32 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា៖ កម្ពុជា​មាន​ជំងឺ​កាច​សាហាវ​ដែល​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​ធំ​ដល់​ការ​បង្រួបបង្រួម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ព្រមាន​ថា ក្នុង​សង្វៀន​នយោបាយ​នៅ​កម្ពុជា​មាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ចំនួន​កំពុងតែ​រីក​រាលដាល​យ៉ាង​ខ្លាំង ដែល​ជា​ឧបសគ្គ​ដល់​ការ​រួបរួម ​និង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ក៏​កំពុងតែ​បំផ្លាញ​សង្គម​កម្ពុជា​ដល់​ឫសគល់​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ថា ជំងឺ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា​តាំងពី​អតីតកាល​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​ជំងឺ​ក្តិច​ត្រួយ ជំងឺ​តួឯក ជំងឺ​អាត្មានិយម ជំងឺ​ជេរប្រមាថ ជំងឺ​លាប​ពណ៌ និង​ជំងឺ​ជាច្រើន​ទៀត ហើយ​ជំងឺ​ទាំងនោះ​បាន​ចូល​ទៅ​សម្ងំ​ក្នុង​សរសៃឈាម​អ្នក​នយោបាយ​ខ្មែរ​ដែល​ស្រឡាញ់​អំណាច​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ។

លោក​អះអាង​ថា និស្សិត​បញ្ញវន្ត​ខ្មែរ​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ពិបាក​រស់ និង​ពិបាក​សម្រប​ខ្លួន​ក្នុង​បរិបទ​សង្គម​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​ជំងឺ​បែប​នេះ​ណាស់ ខណៈ​និស្សិត​បញ្ញវន្ត​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​គ​ធ្វើ​ថ្លង់ ដើម្បី​សេចក្តី​សុខ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​ស្មើ​នឹង​រុញ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​មរណៈ​កាន់តែ​ជ្រៅ​បន្ថែម​ទៀត។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ដោយសារតែ​ជំងឺ​ទាំងនេះ​បាន​បណ្តាល​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​មិន​ទុកចិត្ត​គ្នា មិន​អាច​រក​ការ​ឯកភាព​ជាតិ​ដើម្បី​កសាង​សង្គម​ជាតិ និង​សេចក្តី​ថ្លៃថ្នូរ​ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន ខណៈ​ពលរដ្ឋ​ខ្មែរ​ពិតជា​ចង់​បាន​សន្តិភាព​ដោយ​ពិតប្រាកដ និង​ការ​ស្រុះស្រួល​រវាង​អ្នក​នយោបាយ​ទាំងនោះ​ខ្លាំង​ណាស់ ព្រោះ​បញ្ហា​ប្រទេស​ជាតិ​ជាច្រើន​កំពុង​រង់ចាំ​ពួកគេ​ទៅ​ដោះស្រាយ។

ការ​លើកឡើង​របស់​លោក មាជ សុវណ្ណារ៉ា ស្រប​ពេល​ដែល​មេដឹកនាំ​នយោបាយ​ធំៗ​របស់​កម្ពុជា​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រើ​វិធីសាស្ត្រ​រៀងៗ​ខ្លួន​ដើម្បី​ផ្តួល​ដៃគូ ខណៈ​វិបត្តិ​នយោបាយ​រឹត​តែ​បន្ត​កើន​មាន​ដោយសារ​ល្បិច​កល​របស់​មេដឹកនាំ​ធំៗ​ទាំងនោះ។

បើ​ទោះបីជា​នៅ​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​អនុវត្ត​ដំណើរការ​បោះឆ្នោត​លើកដំបូង​ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ​ក៏ដោយ ក៏​អ្នក​នយោបាយ​ខ្មែរ​នៅតែ​ដណ្តើម​អំណាច​គ្នា​ក្រោម​ល្បិច​កល​គ្រប់​បែបយ៉ាង ដើម្បី​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​រហូត​ដល់​មាន​ការ​ប្រើ​វិធីសាស្ត្រ​ទុច្ចរិត​ដាក់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​យក​ឈ្នះ​រៀងៗ​ខ្លួន។

ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មកនេះ ត្រូវ​គេ​មើលឃើញ​ថា បុរស​ខ្លាំង​រូប​នេះ​បាន​ប្រើ​ល្បិច​កល​នយោបាយ​គ្រប់​ជំពូក​ដើម្បី​ដណ្តើម​អំណាច និង​កាន់កាប់​អំណាច​តែ​ម្នាក់ឯង។ ក្នុង​នោះ​ដូចជា៖

  • ការ​ដណ្តើម​អំណាច​ពី​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ក្នុង​ឆ្នាំ​១៩៨៥
  • ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ក្រោយ​ការ​ចាញ់​ឆ្នោត​គណបក្ស​ហ៊្វុនស៊ិនប៉ិច

និង​ប្រជែង​យក​អំណាច​តាម​វិធីសាស្ត្រ​ផ្សេង​ទៀត​ដែល​ខ្លួន​អាច​ធ្វើ​បាន ដូចជា៖

  • ការ​រំលោភ​រដ្ឋធម្មនុញ្ញ
  • រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
  • និង​រំលោភ​ស្ថាប័ន​ព្រះមហាក្សត្រ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស