39.4 C
Phnom Penh

សង្គម​ស៊ីវិល​ជិត​១០០​ស្ថាប័ន​ជំរុញ​ឲ្យ​បញ្ចូល​កង្វល់​និង​តម្រូវការ​ពលរដ្ឋ​រងគ្រោះ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ប្រកាស​គាំទ្រ​លិខិត​ចំហ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ដែល​ស្នើ​ឲ្យ​តំណាង​អង្គការ​ស្បៀងអាហារ និង​តំណាង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​នូវ​ក្ដី​កង្វល់ និង​សេចក្តី​ត្រូវការ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។

អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា (FAO) ដោយ​ស្នើ​ឲ្យ​ជួយ​លើក​យក​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កសិករ ប្រជា​នេសាទ សហជីព និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ជាតិ និង​សកល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។

ប្រភព​ដដែល​អះអាង​ថា ដំណើរការ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ កំពុង​បង្ហាញ​នូវ​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល កំពុង​ប្រើប្រាស់​ប្រព័ន្ធ​សេដ្ឋកិច្ច​សេរី​ដែល​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ដំណើរការ​សម្រេច​ចិត្ត​របស់​កសិករ ប្រជា​នេសាទ កម្មករ និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨៧​ស្ថាប័ន ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​ថា អាដហុក និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស សង់ត្រាល់ និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ ជាដើម បាន​ប្រកាស​គាំទ្រ​លិខិត​ចំហ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ​ដែល​បាន​ស្នើសុំ​ដាក់​បញ្ចូល​កង្វល់ និង​តម្រូវការ​ប្រឈម​របស់​ពួកគេ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​ពិភពលោក ដែល​នឹង​រៀបចំ​ឡើង​នៅ​ខែ​កញ្ញា ខាងមុខ​នេះ។

អង្គការ​សហប្រជាជាតិ នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ ក្នុង​គោលបំណង​បង្កើន​ចំណី​អាហារ និង​កសិកម្ម ដើម្បី​ពន្លឿន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ប្រកប​ដោយ​ចីរភាព ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀងអាហារ​ឆ្ពោះទៅ​រក​របប​អាហារ​ដែល​មាន​សុខុមាលភាព ចីរភាព និង​រស់នៅ​ប្រកប​ដោយ​សុភមង្គល និង​ការពារ​ភព​​​ផែនដី។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពល​រដ្ឋកម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ ៧៩% រស់នៅ​តាម​តំបន់​ជនបទ​ដោយ​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម ជលផល និង​ព្រៃឈើ ដើម្បី​រស់រាន​មាន​ជីវិត។

ប្រភព​ដដែល​អះអាង​ថា តាមរយៈ​នៃ​ការ​ចុះ​សម្ភាស​ពលរដ្ឋ​ចំនួន ៧​ខេត្ត​នៅ​កម្ពុជា មាន​ពលរដ្ឋ​ប្រមាណ ៤០% នៃ​កសិករ ៩៨​គ្រួសារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ក្រចេះ ជាដើម បាន​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយសារ​តម្រូវការ​លើ​ផលិតកម្ម​កសិកម្ម​ដែល​ពួកគេ​បាន​ប្រឈម។

ជាង​នេះ​ទៀត បញ្ហា​លើ​សង្វាក់​ផលិតកម្ម​កសិកម្ម​នេះ បណ្តាល​ឱ្យ​កសិករ​ភាគច្រើន​ត្រូវ​ធ្វើ​ចំណាកស្រុក​លក់​កម្លាំង​ពលកម្ម ដើម្បី​សន្សំ​ប្រាក់​ទិញ​ស្បៀង និង​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ក្នុង​គ្រួសារ ដោយឡែក​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​របស់​ពួកគេ​មិន​មាន​សុវត្ថិភាព​នោះ​ទេ ដោយសារតែ​ការ​រំលោភ​បំពាន​ពី​ពួក​អ្នក​មាន​អំណាច​ដែល​កាន់កាប់​គម្រោង​អភិវឌ្ឍន៍​សាជីវកម្ម​របស់​ក្រុមហ៊ុន​ធំៗ និង​ការ​រំលោភ​យក​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ជូន​ពលរដ្ឋ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស្ដារ និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ធំ​តាម​សហគមន៍​ដើម្បី​ឲ្យ​កសិករ​មាន​លទ្ធភាព​បង្កបង្កើនផល និង​ការ​ផលិត​ស្បៀងអាហារ ព្រមទាំង​អាច​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ប្រកប​ដោយ​ចីរភាព។

ក្នុង​លិខិត​ចំហ​ដដែល​នេះ ក៏​បាន​ផ្តល់​អនុសាសន៍ ៤​ចំណុច​ដល់​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធភាព​ជួយ​ដល់​ពួកគាត់ រួម​មាន៖

  • ទី​១ បដិសេធ​ចំពោះ​ការ​ជ្រៀតជ្រែក​ឥទ្ធិពល​របស់​ក្រុមហ៊ុន​សាជីវកម្ម។
  • ទី​២ បញ្ចប់​ការត្រួតត្រា​របស់​ក្រុមហ៊ុន​លើ​ផ្នែក​កសិកម្ម និង​ប្រព័ន្ធ​ស្បៀងអាហារ។
  • ចំណុច​ទី​៣ គឺ​លើក​កម្ពស់​អធិបតេយ្យ​ស្បៀងអាហារ​របស់​កសិករ ប្រជា​នេសាទ អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាតិ​ដើម​ភាគតិច ជាជាង​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ។
  • រីឯ​ចំណុច​ទី​៤ វិញ ស្ដារ និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច និង​មធ្យម និង​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​របស់​កសិករ​នៅ​តាម​សហគមន៍ ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​បង្កបង្កើនផល ផលិត​ស្បៀងអាហារ និង​អភិវឌ្ឍ​សហគមន៍​ប្រកប​ដោយ​ចីរភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស