40.8 C
Phnom Penh

គ.ជ.ប អំពាវនាវ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បញ្ឈប់​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ ប៉ុន្តែ​គេ​ដឹង​ថា​ជា​គណបក្ស​ភ្លើង​ទៀន ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជាបន្ទាន់ បន្ទាប់ពី​មេដឹកនាំ​គណបក្ស​នេះ​បាន​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​ខ្លួន ឲ្យ​ពិចារណា​ប្រើ​សិទ្ធិ​គាំទ្រ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​តំណាង​ឲ្យ​បក្ស​ភ្លើង​ទៀន នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥។

នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គ.ជ.ប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​យល់​ឃើញ​ថា គណបក្ស​នយោបាយ​មួយ​ដែល​គ្មាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត បាន​ធ្វើ​សកម្មភាព​គំរាមកំហែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ឲ្យ​បោះឆ្នោត​ជូន​គណបក្ស​នេះ ឬ​គណបក្ស​នោះ ដែល​ជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត រំលោភ​ការណ៍​សម្ងាត់​នៃ​ការ​បោះឆ្នោត និង​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​បោះឆ្នោត។

គ.ជ.ប បាន​អំពាវនាវ​ឲ្យ​គណបក្ស​ដែល​ធ្វើ​សកម្មភាព​ខុស​ច្បាប់ បញ្ឈប់​ជាបន្ទាន់ និង​ត្រៀម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​គណបក្ស​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​៧១ នៃ​ច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ត្រូវ​យក​ទៅ​អនុវត្ត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​២០២៤។

ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​របស់ គ.ជ.ប អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន​លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ភ្លើង​ទៀន​តែងតែ​គោរព​ច្បាប់ ដោយ​មិន​ដែល​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​ណា​មួយ​ឡើយ។

លោក​បន្ថែម​ថា គណបក្ស​ប្រឆាំង​របស់​លោក​គឺជា​អ្នក​រងគ្រោះ ដោយសារ​អង្គ​បោះឆ្នោត​របស់​ខ្លួន​មួយ​ចំនួន​បាន​រង​នូវ​ការ​បំភិតបំភ័យ ហើយ​ក៏​បាន​ស្នើ​ឲ្យ គ.ជ.ប ជួយ​ទប់ស្កាត់​សកម្មភាព​នេះ​ផង​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្លាប់​បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ នាំគ្នា​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​ចាត់ទុក​ថា​ជា​គណបក្ស​ដែល​តំណាង​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ពេលនេះ ទើប​អាច​កម្ចាត់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ជោគជ័យ។

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​មាន​គណបក្ស​ចំនួន​៤ ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​កម្លាំង​ជាតិ។

ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជាដើម ដែល​មាន​អាណត្តិ ៥​ឆ្នាំ​ដូចៗ​គ្នា។

ប្រទេស​កម្ពុជា បោះឆ្នោត​ជា​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​បាន ៣​ដង​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​ធ្វើឡើង ៧​អាណត្តិ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន​ធ្វើ​ឡើង​បាន ៣​ដង​ដែរ ចំណែក​ឯ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បាន​ធ្វើ​ឡើង ៦​ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស