32.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​បាន​ទេ បើ​នៅតែ​ពឹងផ្អែក​លើ​បរទេស​ដូច​សព្វថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​ពលរដ្ឋ និង​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​យកចិត្ត​វៀតណាម និង​ចិន ដោយ​បើកដៃ​ឱ្យ​ពួកគេ​មក​រស់នៅ​រកស៊ី​មាន​បាន​កើត​កូន​កើត​ចៅ និង​ប្រើប្រាស់​ភោគទ្រព្យ​ជាតិ​របស់​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ទេ បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​យកចិត្ត​យក​ថ្លើម​បរទេស​ដូចជា​វៀតណាម ឬ​ចិន ដែល​ខ្លួន​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​រិះគន់​ថា ការ​យក​កម្ពុជា​ទៅ​ពឹង​លើ​ប្រទេស​ចិន ឬ​វៀតណាម ដើម្បី​រស់ ដោយ​ការ​ដោះដូរ​ឱ្យ​ជនបរទេស​ទាំងនោះ​ប្រមូល​ធនធាន​ធម្មជាតិ​ខ្មែរ មិនមែន​ជា​វិធី​កសាង​ជាតិ និង​រក្សា​អធិបតេយ្យភាព​ជាតិ​ពិតប្រាកដ​នោះ​ទេ។ លោក​បន្ត​ថា ប្រទេស​ជាតិ​មួយ​ដែល​មាន​ឯករាជ្យ​ពិតប្រាកដ គឺជា​ប្រទេស​ដែល​មាន​ធនធាន​មនុស្ស និង​ភោគទ្រព្យ​ជាតិ​ជា​របស់​ខ្លួនឯង មិន​ពឹងផ្អែក​លើ​បរទេស​ទាំងស្រុង​ដូច​រដ្ឋាភិបាល​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ​ទេ នោះ​ទើប​នាំ​ឱ្យ​កម្ពុជា​មាន​ឯករាជភាព​ពិតប្រាកដ​លើ​ឆាក​អន្តរជាតិ។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ហាក់​ពុំ​មាន​គោលនយោបាយ​បង្កើន និង​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ខ្លួនឯង​នៅឡើយ​ទេ តែ​ផ្ទុយទៅវិញ មេដឹកនាំ​ខ្មែរ​តែង​លើក​ពី​ការ​អភិវឌ្ឍ​ក្រោម​ជំនួយ​របស់​មិត្ត​ដែកថែប​ចិន​ស្ទើរតែ​គ្រប់​ពេល​ទាំងអស់។

លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពហុកីឡដ្ឋាន​ដែល​ជា​ជំនួយ​របស់​ចិន ថា​មាន​ចិន ទើប​កម្ពុជា​មាន​ការ​អភិវឌ្ឍ​គ្រប់​បែប​យ៉ាង​ដូច​សព្វថ្ងៃ​នេះ។ បន្ថែម​ពី​នេះ លោក​ថា​បើ​មិន​មាន​មិត្ត​ចិន​ជួយ​កម្ពុជា​ទេ ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ប្រហែលជា​អាច​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 បាន​ត្រឹមតែ ២​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​មិត្ត​ចិន ទើប​ធ្វើ​ឲ្យ​កម្ពុជា​អាច​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​តាំងពី​ដូស​ទី​១ រហូត​ដល់​ដូស​ទី​៣ នៅ​ពេល​នេះ។

លោក ហ៊ុន សែន អះអាង​ថា តើ​មាន​ប្រទេស​ណា​អាច​ដើរ​តួនាទី​ជំនួស​ចិន ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ធារាសាស្ត្រ អគ្គិសនី និង​ការ​កសាង​ដទៃ​ជាច្រើន​ទៀត។ ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចោទ​សួរ​ថា តើ​លោក​មាន​កំហុស​ទេ​នៅ​ពេល​ដែល​លោក​ទាក់ទង​នឹង​មិត្ត​ចិន ហើយ​បាន​នាំមក​នូវ​សមិទ្ធផល​បែប​នេះ?

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​បាន​ជំពាក់​បំណុល​ប្រទេស​មួយ​ចំនួន​ប្រមាណ​ជាង ១៦​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ជំពាក់​ចិន​ប្រមាណ​ជា ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ប្រទេស​ចំនួន​៣០ ដែល​ជំពាក់​បំណុល​ចិន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ឱន​ក្បាល​ពឹង​ជំនួយ​ចិន នឹង​នាំ​ឲ្យ​កម្ពុជា​ខាតបង់​ធំ​ណាស់ ដូចជា​ហិនហោច​ព្រៃឈើ ធនធាន​រ៉ែ ជាដើម។ ជាង​នេះ​ទៀត កម្ពុជា​នឹង​ក្លាយ​ជា​ទីផ្សារ​លាង​លុយ​កខ្វក់​របស់​អ្នក​ជំនួញ​ទុច្ចរិត​ចិន​ថែមទៀត។ បញ្ហា​នេះ មិន​ត្រឹមតែ​ខាត​ផលប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ដ៏​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា នៅ​ពេល​នេះ កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា​គ្រាន់តែ​ជា​ទីផ្សារ​សម្រាប់​ស្តុក​ទំនិញ​ឱ្យ​ចិន​សម្រាប់​នាំចេញ​ទៅ​បរទេស និង​ជា​កន្លែង​សាង​សេដ្ឋកិច្ច​ឱ្យ​ប្រជាជន​ចិន​ប៉ុណ្ណោះ។ ជាក់ស្តែង​ដូចជា​ខេត្ត​ព្រះសីហនុ ជាដើម ដែល​មាន​ជនជាតិ​ចិន​រស់នៅ និង​ប្រកប​អាជីវកម្ម​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ពលរដ្ឋ​ម្ចាស់​ស្រុក​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​អសន្តិសុខ​សង្គម និង​មុខរបរ​អាជីវកម្ម ព្រោះថា​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​កម្ពុជា បាន​នាំគ្នា​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរ​ជនជាតិ​របស់​គេ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស