28 C
Phnom Penh

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

បទវិភាគ

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។

រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។

នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ទាំង​យប់ គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កញ្ញា។ ព្រឹត្តិការណ៍​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ហែ​ក្បួន​មីស៊ីល សព្វាវុធ​ធ្ងន់ៗ​ដូច​លើក​មុន​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ត្រាក់ទ័រ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ក្បួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ។ ចំណែក​អ្នក​ដើរ​ព្យុហយាត្រា​ភាគច្រើន​ជា​យុវជន កសិករ មន្ត្រី​សុខាភិបាល មន្ត្រី​រដ្ឋការ ក្នុង​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច​ឆើត និង​សុទ្ធតែ​ពាក់​ម៉ាស់​គ្រប​មុខ​ជិត។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គេ​ឃើញ​វត្តមាន​របស់​កម្មាភិបាល​ជាន់ខ្ពស់ គីម ជុងអ៊ុន ជា​មេដឹកនាំ​កំពូល​របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ ប៉ុន្តែ​បុរស​នេះ​ស្រក​ទម្ងន់​ជា​ខ្លាំង។

មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន

ព្យុហយាត្រា​លើក​នេះ គឺ​ខុស​ប្លែក​ពី​ក្បួន​ព្យុហយាត្រា​មុនៗ​នោះ គឺ​លើក​នេះ​មាន​សព្វាវុធ​ក្នុង​ក្បួន​មាន​កាំភ្លើង​ត្បាល់​ប៉ុណ្ណោះ។ កាំភ្លើង​ត្បាល់​ត្រូវ​អូស​នាំមុខ​ដោយ​ត្រាក់ទ័រ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​បក្ស KCNA អ្នក​ដែល​បើក​ត្រាក់ទ័រ​ជា​កសិករ ចំណែក​អ្នក​ដើរ​ក្នុង​ក្បួន​ដង្ហែ​ព្យុហយាត្រា​ផ្សេង​ទៀត​ជា​យុវជន ជា​ភ្នាក់ងារ​ការពារ​សន្តិសុខ​សាធារណៈ ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អយស្ម័យយាន ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស។ ក្នុង​ដៃ​របស់​ពួកគេ​មាន​កាន់​អាវុធ។ នេះ​ជា​សារ​មួយ​របស់​ក្រុង​ព្យុងយ៉ាង ដែល​ចង់​ប្រាប់​សហរដ្ឋ​អាមេរិក និង​ពិភព​ខាងក្រៅ​ថា សូម្បី​កសិករ​របស់​ប្រទេស​មួយ​នេះ​ក៏​អាច​ប្រើ​អាវុធ​ដើម្បី​ការពារ​ទឹកដី និង​របប​ដឹកនាំ​បក្ស​ពលករ​ដែរ។ មានន័យ​ថា មិនមែន​មាន​តែ​កងទ័ព​ទេ​ដែល​កាន់​អាវុធ​ប្រឆាំង​រាល់​ការ​ឈ្លានពាន​ពី​ខាងក្រៅ។

ព្យុហយាត្រា​របស់​ក្រុង​ព្យុងយ៉ាង ធ្វើឡើង​ទាំង​យប់​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស។ មិន​ថា​ឡើយ​ក្បាល​ម៉ាស៊ីន​ឃោសនា​របស់​កូរ៉េ​ជើង ដែល​បាន​បញ្ចេញ​រូបភាព​នៃ​ព្រឹត្តិការណ៍​នេះ​មក​ខាងក្រៅ គឺ​ប្រព័ន្ធ​ព័ត៌មាន​អន្តរជាតិ​ធំៗ ដូចជា BBC CNN CNA Aljazeera NHK ក៏​បាន​ផ្សាយ​បន្ត​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាងត្បូង យុនហាប់ ផង​ដែរ។ ព្យុហយាត្រា​នៃ​ក្រុម​ឯកសណ្ឋាន​ពណ៌​ទឹកក្រូច​ឆើត និង​ពាក់​ម៉ាស់​គ្រប​មុខ​ជិត។ ក្បួន​ជិះ​សេះ និង​ដឹក​ឆ្កែ​ទៀត​ផង គឺជា​ការ​ទាក់ទាញ​ជាងគេ​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗ​ទាំងនេះ។

តែ​ការពិត ក្រុង​ព្យុងយ៉ាង ប្រហែល​ជា​ចង់​ប្រាប់​ពិភពលោក​ថា កូរ៉េ​ខាងជើង​បាន​បង្កើត​កងកម្លាំង​ពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួប​អាសន្ន ខណៈ​របប​កុម្មុយនីស្ត​ដ៏​អាថ៌កំបាំង​មួយ​នេះ​ពុំ​បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា កូរ៉េ​ខាងជើង​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​នេះ​ទេ ហើយ​សូម្បី​ជំនួយ​វ៉ាក់សាំង​របស់​ចិន ៣​លាន​ដូស ក៏​ប្រទេស​នេះ​មិន​ទទួលយក​ទុក​ក្នុង​ប្រទេស​ខ្លួន​ដែរ។ កូរ៉េ​ខាងជើង​បាន​អះអាង​ថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ។

ព្យុហយាត្រា​លើក​នេះ​គឺជា​ព្រឹត្តិការណ៍​លើក​ទី​៣ ដែល​ក្រុង​ព្យុងយ៉ាង​រៀបចំ​ឡើង​ក្នុង​រយៈពេល​តែ ១​ឆ្នាំ។

ក្នុង​ព្រឹត្តិការណ៍​ទាំង​ពីរ​លើក​កន្លងមក កូរ៉េ​ខាងជើង​តែង​ឆ្លៀត​រៀបចំ​ព្យុហយាត្រា​កងទ័ព​ដ៏​មហា​សម្បើម។ កាលពី​ខែ​តុលា​ឆ្នាំ​មុន​នៅ​ក្នុង​ឱកាស​គម្រប់​ខួប ៧៥​ឆ្នាំ​របស់​គណបក្ស​ពលករ គឺ​របប​ក្រុង​ព្យុងយ៉ាង បាន​រៀបចំ​ក្បួន​ព្យុហយាត្រា​កងទ័ព​ដ៏​ធំ​សម្បើម ដែល​នៅ​ក្នុង​នោះ​គេ​ឃើញ​មាន​ការ​បង្ហាញ​គ្រាប់​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ជា​ការ​បំពាន​នឹង​បម្រាម​របស់​អង្គការ​សហប្រជាជាតិ។

កាលពី​ខែ​មករា ឆ្នាំ​២០២១ គឺ​នៅ​មុន​ប៉ុន្មាន​ថ្ងៃ​ដែល​លោក ចូ បៃដិន ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ មករា របប​កុម្មុយនីស្ត​មួយ​នេះ​ក៏​បាន​ធ្វើ​ព្យុហយាត្រា​កងទ័ព​ម្តង​ទៀត​ដើម្បី​ប្រារព្ធ​សមាជ​បក្ស​ពលករ​កូរ៉េ​ខាងជើង។ ក្នុង​ព្រឹត្តិការណ៍​នៅ​ពេល​នោះ កូរ៉េ​ខាងជើង​បង្ហាញ​មីស៊ីល​ផ្លោង​អន្តរទ្វីប​បាញ់​ចេញពី​នាវា​មុជទឹក​ដែល​ជា​ការ​គំរាម​រដ្ឋការ​លោក បៃដិន យ៉ាង​ពិតប្រាកដ។ មេដឹកនាំ គីម ជុងអ៊ុន បញ្ជូន​សារ​ទៅ​ប្រាប់​រដ្ឋការ​ថ្មី​លោក បៃដិន ថា កូរ៉េ​ខាងជើង​ពិត​ណាស់​មាន​សមត្ថភាព​ក្នុង​ការ​បាញ់​មីស៊ីល​អន្តរទ្វីប​ចេញពី​នាវា​មុជទឹក​ដែល​អាច​វាយប្រហារ​លើ​ដែនដី​សហរដ្ឋ​អាមេរិក។

នេះ​ជា​ការ​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា កូរ៉េ​ខាងជើង​នៅតែ​មាន​សមត្ថភាព​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ ទោះ​ជា​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក្ដី។

ការ​ហែ​ក្បួន​ព្យុហយាត្រា​ដែល​ភាគច្រើន​រៀបចំ​នៅ​ពេល​រាត្រី​សម្រាប់​កូរ៉េ​ខាងជើង គឺ​ធ្វើឡើង​ដោយ​មាន​ពិធី​បាញ់​កាំជ្រួច​ពណ៌ ជា​ព្រឹត្តិការណ៍​អច្ឆរិយ ជំរុញ និង​លើក​ទឹកចិត្ត​កសិករ​ឲ្យ​សប្បាយ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​បក្ស​ពលករ​នៃ​ប្រទេស​សន្តតិវង្ស​ផ្ដាច់ការ​នៅ​អាស៊ី​ខាងកើត​មួយ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស