន៍កោះពេជ្រ ដែលមានឈ្មោះ ជិន ហុក ជាប្រធានអគ្គនាយកភ្ជាប់កងពលតូចលេខ ២១ ជាមួយក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិក្រុមហ៊ុន អាហ្ស៊ិត (AZ) ដែលមានឈ្មោះ អ៊ឹង ប៊ុនហូវ និង ភរិយា ហេង សុខា ជាម្ចាស់ ព្រមទាំងឈ្មោះ លឹម ប៊ុនសួ ជាអ្នកគ្រប់គ្រង

យោធភូមិភាគ ៣ ដែលមានខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កែប កោះកុង មានបញ្ជាការដ្ឋាននៅទីរួមខេត្តកំពង់ស្ពឺភ្ជាប់បញ្ជាការដ្ឋានយោធភូមិភាគ ជាមួយក្រសួង រៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ក្រុមហ៊ុន អាន កូ របស់ថៅកែ កុក អាន ភ្ជាប់កងវរសេនាតូចការពារព្រំដែនលេខ ៣០១, ៣០២, ៣០៣  ជាមួយក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ក្រុមហ៊ុន កាស៊ីណូ លី យ៉ុងផាត់ កោះកុង ភ្ជាប់កងវរសេនាតូចលេខ ៣១៣ ជាមួយកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនចំការអំពៅ លី យ៉ុងផាត់ កំពង់ស្ពឺ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស