កិច្ចប្រជុំកំពូលអាស៊ានដែលមានរយៈពេល ៣ថ្ងៃ បានចាប់ផ្ដើមហើយកាលពីថ្ងៃអង្គារ ទី២៦ តុលា ប៉ុន្តែកិច្ចប្រជុំលើកនេះប្រព្រឹត្តទៅដោយក្រុមមេដឹកនាំពិភាក្សាគ្នាតាមរយៈវីដេអូអនឡាញ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំនេះពុំមានសមាជិកអាស៊ានណាមួយអវត្តមាននោះទេ ក្រៅតែពីមេដឹកនាំរបបសឹកភូមាមួយគត់ត្រូវបានផាត់ចោលមិនឱ្យចូលរួមប្រជុំ។ ការផាត់ចោលមេដឹកនាំភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាមេរដ្ឋប្រហារភូមា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាសេចក្ដីសម្រេចដ៏កម្រនៃសមាគមអាស៊ាន ក្នុងការប្រើសិទ្ធិជាអង្គការតំបន់ដោយមិនបារម្ភពីការរំលោភធម្មនុញ្ញអាស៊ានដែលចែងអំពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសមាជិកអាស៊ាន។
ការរាំងខ្ទប់សិទ្ធិរបស់តំណាងភូមា ទោះជាមិនមែនជាការភ្ញាក់ផ្អើលពិតមែន តែជាគុណតម្លៃមួយដែលអាស៊ានហ៊ានចាត់ការទៅលើសមាជិករបស់ខ្លួន ក្នុងកាលៈទេសៈដែលអ្នកប្រជាធិបតេយ្យធ្លាប់កត់សម្គាល់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះមិនដែលធ្វើដូច្នេះទេកន្លងមកទៅលើប្រទេសដែលជាសមាជិករបស់ខ្លួន ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជាប្រទេសកម្ពុជា ជាដើមនោះ។
ដោយមានវិធានការជាក់ស្ដែងដូចនេះ យ៉ាងហោចណាស់ក៏មជ្ឈដ្ឋានខ្លះលួចសរសើរអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ព្រុយណេ និងថៃ ដែលប្រកាន់ជំហរថា គោលការណ៍នយោបាយមិនជ្រៀតជ្រែកក្នុងជម្លោះសមាជិកណាមួយរបស់សមាគម គឺជារឿងហួសសម័យទៅហើយ។
ដោយមានការប្ដេជ្ញាថា សហគមន៍អាស៊ានដើរលើផ្លូវអភិវឌ្ឍន៍តែមួយ វាសនាតែមួយ គឺមិនត្រូវទុកឲ្យប្រជាជនរបស់ប្រទេសណាមួយរស់នៅយ៉ាងវេទនានៅក្រោមអំណាចផ្ដាច់ការ និងរបបខុសច្បាប់នោះទេ។
សន្ទុះទឹកចិត្តអាស៊ានដែលបានចាត់ការទៅលើរបបសឹកភូមា គឺស្ដែងចេញពីការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៥ ខែតុលា ដោយសម្រេចបញ្ជូនការអនុម័តរបស់ខ្លួនទៅថ្នាក់លើ គឺប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន ដែលថាត្រូវតែផាត់ចោលតំណាងជាន់ខ្ពស់ភូមា គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងថ្នាក់ក្រោមផ្ទាល់របស់ មីន អ៊ុងឡាំង មិនឱ្យចូលប្រជុំជាដាច់ខាតនៃកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា នេះ។
ដើមហេតុធ្វើឱ្យអាស៊ានដាក់ពិន័យលើរបបសឹកភូមា គឺជាការឆ្លើយតបព្រោះតែពួកយោធាភូមា បដិសេធមិនឱ្យប្រេសិតអាស៊ានជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ។ ម្យ៉ាងវិញទៀត អាស៊ានខកចិត្តជាខ្លាំងដោយសារតែពួកយោធាភូមាមិនបានអនុវត្តផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ាន ដែលបានសម្រេចរួមជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពីកិច្ចប្រជុំកំពូលពិសេសអាស៊ាននៅថ្ងៃទី២៤ ខែមេសា កន្លងទៅនេះ។
ផែនការប្រាំចំណុចនោះ គឺត្រូវដោះលែងអ្នកជាប់ឃុំទាំងអស់ក្នុងនោះមានទាំងអ្នកស្រី អ៊ុងសាន ស៊ូជី និងបញ្ចប់អំពើហិង្សា ហើយបើកផ្លូវឲ្យប្រេសិតអាស៊ានទៅបំពេញបេសកកម្មរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែពួកយោធាភូមា មិនអាចធ្វើបាន និងមិនគោរពកិច្ចសន្យារបស់ខ្លួនឡើយ។ មិនតែប៉ុណ្ណោះ របបប្លន់អំណាចពីអ្នកប្រជាធិបតេយ្យនេះ ក៏បានសម្រេចបើកជំនុំជម្រះក្ដីអ្នកស្រី ស៊ូជី និងប្រធានាធិបតី អ៊ូ មីនម្យ៊ីន ថែមទៀតផង។
ឥឡូវនេះទៀត សូម្បីក្រុមមេធាវីការពារក្ដីឱ្យអ្នកស្រី អ៊ុងសាន ស៊ូជី ក៏ពួកយោធាដាក់បម្រាមមិនឲ្យរាយការណ៍អំពីព័ត៌មានចេញពីសវនាការដែរ។
របបសឹកភូមា បានដាក់បម្រាមខ្ទប់មាត់មេធាវីទាំងប្រាំនាក់ដែលការពារក្ដីឱ្យអ្នកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលជាប់បទចោទដល់ទៅ ១១ករណី មិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អ្នកការទូត និងអង្គការអន្តរជាតិឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានភូមា Irrawaddy។
បម្រាមនេះ ត្រូវបានដាក់ចុះភ្លាមៗនៅមុនបន្តិចនៃសវនាការចុងក្រោយបង្អស់របស់អ្នកស្រី ដែលទើបធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា និងបន្ទាប់ពីមេធាវី U Khin Maung Zaw ប្រធានមេធាវីក្រុមការពារក្ដីអ្នកស្រី ស៊ូជី ទម្លាយព័ត៌មាននៃសក្ខីកម្មតុលាការរបស់ប្រធានាធិបតី អ៊ូ មីនម្យ៊ីន ដែលមេធាវីរូបនេះបាននិយាយថា ពួកយោធាបានគំរាមបង្ខំលោក មីនម្យ៊ីន ឱ្យចុះចេញពីតំណែងនៅមុនថ្ងៃទី១ ខែកុម្ភៈ ជាថ្ងៃរដ្ឋប្រហារផ្ទុះឡើង។ លោកមេធាវីមានប្រសាសន៍ទៅកាន់សារព័ត៌មានភូមា Irrawaddy អំពីបញ្ជាហាមប្រាមនេះ។
លោកថា រឿងនេះមិនអាចទទួលយកបានទេក្នុងគោលការណ៍យុត្តាធិការ ព្រោះតែវាមិនស្របនឹងគោលការណ៍មូលដ្ឋាននៃប្រព័ន្ធតុលាការភូមា។
អស់រយៈពេល ៩ខែមកនេះ ប្រទេសភូមា បានធ្លាក់លង់ជ្រៅក្នុងវិបត្តិនយោបាយ ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ កុម្ភៈ។
តាមរបាយការណ៍អង្គការសង្គមស៊ីវិល បាតុករប្រមាណជាង ១១០០នាក់បានស្លាប់ និងជាង ៨ពាន់នាក់ត្រូវរបបសឹកចាប់ឃុំខ្លួន។ វិបត្តិនយោបាយគួបផ្សំជាមួយវិបត្តិកូវីដ-១៩ កំពុងធ្វើឲ្យប្រជាជនភូមា រស់នៅយ៉ាងលំបាកបំផុត។
លោក Andrew Kirkwood អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមា បានថ្លែងថា គិតត្រឹមពេលនេះមានប្រជាជនភូមាប្រមាណ ៣លាននាក់ ត្រូវការជំនួយមនុស្សធម៌ជាចាំបាច់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ បានទទូចថា កាលៈទេសៈនេះ គឺជាកិច្ចការបន្ទាន់ណាស់ដែលសហគមន៍អន្តរជាតិត្រូវតែជួយជ្រោមជ្រែង ដើម្បីឲ្យប្រទេសនេះស្ដារស្ថិរភាព សន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងពង្រឹងការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយនៅភូមា ឡើងវិញ។
ខណៈកិច្ចប្រជុំកំពូលអាស៊ានកំពុងប្រព្រឹត្តទៅ អ្នកសង្កេតការណ៍បានធ្វើការកត់សម្គាល់ថា របបសឹកបានជួបរឿងបរាជ័យការទូតផ្ទួនៗ គឺស្ទើរគ្រប់វេទិកាទាំងអស់ត្រូវបានហាមប្រេសិតយោធាមានវត្តមានក្នុងកិច្ចប្រជុំ។
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញា ក៏ពួកយោធាបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមប្រជុំដែរ តែមហាសន្និបាតទាត់ចោលដោយទុកលទ្ធភាពទៅឲ្យលោក ក្សមួនធុន តំណាងរដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី ចូលរួមប្រជុំ។
នៅមិនដល់មួយខែផង សមាជិកសភាជិត ៧០០រូបនៃសភាសហភាពអឺរ៉ុប បានអនុម័តទទួលស្គាល់រដ្ឋាភិបាលឯកភាពជាតិនៃក្រុមអ្នកប្រជាធិបតេយ្យប្រឆាំងរបបសឹក។ បរាជ័យបែបនេះ មិនបានបាត់ពីស្រមោលផង ពួកយោធាក៏ជួបរឿងអាម៉ាស់ធ្ងន់ធ្ងរមួយទៀត គឺថ្នាក់ដឹកនាំអាស៊ានទាត់ចោលមិនឱ្យមេដឹកនាំរដ្ឋប្រហារឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួមប្រជុំកំពូលអាស៊ាន នៅថ្ងៃនេះតែម្ដង។ បរាជ័យការទូតដែលពួកយោធាភូមាមិនចង់ឃើញនេះ គឺជាការវាយបកខ្លាំងណាស់ទៅលើជ័យជម្នះរបស់ពួកយោធានៃព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី១ កុម្ភៈ ជាជោគជ័យបានមកពីការប្លន់អំណាចរបស់អ្នកប្រជាធិបតេយ្យ៕