មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អបអរសាទរចំពោះយុទ្ធនាការជាតិទប់ស្កាត់ការឆ្លងវីរុស Covid-19 របស់ក្រសួងសុខាភិបាល ស្របពេលដែលសន្ទុះនៃការឆ្លងវីរុស Covid-19 បានកើនឡើងនៅប្រទេសជិតខាងដែលកំពុងតែហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែសីហា ថា ដើម្បីបង្កើនការទប់ស្កាត់ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត រដ្ឋាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងចំពោះការធ្វើចត្តាឡីស័ករបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយផ្គត់ផ្គង់ពួកគេឲ្យបានល្អប្រសើរ ដើម្បីកុំឲ្យមានការគេចវេសពីកន្លែងព្យាបាលដែលអាចនាំហានិភ័យក្នុងសហគមន៍។
ទន្ទឹមនឹងនេះ លោកអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានគ្រប់ៗគ្នា និងឲ្យបានត្រឹមត្រូវជាទីបំផុត ដើម្បីរក្សាសុវត្ថិភាពសុខភាពសម្រាប់បុគ្គលខ្លួនឯង គ្រួសារ និងសហគមន៍ដែលនឹងអាចធានាបាននូវការបើកឡើងវិញនូវអាជីវកម្មគ្រប់ប្រភេទឲ្យបានឆាប់ ព្រមទាំងអាចជួយសង្គ្រោះសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលនេះថែមទៀត។

បណ្ឌិត យ៉ង សាំងកុមារ នៅតែជំរុញឲ្យក្រសួងសុខាភិបាល បង្ហាញរបាយការណ៍ជាក់លាក់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ថាតើថ្នាំបង្ការ Covid-19 ដែលខ្លួនប្រើកន្លងមកនេះមានប្រសិទ្ធភាពការពារការចម្លងចំពោះមនុស្សដែលគ្មានជំងឺឱកាសនិយមកម្រិតណា និងចំពោះមនុស្សដែលមានជំងឺក្នុងខ្លួនកម្រិតណាមួយ ក៏ដូចជាកត្តាដែលធ្វើឲ្យអ្នកមានជំងឺ Covid-19 ស្លាប់ ថាតើបណ្តាលមកពីកត្តាចម្បងអ្វីខ្លះផងដែរ។
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការជាតិនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការឆ្លងវីរុស Covid-19» ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា អ្នកស្រី Li Ailan និងតំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា អ្នកស្រី Foroogh Foyouzat ផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងអង្គសន្និសីទសារព័ត៌មានថា ការបើកយុទ្ធនាការនេះ គឺដើម្បីក្រើនរំឭកដល់ពលរដ្ឋដោយការជំរុញឲ្យមានការចូលរួមរបស់បុគ្គល គ្រួសារ សហគមន៍ ព្រមទាំងក្រសួងពាក់ព័ន្ធ និងអង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ Covid-19 ជាពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតា (DELTA)។

អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការបើកយុទ្ធនាការនេះមានគោលបំណងចម្បងក្នុងការកែតម្រូវនូវការយល់ឃើញមិនត្រឹមត្រូវរបស់ប្រជាពលរដ្ឋចំពោះការចម្លងវីរុស Covid-19 ដែលក្រសួងបានសង្កេតកន្លងមកថា ប្រជាពលរដ្ឋមានការធ្វេសប្រហែសការពារពីវីរុស Covid-19 ដែលកំពុងបង្កហានិភ័យក្នុងសហគមន៍នៅពេលនេះ ជាពិសេសគឺវីរុសដែលកំពុងតែបំប្លែងថ្មីដែលបានធ្លាយចូលក្នុងសហគមន៍នៅកម្ពុជាសព្វថ្ងៃនេះ។
ដោយឡែកតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) អ្នកស្រី Li Ailan បានអះអាងថា វ៉ាក់សាំងប្រឆាំងវីរុស Covid-19 តែមួយមុខមិនមែនជាមធ្យោបាយក្នុងការទប់ស្កាត់ការចម្លងវីរុស Covid-19 នោះទេ ដូច្នេះដើម្បីទប់ទល់នឹងរលកទី៣ នៃជំងឺ Covid-19 បំប្លែងថ្មីនេះ ពលរដ្ឋមិនអាចបន្ធូរបន្ថយការអនុវត្តវិធានការសុខាភិបាលបានឡើយនៅពេលនេះ។

ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៦ ខែសីហា ផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥៩៣នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៨០៦នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២១នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៨ម៉ឺន ៦ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ១ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងដល់ទៅជាង ១៧០០នាក់ហើយគិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ ខណៈអ្នកឆ្លងវីរុសបំប្លែងថ្មីប្រភេទដែលតា (DELTA) មានចំនួន ៤៩៤នាក់ផងដែរ៕