28 C
Phnom Penh

តុលាការ​កាត់​ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​ពី​បទ​ញុះញង់ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​កូនប្រុស​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ ដោយ​ទោស​នៅ​សល់​ជិត ៤​ខែ នឹង​ត្រូវ​ព្យួរ។

កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​មក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» បន្ទាប់ពី​កុមារ​រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម Facebook និង Telegram។

ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ួង វុទ្ធា នៅ​ថ្ងៃ​ចន្ទ ទី​១ វិច្ឆិកា នេះ បាន​សម្រេច​ផ្ដន្ទាទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ឱ្យ​ជាប់​ពន្ធនាគារ ៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស​តែ ៤​ខែ ១៥​ថ្ងៃ ខណៈ​ទោស​ជិត ៤​ខែ​ទៀត​ត្រូវ​ព្យួរ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

បើ​គិត​ចាប់តាំង​ពី​ថ្ងៃ​ចាប់ និង​ឃុំ​ខ្លួន កុមារ កាក់ សុវណ្ណច្ឆ័យ នឹង​ត្រូវ​តុលាការ​ដោះលែង​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ថ្វីត្បិតតែ​កុមារ​រូប​នេះ​នឹង​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​នៅ​ក្នុង​ខែ​នេះ​ក្ដី ប៉ុន្តែ​តុលាការ​ក៏​បាន​ភ្ជាប់​លក្ខខណ្ឌ ដោយ​ដាក់​កុមារ កាក់ សុវណ្ណច្ឆ័យ ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរ​ទោស​សាកល្បង​រយៈពេល ២​ឆ្នាំ ដោយ​តម្រូវ​ឱ្យ​រូប​គេ​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​គ្រប់​ពេល​ដែល​ត្រូវ​បាន​កោះហៅ ឬ​ជូនដំណឹង​ទៅ​តុលាការ។

កុមារ កាក់ សុវណ្ណច្ឆ័យ ជា​កូន​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង គឺ​លោក កាក់ កុម្ភារ ដែល​បច្ចុប្បន្ន​លោក​ក៏​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង​បទ «ញុះញង់» ខណៈ​អ្នកស្រី ព្រំ ចន្ថា ដែល​ជា​ម្ដាយ តែងតែ​សកម្ម​ក្នុង​ការ​ចេញ​តវ៉ា​ដោយ​អហិង្សា​ជាមួយ​ស្ត្រី​មួយ​ក្រុម ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា “ស្ត្រី​ថ្ងៃ​សុក្រ” ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​កូន និង​ប្ដី​របស់​អ្នកស្រី ក៏ដូចជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ។

ក្រោយ​ពី​ចាប់​ឃុំ​ខ្លួន​កុមារ កាក់ សុវណ្ណច្ឆ័យ នៅ​ពន្ធនាគារ​នោះ កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​ទៅ​កុមារ​រូប​នេះ ថា​ជា​ការ​ធ្វើឡើង​ដោយ​រំលោភ​អនុសញ្ញា​អង្គការ​កំពូល​មួយ​នេះ​ស្ដីពី​សិទ្ធិ​កុមារ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩២។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​កុមារ​រូប​នេះ​ឱ្យ​នៅ​ក្រៅ​ឃុំ និង​ត្រូវ​ធានា​ថា សិទ្ធិ​របស់​គាត់​ត្រូវ​បាន​ការពារ​ស្រប​តាម​គោលការណ៍​ឧត្ដម​ផលប្រយោជន៍​របស់​កុមារ ហើយ​ត្រូវ​អនុលោម​តាម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជនពិការ និង​ច្បាប់​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​កុមារ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូលរួម​ផង​ដែរ។

កុមារ កាក់ សុវណ្ណច្ឆ័យ អាយុ ១៦​ឆ្នាំ ដែល​ម្ដាយ​អះអាង​ថា​កំពុង​មាន​ជំងឺ​អូទីហ្ស៊ឹម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។ កុមារ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ម្តង​រួច​មក​ហើយ​កាលពី​ខែ​តុលា ឆ្នាំ​២០២០ ពី​បទ «ចូល​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ» នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដោយ​បំពាន​លើ​បម្រាម​តុលាការ។ ប៉ុន្តែ​កុមារា​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​ក្រោយ​សាកសួរ​អស់​រយៈពេល ៤៨​ម៉ោង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស