អង្គការ និងសមាគមជាច្រើនដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ចាប់ផ្ដើមដាក់ចេញនូវយុទ្ធនាការសុំឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតដែលអាជ្ញាធរកម្ពុជាបានចាប់ឃុំខ្លួនកន្លងមក។
អង្គការសង្គមស៊ីវិល និងសមាគមនានានៅកម្ពុជា បានប្រកាសយុទ្ធនាការលើបណ្ដាញសង្គម Facebook នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងលោក មាន ព្រហ្មមុនី ជាដើម ដែលកំពុងជាប់ក្នុងពន្ធនាគារទាំងអយុត្តិធម៌សព្វថ្ងៃនេះ។

ប្រភពដដែលអះអាងថា រយៈពេលចុងក្រោយនេះ អាជ្ញាធរបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារលើអ្នកការពារបរិស្ថានជាយុវជនជាច្រើននាក់ដែលតែងធ្វើយុទ្ធនាការជាសាធារណៈ ដើម្បីលើកឡើងពីបញ្ហាបរិស្ថាន ដូចជាការគ្រប់គ្រងទឹកកខ្វក់ ការធ្វើអាជីវកម្មបូមខ្សាច់ដែលខុសច្បាប់ និងការលុបបឹងធម្មជាតិដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជានាពេលកន្លងមក។
អង្គការសមាគមទាំងនោះបញ្ជាក់ថា នៅមុនទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមសង្គមស៊ីវិលនឹងធ្វើយុទ្ធនាការទាក់ទាញការគាំទ្រដើម្បីស្នើសុំឱ្យដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សទាំងអស់ដែលកំពុងជាប់ពន្ធនាគារទាំងអយុត្តិធម៌ និងផ្សព្វផ្សាយពីការងារការពារបរិស្ថានរបស់ពួកគេមុនពេលដែលសមត្ថកិច្ចបានចាប់ខ្លួន។
ប្រភពដដែលបញ្ជាក់ថា សកម្មជនសិទ្ធិមនុស្សទាំងនោះតែងឈរជួរមុខក្នុងការបង្ហាញ និងតវ៉ាចំពោះការបំផ្លាញធនធានធម្មជាតិរហូតមក ប៉ុន្តែជាអកុសល អ្នកទាំងនោះបែរជារងនូវការរំលោភបំពាន បំភិតបំភ័យ និងការផ្ដន្ទាទោសដាក់ពន្ធនាគារដែលកំពុងប្រឈមមុខនឹងបទចោទ “រួមគំនិតក្បត់” និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមទៅវិញ។
ការប្រកាសយុទ្ធនាការនេះ ធ្វើឡើងស្របពេលដែលសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សកំពុងប្រឈមនឹងការចាប់ឃុំខ្លួន និងចោទប្រកាន់ពីអាជ្ញាធរកម្ពុជាទាំងអយុត្តិធម៌ ក្នុងពេលបច្ចុប្បន្ននេះ។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អង្គការសមាគមជាច្រើនបាននាំគ្នាធ្វើយុទ្ធនាការលើបណ្ដាញសង្គម Facebook ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សដែលកំពុងត្រូវបានឃុំខ្លួនសព្វថ្ងៃនេះ រួមមានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមធាងត្នោត ជាដើម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១១ ខែសីហា ជុំវិញយុទ្ធនាការសុំឲ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សនេះ ដោយដាក់ចំណងជើងថា «សូមសិក្សាពីមេរៀនផ្ដាច់ការ អាជ្ញានិយម ឬមេកន្ទ្រាញក្នុងសម័យទំនើប»។
លោកលើកឡើងថា ការដឹកនាំតាមបែបផ្ដាច់ការបានកើតមាន និងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែររាប់តាំងពីការដឹកនាំរដ្ឋរហូតដល់របៀបរបបរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយវាជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា «សង្គមខ្មែរមុជមិនជ្រៅ ទៅមិនឆ្ងាយ» ដោយសារតែរបបផ្ដាច់ការនេះតែម្តង។
បណ្ឌិត សេង សារី បញ្ជាក់ថា ដើម្បីគ្រប់គ្រងអំណាច ជនផ្ដាច់ការតែងប្រើល្បិចកលជាច្រើនដូចជាការប្រើវិធីសាស្ត្រធ្វើឲ្យមន្ត្រីរាជការរបស់ប្រជាពលរដ្ឋចុះខ្សោយ បង្កើតសាលារៀនឲ្យបានច្រើនដើម្បីប្រជាប្រិយភាពបុគ្គល តែមិនពង្រឹងគុណភាពអប់រំ។ ជាងនេះទៀត ពួកគេតែងព្យាយាមបង្កើតពាក្យ «សន្តិភាព» ដើម្បីបិទបាំងបញ្ហា និងភាពអយុត្តិធម៌ក្នុងសង្គម ការរំលោភបំពានសិទ្ធិមនុស្ស និងដើម្បីបិទបាំងនូវទង្វើអសមត្ថភាពដឹកនាំតាមបែបប្រជាធិបតេយ្យរបស់ពួកគេផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងពីកង្វល់របស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាច្រើនរូប ថាការឃុំខ្លួន និងការដកហូតសិទ្ធិសេរីភាពរបស់សកម្មជនសិទ្ធិមនុស្សទាំងនោះ គឺជាការបំពានច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិ ដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ជុំវិញការចាប់ខ្លួននេះ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជននយោបាយ សកម្មជនការពារព្រៃឈើ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង ៥០នាក់ហើយ ដែលការចាប់ខ្លួននេះ គឺខុសនឹងនីតិវិធីច្បាប់ ខុសរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ ក្នុងចេតនាបំបិទសំឡេងប្រឆាំង និងបំបាត់ការរិះគន់លើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ៕