31 C
Phnom Penh

នាយករដ្ឋមន្ត្រី​បន្ថែម​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ពង្រឹង​យុទ្ធនាការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​Covid-19 ទាំង ២៥​រាជធានី-ខេត្ត​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង ២៣:៥៩​នាទី នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ជា​កំហិត។

ការ​សម្រេច​ចេញ​នូវ​វិធានការ​ថ្មី​របស់​លោក ហ៊ុន សែន ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វត្តមាន​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។

លោក ហ៊ុន សែន អះអាង​ថា ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​រលក​ទី​៣ ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA នេះ គណៈអភិបាល​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ក្នុង​អំឡុង​ពេល​អនុវត្ត​នូវ​យុទ្ធនាការ​នេះ។

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ធ្វើ​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ​ដូចជា ខារ៉ាអូខេ រង្គសាល និង​សួន​កម្សាន្ត​ជាដើម ជាង​នេះ​ទៀត ក៏​ត្រូវ​ដាក់​បម្រាម​គោចរ​សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល ឬ​ផ្នែក​ខ្លះ​ចាប់ពី​ចន្លោះ​ម៉ោង ២១​យប់​ដល់​ម៉ោង ៣​ភ្លឺ​ផង​ដែរ ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទីរួម​ខេត្ត ឬ​តាម​ទីប្រជុំជន​ដទៃ​ទៀត។

ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ជា​បន្តបន្ទាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ក្រៅ​ប្រទេស។

ទាក់ទិន​នឹង​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​បាន​រក​ឃើញ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ចំនួន ៣៩​ករណី ដែល​កើតឡើង​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ពលករ​មកពី​ប្រទេស​ថៃ។

ជុំវិញ​ការ​ឆ្លង​រាលដាល​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​សម្រេច​ដាច់ដោយឡែក​មួយ​ទៀត​ផង​ដែរ​ស្ដីពី​ការ​បិទ​ខ្ទប់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ចំនួន ៨ ដូចជា​ខេត្ត៖

  • កោះកុង
  • ពោធិ៍សាត់
  • បាត់ដំបង
  • ប៉ៃលិន
  • បន្ទាយមានជ័យ
  • ឧត្តរមានជ័យ
  • ព្រះវិហារ
  • និង​ខេត្ត​សៀមរាប។

ការ​បិទ​ខ្ទប់​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា វេលា​ម៉ោង ២៣:៥៩​នាទី​យប់​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មកពី​មេរោគ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ដោយ​ការ​ហាមឃាត់ រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ចេញចូល​ក្នុង​ខេត្ត​ដែល​បាន​បិទ​ខ្ទប់​ទាំងនេះ។

ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៧៦៥​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៩៤​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១១​នាក់​ផង​ដែរ។ ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៧​ម៉ឺន ៥​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៣០០​នាក់​ហើយ​មក​ទល់នឹង​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស