ក្រុមសិទ្ធិមនុស្សក្នុងស្រុករិះគន់ថា ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) លោក អួន ឈិន និងលោក យាង សុធារិន្ទ គឺជាការគំរាមកំហែងលើសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលជាយុទ្ធសាស្ត្រមួយនៃការដាក់ទោសទណ្ឌជាលក្ខណៈសងសឹកតាមអំពើចិត្តទៅលើសំឡេងអ្នករិះគន់លើរដ្ឋាភិបាលប្រទេសកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសរសេរលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃទី១៦ វិច្ឆិកា ថា ការខកខានផ្តល់សេចក្តីសម្រេចដល់លោក អួន ឈិន និងលោក យាង សុធារិន្ទ ហើយជំនួសមកវិញដោយទុកឱ្យអ្នកទាំងពីរស្ថិតក្នុងសភាពមិនច្បាស់លាស់ ប្រឈមនឹងបទព្រហ្មទណ្ឌ និងការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលវែង គឺជារឿងដ៏អយុត្តិធម៌បំផុតសម្រាប់ពួកគេ និងជាប្រព័ន្ធច្បាប់ដែលធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តកាន់តែខ្លាំង។
ប្រភពដដែលអះអាងថា ប្រការដែលតុលាការនៅតែបន្តខកខានចេញសាលក្រមសម្រេចរឿងក្តីរបស់អ្នកទាំងពីរ គឺបង្ហាញពីកង្វះខាតភស្តុតាងដែលអាចជឿទុកចិត្តបាន ដើម្បីប្រឆាំងនឹងអតីតអ្នកសារព័ត៌មានទាំងពីររូបនេះ។ ដូច្នេះ បើតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីឱ្យពួកគេទទួលទោសព្រហ្មទណ្ឌដូចដែលមានចែងក្នុងមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញនោះទេ ស្ថាប័នធានានូវប្រព័ន្ធយុត្តិធម៌នេះ គួរតែសម្រេចសាលក្រមដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យតុលាការកម្ពុជា ទម្លាក់ចោលបទចោទទាំងអស់ដែលមានចំពោះអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបនេះដោយឥតលក្ខខណ្ឌ ដើម្បីបញ្ឈប់ពីការរិះគន់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាបន្តទៀត បើទោះបីជាអតីតអ្នកសារព័ត៌មានទាំងពីររូបនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីចុងឆ្នាំ២០១៨ ទៅហើយក្តី។
ការអះអាងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបែបនេះ ធ្វើឡើងដើម្បីជំរុញឱ្យតុលាការកម្ពុជាចេញសាលក្រមបញ្ជាក់ភាពមានទោស ឬគ្មានទោសលើករណីលោក អួន ឈិន និងលោក យាង សុធារិន្ទ ឱ្យបានច្បាស់លាស់ ចៀសវាងការអូសបន្លាយពេលដោយភាពមិនប្រាកដរបស់ខ្លួនដូចសព្វថ្ងៃនេះ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អួន ឈិន និងលោក យាង សុធារិន្ទ ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនក្រោមបទចោទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ ឬហៅថា បទចារកម្ម តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំទៅ ១៥ឆ្នាំ ប៉ុន្តែការចាប់ខ្លួននេះធ្វើឡើងក្រោយអ្នកទាំងពីរបញ្ចប់កិច្ចសន្យាបម្រើការឱ្យវិទ្យុអាស៊ីសេរីកាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ វិច្ឆិកា នេះថា ការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្សកម្ពុជាបច្ចុប្បន្ន គឺប្រើតុលាការជាឧបករណ៍ដើម្បីប្រយោជន៍នយោបាយរបស់បក្សកាន់អំណាចក្នុងការគំរាមកំហែង និងដើម្បីបំបិទសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋប៉ុណ្ណោះ។
លោករិះគន់ថា កម្ពុជាដែលក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ បើទោះបីជាមានការដោះលែងសកម្មជនខ្លះក៏ពិតមែន ប៉ុន្តែចេតនាពិតប្រាកដរបស់មេបក្សកាន់អំណាច គឺគ្រាន់តែធ្វើឱ្យល្អមើលតែប៉ុណ្ណោះ ព្រោះថាមានការដោះលែងសកម្មជនបរិស្ថានមួយចំនួន ក៏នៅតែមានការចាប់ខ្លួនសកម្មជននយោបាយក្នុងពេលដំណាលគ្នានោះដែរ ដូចជាការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ បញ្ជូនពីប្រទេសថៃ ទៅកម្ពុជាក្នុងពេលថ្មីៗនេះ ជាដើម។
ប្រធានមជ្ឈមណ្ឌល CCIM រូបនេះបញ្ជាក់ថា កម្ពុជាមិនអាចសង្ឃឹមថានឹងមានប្រជាធិបតេយ្យនោះទេ បើកម្ពុជានៅតែគ្រប់គ្រងដឹកនាំដោយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បន្តទៀតនោះ ដូច្នេះដើម្បីឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ គឺមានតែពលរដ្ឋ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ចូលរួមគ្នាតស៊ូមតិដើម្បីផ្លាស់ប្ដូរទម្រង់ដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន តែប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ របាយការណ៍សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA បានបង្ហាញកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានខ្មែរជិត ១០០នាក់ហើយដែលបានទទួលរងនូវការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរក្នុងរូបភាពផ្សេងៗពីសំណាក់អាជ្ញាធរកម្ពុជា ខណៈអ្នកសារព័ត៌មានសរុបជិត ២០នាក់ត្រូវបានសម្លាប់នៅកម្ពុជា បើគិតតាំងពីឆ្នាំ១៩៩៤ មក។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២០ អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានថយចុះជាលំដាប់ ពោលគឺទទួលបានចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសទាំង១៨០ ក្នុងពិភពលោក៕