31 C
Phnom Penh

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ប្ដេជ្ញា​កំដរ​ឆាក​ល្ខោន​នយោបាយ​តុលាការ​ខ្មែរ​ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ជន​ស្លូតត្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ដែល​ត្រូវ​តុលាការ​កម្ពុជា​ចោទប្រកាន់ បាន​ថ្លែង​ថា ប្រសិនបើ​នាង​មាន​ទោស នាង​ប្ដេជ្ញា​ថា​នឹង​មិន​ចាកចេញ​ពី​កម្ពុជា​ជាដាច់ខាត ព្រោះ​ថា​បើ​នាង​ចាកចេញ នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​បិទ​ច្រក​មិន​ឱ្យ​នាង​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត នាង​ប្ដេជ្ញា​ថា​នឹង​នៅ​កំដរ​ឆាក​ល្ខោន​នយោបាយ​របស់​តុលាការ​កម្ពុជា​បន្ត​ទៀត ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​ជន​ស្លូតត្រង់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ល្ខោន​នយោបាយ​របស់​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកជំនាញ​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា សេង ធារី បាន​ប្រាប់​ក្រុម​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ ថា តុលាការ​កម្ពុជា​បាន​ទាញ​នាង​ឱ្យ​ចូលរួម​ក្នុង​រោងល្ខោន​របស់​ពួកគេ។ កញ្ញា សេង ធារី ចាត់ទុក​ថា តុលាការ​កម្ពុជា​គ្រាន់តែ​ជា​រោងល្ខោន​ប៉ុណ្ណោះ។

កញ្ញា សេង ធារី អះអាង​ថា ការ​ស្លៀកពាក់​ឈុត​អប្សរា និង​កោរ​សក់​ចូល​ក្នុង​រោងល្ខោន​តុលាការ​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​៧ ធ្នូ នេះ ព្រោះ​កញ្ញា​ចង់​បង្ហាញ​ពី​ការ​កាន់ទុក្ខ​ឱ្យ​ជនរងគ្រោះ​ក្នុង​កិច្ចការ​សង្គម​របស់​ពួកគេ ដោយសារ​ការ​ចាប់​ខ្លួន និង​កាត់ទោស​អ្នក​ទាំងអស់​នោះ​ឱ្យ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយ​តុលាការ​ខ្មែរ​នា​ពេល​កន្លងមក។

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​រូប​នេះ​ចាត់ទុក​សវនាការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​រូប​ខ្លួន និង​លើ​សកម្មជន​ដទៃ​ទៀត គ្រាន់តែ​ជា​អាវុធ​នយោបាយ​របស់​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ មិនមែន​ជា​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ធានា​ការ​អនុវត្ត​ច្បាប់​ដើម្បី​ភាព​យុត្តិធម៌​របស់​សង្គម​ជាតិ​នោះ​ទេ ព្រោះ​ល្ខោន​នយោបាយ​របស់​អ្នក​មាន​អំណាច គឺ​ប្រើ​តុលាការ​ជា​ឧបករណ៍ ដើម្បី​ចាប់​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​ពួកគេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២១ តុលាការ​ភ្នំពេញ​បាន​បើក​សវនាការ​ជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​លើ​កញ្ញា សេង ធារី អ្នកជំនាញ​ច្បាប់​អន្តរជាតិ និង​វិទ្យាសាស្ត្រ​នយោបាយ ព្រមទាំង​សកម្មជន​បក្ស​ប្រឆាំង ៤៤​នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ។

ការ​បើក​សវនាការ​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ លើ​ជនជាប់ចោទ​ជាង ៤០​នាក់​នោះ នៅ​ថ្ងៃ​ទី​៧ ធ្នូ នេះ ក៏​មាន​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ ហើយ​ក្នុង​ចំណោម ៤៤​នាក់​នោះ មាន​តែ ២​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់​ឃុំ ក្រៅពី​នេះ​គឺ​នៅ​ក្រៅ​ឃុំ​ទាំងអស់។ ដោយឡែក​អ្នក​នៅ​ក្រៅ​ឃុំ​ខ្លះ​ទៀត ក៏​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដែល​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​វិល​ទៅ​កម្ពុជា​វិញ ដូចជា​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ជាដើម។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ធ្នូ នេះ​ថា សវនាការ​នៅ​ថ្ងៃ​អង្គារ នេះ សង្គម​ស៊ីវិល​បាន​ចាត់ទុក​ថា​ជា​ការ​ធ្វើឡើង​ដោយសារ​ទំនាស់​នយោបាយ​ប៉ុណ្ណោះ។ លោក​ថា ដើម្បី​ចៀសវាង​នូវ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​លំហ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ស្រប​តាម​កតិកាសញ្ញា​អន្តរជាតិ និង​ច្បាប់​កំពូល​របស់​កម្ពុជា ស្ដីពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ឱ្យ​សវនាការ​របស់​តុលាការ​ប្រព្រឹត្ត​ទៅ​បាន​យុត្តិធម៌ និង​មាន​ការ​ទទួលស្គាល់​ពី​មតិ​ជាតិ និង​អន្តជាតិ រដ្ឋាភិបាល​គួរតែ​បើក​ឱ្យ​អ្នក​ដែល​តុលាការ​បាន​ចោទប្រកាន់ អាច​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​សវនាការ​របស់​ខ្លួន​ស្រប​តាម​ច្បាប់ និង​សិទ្ធិ​ទទួល​បាន​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​របស់​កម្ពុជា។

លោក​បន្ត​ថា ប្រសិនបើ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅតែ​ពន្យារ​ពេល​នោះ ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ដោះលែង​សកម្មជន​នានា ក៏​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​ធូរស្រាល​ផ្នែក​នយោបាយ​ដែរ ហើយ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ជាពិសេស​គឺ​ការ​ធ្លាក់​ចុះ​នូវ​មុខមាត់​របស់​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​ដឹកនាំ​អាស៊ាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ មក ក្នុង​នោះ​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង ៦០​នាក់​ហើយ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស