គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងសម្រាប់ឆ្នាំ២០២១ នេះហើយ។
ការសម្រេចនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានផ្សព្វផ្សាយពីកាលបរិច្ឆេទនៃការបោះឆ្នោតសាកល្បង និងការទទួលពាក្យភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍ក្នុងការបោះឆ្នោតសាកល្បងនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ ដែលនឹងធ្វើឡើងទូទាំង ២៥រាជធានី-ខេត្ត។
គ.ជ.ប អះអាងថា ការបោះឆ្នោតសាកល្បងនេះត្រូវបានកំណត់យកការិយាល័យបោះឆ្នោតត្រឹមតែ ២ប៉ុណ្ណោះសម្រាប់ឃុំ-សង្កាត់នីមួយៗ ខណៈការទទួលពាក្យអ្នកសង្កេតការណ៍ជាភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អាចដាក់ពាក្យដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរនេះចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះផងដែរ។
ជុំវិញការបោះឆ្នោតសាកល្បងនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នេះ។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារ៉ុម បានអះអាងថា គ.ជ.ប កំពុងសិក្សានិងកែលំអនីតិវិធីបន្ថែមទៀតមុននឹង គ.ជ.ប សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេឡិចត្រូនិកនេះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងឆ្នាំ២០២២ ខាងមុខ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ខែមិថុនា នេះថា គណបក្សរបស់លោកកំពុងតាមដានពីដំណើរការនៃការបោះឆ្នោតសាកល្បងតាមប្រព័ន្ធអេឡិចត្រូនិកនេះយ៉ាងយកចិត្តទុកដាក់។
លោកអះអាងថា លោកមិនទាន់អាចសន្និដ្ឋាន ឬធ្វើការវាយតម្លៃពីប្រព័ន្ធព័ត៌មានវិទ្យាដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីបម្រើការឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងនេះបាននៅឡើយទេ ដូច្នេះមានតែរង់ចាំមើលលទ្ធផលទាំងអស់គ្នាសិន។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោកកំពុងពិចារណាចូលរួមបោះឆ្នោតសាកល្បងនេះផងដែរ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្រើនបន្ថែមទៀតពីរបៀបនៃការបោះឆ្នោតតាមប្រព័ន្ធព័ត៌មានវិទ្យាដែលមានជាលើកដំបូងក្នុងដំណើរការនៃកាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងនេះ មុននឹងឈានទៅដល់ការប្រើប្រាស់ជាផ្លូវការក្នុងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ នាពេលខាងមុខនោះ។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥ ដែលត្រូវកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះជាកំណត់។ ដូច្នេះ រយៈពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្លូវការក្នុងឆ្នាំ២០២២ នៅសល់តែរយៈពេល ១២ខែទៀតប៉ុណ្ណោះ ស្របពេលគណបក្សនយោបាយនៅកម្ពុជាមានជាង ៤០ ដែលបានចុះបញ្ជីជាផ្លូវការត្រៀមចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោតសម្រាប់អាណត្តិទី៥ ខាងមុខនេះ៕
គ.ជ.ប កំណត់ថ្ងៃបោះឆ្នោតសាកល្បងជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.