42.2 C
Phnom Penh

លោក មាជ សុវណ្ណារ៉ាថា លោកមិនរត់ចោលសមរភូមិនយោបាយកម្ពុជាដូចការចោទប្រកាន់នោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតអ្នកជាប់ឃុំមនសិការ លោក មាជ សុវណ្ណារ៉ា  អះអាងថា លោកនឹងមិនរត់ចោលសមរភូមិនយោបាយនៅកម្ពុជាជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះលោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា រយៈពេល១៥ថ្ងៃដែលលោកបានឃ្លាតឆ្ងាយ ចេញពីទឹកដីកំណើតដ៏កំសត់កម្ពុជា មិនមែនជាការរត់ចោលសមរភូមិ នយោបាយដូចអតតីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដទៃទៀតនោះទេ។

លោក អះអាងថា ការឃ្លាតឆ្ងាយពីមាតុភូមិនេះ គឺដើម្បីបំពេញបេសកកម្មក្នុងរយៈពេលខ្លី ដើម្បីរកកម្រៃដោយសុច្ចរិតចិញ្ចឹមជីវិតក្នុងការបន្តជីវភាពនយោបាយ និងបន្តស្មារតីគណបក្សសង្គ្រោះជាតិ តទៅទៀត មិនមែនដូចការចោទប្រកាន់ ឬលាបពណ៌ពីសំណាក់មនុស្សមួយក្រុមនោះឡើយ។

មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងរូបនេះ អំពាវនាវឲ្យអ្នកដឹកនាំនយោបាយខ្មែរទាំងអស់ត្រូវសាមគ្គីគ្នា ដើម្បីរកដំណោះស្រាយនយោបាយជូនជាតិ និងពលរដ្ឋ។ លោកបន្តថា ក្នុងនាមជាអ្នកកាច់ចង្កូតរបស់កម្ពុជា បើមិនបានចូលរួមជួយធ្វើឲ្យប្រសើរឡើងទេ សូមកុំជាន់ពន្លិចជាតិ ដ៏កំសត់មួយនេះទៀត ត្បិតខ្មែររងការជិះជាន់រាប់                 ទសវត្សមកហើយ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនបានលាឈប់ ពីជីវភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយខ្លះទៅចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងខ្លះទៀតរត់ទៅដឹកនាំបង្កើតបក្សថ្មីដោយខ្លួនឯង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស