អ្នកឃ្លាំមើលសង្គមរិះគន់ថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការខ្ជីខ្ជាលើការចងក្រងវចនានុក្រមខ្មែរដែលទើបនឹងបោះពុម្ពថ្មីសម្រាប់ជាតិ ខណៈប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រោងនឹងបោះពុម្ពផ្សាយវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត នៅឆ្នាំ២០២២ ខាងមុខនេះដែរនោះ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត ប៉ា ចន្ទរឿន បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៧ ខែតុលា ថា គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនគួរបង្កើតកំហុសចំពោះការងារសាមញ្ញៗ ដូចជាកំហុសអក្ខរាវិរុទ្ធដែលមានស្រាប់នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត នោះដែរ។
ប្រភពដដែលអះអាងថា ការងារខ្ជីខ្ជាបែបនេះ ធ្វើឱ្យប៉ះពាល់ទាំងគុណតម្លៃនៃភាសាជាតិ និងខ្ជះខ្ជាយលុយពន្ធរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដូច្នេះអ្នកគ្រប់គ្រងគម្រោងនេះត្រូវតែមានទំនួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន និងយកចិត្តទុកដាក់បន្ថែមទៀតលើការចងក្រងវចនានុក្រមខ្មែរនេះ ហើយត្រូវតែពិនិត្យផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ មុននឹងសម្រេចបោះពុម្ពផ្សាយនូវវចនានុក្រមថ្មីនេះផងដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកអក្សរសាស្ត្រ និងសង្គមសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ របស់ខ្លួនកាលពីពេលថ្មីៗនេះ។
កាលពីអំឡុងខែសីហា ឆ្នាំ២០២១ វចនានុក្រមអក្សរសាស្ត្រខ្មែរដែលមានចំណងជើងថា «វចនានុក្រមអក្សរសាស្ត្រខ្មែរបច្ចុប្បន្ន ភាគទី១» ដែលមានតួអក្សរចាប់ពីអក្សរ ក ដល់អក្សរ ន បង្កើតឡើងដោយក្រុមអ្នកអក្សរសាស្ត្រ និងសង្គមសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគេរកឃើញថាមានកំហុសឆ្គងជាច្រើនលើអក្ខរាវិរុទ្ធចំពោះការចងក្រងវចនានុក្រមថ្មីនេះ។
ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ លោក គាត ឈន់ ធ្លាប់បានអះអាងថា គោលបំណងនៃការរៀបចំវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ នេះ គឺដើម្បីបន្ស៊ីគ្នារវាងវចនានុក្រម និងភាសាខ្មែរដែលកំពុងកើតឡើងថ្មីៗក្នុងពេលបច្ចុប្បន្ននេះ។
ដោយឡែកប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរ និងជាសមាជិកនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ព្រុំ ម៉ល់ លើកឡើងថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវយកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរមានសំនួនសម្បូរបែប ហើយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១នេះ នឹងត្រូវដាក់ទៅជាវចនានុក្រមអេឡិចត្រូនិកថែមទៀត។
វចនានុក្រមអក្សរសាស្ត្រខ្មែរបច្ចុប្បន្ន ភាគទី១ ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០២១ នេះ ត្រូវគេរកឃើញថាមានកំហុសអក្ខរាវិរុទ្ធមួយចំនួនដែលខុសពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត និងការសរសេរលើសខ្វះអក្ខរាវិរុទ្ធផងដែរ ដូចជាពាក្យថា «ទស្សនវិជ្ជា» ដែលបានប្រើក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ប៉ុន្តែវចនានុក្រមខ្មែរបច្ចុប្បន្នបានសរសេរថា «ទស្សនវិទ្យា» ទៅវិញ។ ជាងនេះទៀត ក៏មានការសរសេរលើសអក្ខរាវិរុទ្ធ និងខ្វះអក្ខរាវិរុទ្ធលើពាក្យខ្មែរជាច្រើនទៀតដែលបង្ហាញឱ្យឃើញពីភាពគ្មានការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការបង្កើតវចនានុក្រមថ្មីនេះទេ។
វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ត្រូវបានបោះពុម្ពផ្សាយលើកចុងក្រោយនៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គត បន្ទាប់ពីការតស៊ូរបស់ព្រះអង្គអស់រយៈពេល ៥៣ឆ្នាំ ដើម្បីស្រាវជ្រាវ និពន្ធ រហូតបង្កើតវចនានុក្រមខ្មែរមួយដែលពលរដ្ឋខ្មែរទូទៅតែងស្គាល់ថា «វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត»។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ឌិត ហ៊ាន សុខុម កាលពីចុងឆ្នាំ២០២០ អះអាងថា វចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត មានពាក្យប្រមាណជាង ១ម៉ឺន ៨ពាន់ពាក្យ ហើយឥឡូវនេះបានបញ្ចូលពាក្យថ្មីៗបន្ថែមទៀតជាង ៧ពាន់ពាក្យ ហើយពាក្យទាំងនោះជាពាក្យដែលគេប្រើប្រាស់ជាទូទៅ ពាក្យដែលប្រើប្រាស់ប្រចាំថ្ងៃ និងជាពាក្យដែលពាក់ព័ន្ធនឹងបច្ចេកទេសផងដែរ។
ប្រភពដដែលអះអាងថា វចនានុក្រមនេះគ្រោងនឹងបោះពុម្ពផ្សាយនៅឆ្នាំ២០២២ ដើម្បីជួយដល់ពលរដ្ឋអាចស្វែងរកនូវពាក្យបច្ចេកទេសថ្មីៗដែលគ្រោងនឹងបង្កើតជាកម្មវិធីដាក់ក្នុងទូរស័ព្ទដៃ និងកុំព្យូទ័រផងដែរ។
បណ្ឌិត ហ៊ាន សុខុម បញ្ជាក់ថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបានធ្វើកំណែទម្រង់ជាច្រើនទាក់ទងនឹងវេយ្យាករណ៍តាមក្រសួងអប់រំ យុវជន និងកីឡា ដោយបញ្ចូលទៅក្នុងវចនានុក្រមថ្មីនោះ ដែលបានរៀបចំយ៉ាងលម្អិតប្រកបដោយសុក្រឹតភាព មានសេចក្តីពន្យល់ខ្លឹមសារពាក្យពេចន៍ថ្មីៗ ដើម្បីប្រើប្រាស់ជាផ្លូវការថ្នាក់ជាតិ។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំវចនានុក្រមជាតិខ្មែរឡើងវិញ ដើម្បីស្រាវជ្រាវអក្សរសាស្ត្រខ្មែរក្នុងការស្វែងរកនូវពាក្យបច្ចេកទេសថ្មីៗដើម្បីបម្រើសង្គមជាតិ៕