31 C
Phnom Penh

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​នានា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ។

អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៤​ស្ថាប័ន ដូចជា អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​ស្ថាប័ន​សង្គម​ស៊ីវិល​ចំនួន ៥១ ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក កើត សារ៉ាយ គឺជា​ការ​បន្ត​បិទ​សំឡេង និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ រួម​ទាំង​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ដែល​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ​លើកឡើង​ថា ការ​ផ្ដល់​បទសម្ភាសន៍ ជាពិសេស​ការ​បញ្ចេញមតិ​ពី​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ព្រះវិហារ របស់​លោក កើត សារ៉ាយ គឺជា​ការ​ខ្វាយខ្វល់​ចំពោះ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ និង​ជា​ការ​ពាំនាំ​ក្តី​កង្វល់​របស់​ពួកគេ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ញុះញង់​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​ណា​មួយ​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​សកម្មជន​នៅ​កៀក​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ពេលនេះ គឺ​រឹតតែ​ធ្វើ​ឱ្យ​លោក កើត សារ៉ាយ បាត់បង់​នូវ​សិទ្ធិ​សេរីភាព​ជួបជុំ​សមាជិក​ក្រុម​គ្រួសារ​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ថែម​ទៀត ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​បាន​ចាត់ទុក​ថា​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​ជួបជុំ​គ្រួសារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​កាន់​ព្រះពុទ្ធ​សាសនា។

កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រមាណ ១០​នាក់​ចាប់​ក្រៀក​បញ្ចូល​រថយន្ត​ចេញពី​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​លោក​កំពុង​ធ្វើការ។ សមត្ថកិច្ច​បាន​ចោទ​លោក​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លោក កើត សារ៉ាយ បាន​រៀបចំ​ផែនការ​អូស​ទាញ​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ ឱ្យ​ប្រព្រឹត្ត​អំពើ​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ខុស​ច្បាប់ និង​ចេញ​តតាំង​ដោយ​ហិង្សា​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​រត់​ភៀស​ខ្លួន​ចូល​ព្រៃ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​លើ​អាជ្ញាធរ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ បាន​ដឹកនាំ​និស្សិត​មួយ​ក្រុម ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ​ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ប៉ុន្តែ​ដោយសារតែ​បញ្ហា​នេះ លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់ និង​ចាប់​ខ្លួន​នៅ​ពេលនេះ។

លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ផ្សឹក​រួម​ជាមួយ​យុវជន​អតីត​សកម្មជន​សង្គម​ចំនួន ៨​នាក់​ផ្សេង​ទៀត​ម្តង​រួច​មក​ហើយ ដោយសារតែ​ធ្វើ​ការ​តស៊ូ​មតិ​ស្នើសុំ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​លោក រ៉ុង ឈុន កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លង​ទៅ ពី​បទ​ញុះញង់​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២០​ខែ ប៉ុន្តែ​បន្ទាប់ពី​អនុវត្ត​ទោស​បាន ១​ឆ្នាំ​បួន​ខែ​ក្នុង​ពន្ធនាគារ លោក​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យួរ​ទោស​រយៈពេល ៦​ខែ និង​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នោះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២៣ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project បាន​ដាក់​ចំណាត់ថ្នាក់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស ១៤២ ដល់​កម្ពុជា ដោយសារតែ​គេ​រក​ឃើញ​ពី​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស