30.4 C
Phnom Penh

អតីត​អ្នក​ទោស​នយោបាយ៖ គោលការណ៍​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សងសឹក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គោលការណ៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ គឺ​ក្នុង​បំណង​ដើម្បី​បញ្ចប់​នូវ​វប្បធម៌​នយោបាយ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី» ដែល​ត្រូវ​ផ្តល់​តម្លៃ​ថា​ជា​គុណធម៌​កំពូល​របស់​លោក។

លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ផ្លូវ​ទៅ​រក​ការ​ផ្សះផ្សា ការ​បង្រួបបង្រួម​ជាតិ និង​ការ​ឯកភាព​ជាតិ​ខ្មែរ គឺ​មាន​តែ​មាគ៌ា​អនុវត្ត​តាម​បែប​អហិង្សា និង​ដោយ​សន្តិវិធី​តែប៉ុណ្ណោះ ដោយ​ឈរ​លើ​សេចក្តី​ស្រឡាញ់​ជាតិ​មាតុភូមិ​ពិតប្រាកដ ភាព​ស្មោះត្រង់​នឹង​សង្គម​ជាតិ​ដោយ​ឥត​ងាករេ និង​ការ​ជឿជាក់​លើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា ការ​លះបង់​របស់​លោក កឹម សុខា ចំពោះ​បុព្វហេតុ​ជាតិ និង​ពលរដ្ឋ​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​ក្នុង​សង្គម​រហូត​ត្រូវ​រង​ការ​ចាប់​ខ្លួន​ដាក់​គុក​ទាំង​អយុត្តិធម៌ ទាំង​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​នោះ គឺជា​គុណ​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក កឹម សុខា។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ភាព​ជោគជ័យ​របស់​លោក កឹម សុខា មិនមែន​បាន​មក​ដោយ​ចៃដន្យ​នោះ​ទេ គឺ​លោក​បាន​តស៊ូ និង​មាន​ឆន្ទៈ​រឹងមាំ ហើយ​រង់ចាំ​ឱកាស​ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​ដែល​អាច​ឱ្យ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា ដោយ​គ្មាន​ការ​បង្ហូរ​ឈាម និង​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ​នោះ​ឡើយ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ថា បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណ​តម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស។ រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល ៤​ឆ្នាំ​ហើយ​ដែល​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​ប្រកាស​ផ្អាក​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ដែរ​ថា ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ គឺជា​រយៈពេល​នៃ​ខួប ៤​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទាំង​កណ្តាល​អាធ្រាត្រ​ដោយ​អយុត្តិធម៌ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​វិនិច្ឆ័យ​រក​យុត្តិធម៌​ជូន​លោក​នៅឡើយ​ទេ។

លោក​បន្ត​ថា ការ​ពន្យារពេល​សវនាការ​ក្តី​ជា​បន្តបន្ទាប់​មកនេះ គឺជា​ចេតនា​បំបិទ​សិទ្ធិ​សេរីភាព និង​ជា​ការ​រារាំង​ការ​ធ្វើ​នយោបាយ​របស់​លោក​នៅ​កម្ពុជា​តែប៉ុណ្ណោះ។

លោក កង គឹមហាក់ អំពាវនាវ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌ និង​ផ្តល់​សេរីភាព​ពេញលេញ​ជូន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​សេដ្ឋកិច្ច​សង្គម និង​សិទ្ធិ​នយោបាយ។

ក្នុង​ខួប ៤​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា នេះ​ដែរ ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស​អះអាង​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​របស់​ខ្លួន ដោយ​ដឹកនាំ​កម្លាំង​មេឃុំ ៥០០៧​នាក់ កំពុង​ស្រប​ច្បាប់​ចេញ​មុខ​តវ៉ា​តាម​ដង​ផ្លូវ​ដោយ​អហិង្សា ហើយ​ត្រៀម​ខ្លួន​ឱ្យ​រដ្ឋអំណាច​ផ្ដាច់ការ​ចាប់​ខ្លួន។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល អះអាង​ថា លោក​ជឿជាក់​លើ​ភាព​ក្លាហាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​ដឹកនាំ​មេឃុំ ៥០០៧​នាក់​ចេញ​មុខ​តវ៉ា​តាម​ដង​ផ្លូវ​ដោយ​អហិង្សា និង​ត្រៀម​ខ្លួន​ឱ្យ​រដ្ឋអំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន ដើម្បី​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

លោក ទូច វិបុល អំពាវនាវ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង៖

  • ទី​១ ឈប់​នាំគ្នា​សំពះ​អង្វរ​ជន​ផ្ដាច់ការ​ដើម្បី​បាន​ការចរចា​សម្របសម្រួល​នយោបាយ លើកលែង​ទោស ឬ​ដោះលែង​តទៅទៀត​ទៅ។
  • ទី​២ ឈប់​នាំគ្នា​ធ្វើ​ខ្លួន​ជា​ជនរងគ្រោះ​ពី​របប​ផ្ដាច់ការ។
  • ទី​៣ ត្រូវ​នាំគ្នា​ធ្វើ​ខ្លួន​ជា​អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា សកម្ម​តតាំង​ជាមួយ​ជន​ផ្ដាច់ការ។
  • ទី​៤ ត្រូវ​នាំគ្នា​ទាមទារ​របប​ផ្ដាច់ការ​ឲ្យ​លុបចោល​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់ មាត្រា​៤៩៤ និង ៤៩៥ និង​កែប្រែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ក៏​ត្រូវ​លុបចោល​ច្បាប់​នានា​ដែល​ផ្ទុយពី​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស