34 C
Phnom Penh

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​បោះបង់​មុខរបរ​ធ្វើ​ស្រែ​ដោយសារ​តម្លៃ​កសិផល​ចុះថោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បាន​បង្ខំ​ចិត្ត​លក់​ដីស្រែ​កេរ​ឪពុក​ម្ដាយ​របស់​ខ្លួន ដើម្បី​ដោះ​បំណុល និង​ធ្វើ​ដើមទុន​រកស៊ី បន្ទាប់ពី​តម្លៃ​ស្រូវ​នៅ​បន្ត​ធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​នេះ។ ក្រុម​កសិករ​ទាំងនោះ​អន់ចិត្ត​នឹង​រដ្ឋាភិបាល​ថា មិន​អាច​ដោះស្រាយ​វិបត្តិ​កសិផល​ធ្លាក់​ថ្លៃ​ជាច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កសិករ។

កសិករ​រស់នៅ​ភូមិ​តាគម ឃុំ​ពាមឯក ស្រុក​ឯកភ្នំ លោក ជីម ជឿន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ថា កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បង្ខំ​ចិត្ត​បោះបង់​មុខរបរ​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដើម្បី​ដោះ​បំណុល​គេ ព្រោះ​មុខរបរ​នេះ​មិន​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​កសិករ​ធូរស្រាល​ទេ។

លោក​ថា បច្ចុប្បន្ន​ស្រូវ​ផ្កា​រំដួល ១​គីឡូក្រាម​តម្លៃ​ត្រឹម​តែ ៧០០​រៀល​ទៅ​ដល់ ៨០០​រៀល បើ​ធៀប​នឹង​ឆ្នាំ​មុន​តម្លៃ​ស្រូវ​ប្រភេទ​នេះ​ក្នុង ១​គីឡូក្រាម ១​ពាន់​រៀល។ ​កសិករ​ដដែល​បន្ថែម​ថា គ្រួសារ​លោក​ធ្វើ​ស្រែ​លើ​ផ្ទៃដី​ជាង ២​ហិកតារ ដែល​រំពឹង​ថា​នឹង​លក់​ស្រូវ​ដើម្បី​សង​បំណុល ប៉ុន្តែ​ស្រូវ​បែរជា​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ច្រើន។

កសិករ​នៅ​តំបន់​អាង​ភាស៍ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា តម្លៃ​ស្រូវ​ថោក ឬ​ថ្លៃ អាស្រ័យ​លើ​មាត់​ឈ្មួញ​កណ្តាល ហើយ​បញ្ហា​នេះ​កើត​មាន​ដដែលៗ​ជាច្រើន​ឆ្នាំ​មក​ហើយ គ្មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ។

កសិករ​ចោទ​ថា ក្រុមហ៊ុន​បៃតង (Bitang Cambodia. PLC) របស់​ឧកញ៉ា ភួ ពុយ គឺជា​ឈ្មួញ​កណ្តាល​ដែល​បាន​បន្ថោក​តម្លៃ​ស្រូវ​របស់​កសិករ ដើម្បី​កេង​ចំណេញ​ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​ប្រាក់​បង្វិល​សង​ធនាគារ និង​បង់​ថ្លៃ​ម៉ាស៊ីន​ច្រូតកាត់។ កសិករ​លើកឡើង​ថា ក្រុមហ៊ុន​នេះ​តែងតែ​បន្ថោក​តម្លៃ​ស្រូវ​ស្រេច​តែ​អំពើ​ចិត្ត ដែល​ធ្វើ​ឱ្យ​កសិករ​ជាច្រើន​បាក់​ទឹកចិត្ត ហើយ​បោះបង់​មុខរបរ​កសិកម្ម។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន បៃតង របស់​ឧកញ៉ា ភួ ពុយ បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​០៣ ធ្នូ នេះ។

ប៉ុន្តែ​កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន តែងតែ​កោតសរសើរ​ក្រុមហ៊ុន​នេះ​ថា​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អង្ករ​នាំចេញ​ច្រើន​ជាងគេ និង​ជួយ​រក្សា​តម្លៃ​ស្រូវ​របស់​កសិករ។ ក្រសួង​ថា ក្រុមហ៊ុន​បៃតង បាន​បង្កើត​សហគមន៍​កសិករ ឬ​ហៅ​ថា​សហគមន៍​បៃតង​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​មួយ​ចំនួន​ទៀត។

បន្ថែម​ពី​នេះ សហគមន៍​កសិករ​បាន​ជួយ​ដោះស្រាយ​តម្លៃ​ទីផ្សារ​កសិផល និង​តម្លៃ​ស្រូវ​រក្សា​លំនឹង​ទីផ្សារ​ជាដើម ប៉ុន្តែ​សម្រាប់​ប្រជា​កសិករ​វិញ​មើលឃើញ​ថា ការពិត​ជាក់ស្តែង ក្រុមហ៊ុន​បៃតង របស់​ឧកញ៉ា ភួ ពុយ បាន​ទទួល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ទាប​បំផុត។

ប្រភព​ពី​កសិករ​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តែងតែ​អួត​ពី​ក្រុមហ៊ុន​នេះ​ជួយ​ដល់​កសិករ គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​ពុំ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ធនាគារ​ស្រូវ និង​ក្រុមហ៊ុន​បៃតង របស់​ឧកញ៉ា ភួ ពុយ នោះ​ទេ។

កសិករ​អះអាង​ថា ប្រសិនបើ​តម្លៃ​ស្រូវ​ផ្កា​រំដួល និង​ស្រូវ​ម្លិះ​មាន​តម្លៃ​ចាប់ពី ១២០០​រៀល​ដល់ ១៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ ហើយ​ស្រូវ​ធម្មតា​អាច​លក់​បាន​តម្លៃ ១​ពាន់​រៀល​ឡើង​ទៅ ទើប​ពួកគាត់​អាច​ទទួល​បាន​ប្រាក់ចំណេញ​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ​គាប់ប្រសើរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស