31 C
Phnom Penh

ក្រុម​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ថា​កម្ពុជា​មិន​ត្រូវ​ឲ្យ​តម្លៃ​មេ​យោធា​ផ្ដាច់ការ​ភូមា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្ដេជ្ញា​យក​មេ​យោធា​ផ្ដាច់ការ​ភូមា មីន អ៊ុងឡាំង មក​ចូល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឱ្យ​បាន គឺ​មាន​ន័យ​ថា ឋានៈ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន មាន​កម្រិត​ស្មើ​ត្រឹមតែ​ឋានៈ​ជា​មេដឹកនាំ​ផ្ដាច់ការ​ភូមា​ប៉ុណ្ណោះ ដែល​មិន​មាន​តម្លៃ​ធ្វើជា​រដ្ឋាភិបាល​គំរូ​ក្នុង​ការ​ដឹកនាំ​អាស៊ាន​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្ដាហ៍​នេះ​ថា លោក ហ៊ុន សែន អាច​ទៅ​ជួប​មេដឹកនាំ​យោធា​ផ្ដាច់ការ មីន អ៊ុងឡាំង បាន តែ​ត្រូវ​ធ្វើ​ឡើង​ជា​ចំហ ហើយ​ត្រូវតែ​លើក​ប្រធានបទ​ពិភាក្សា និង​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់ គឺ​អ្នកស្រី អ៊ុង សានស៊ូជី ឱ្យ​មាន​សេរីភាព​ឡើងវិញ នោះ​ទើប​ជា​កិច្ចការ​ដែល​គាត់​ត្រូវតែ​ធ្វើ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ។

លោក​បន្ត​ថា លោក ហ៊ុន សែន ក៏​ត្រូវតែ​ដោះស្រាយ​វិបត្តិ​រំលោភ​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​ផង​ដែរ មុន​នឹង​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។

កម្ពុជា នឹង​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ហើយ​លោក ហ៊ុន សែន ប្ដេជ្ញា​ថា​នឹង​យក​មេ​យោធា​ផ្ដាច់ការ​ភូមា​ឱ្យ​ចូល​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឱ្យ​បាន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា គំនិត​ប្រឆាំង​ដែល​ថា​ភាគី​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មិន​គួរ​ទៅ​ជួប​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​យោធា​ភូមា ហើយ​សង្ឃឹម​ថា​វិបត្តិ​នយោបាយ​នៅ​ភូមា នឹង​ត្រូវ​បាន​បញ្ចប់ គឺជា​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ​ទាល់តែសោះ។

បណ្ឌិត សេង សារី អះអាង​ថា ឆ្នាំ​២០២២ ជា​ពេលវេលា​ដ៏​សមស្រប​បំផុត​សម្រាប់​កម្ពុជា​យក​បទពិសោធន៍​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​ជាង ៣០​ឆ្នាំ​របស់​ខ្លួន​ទៅ​ប្រើ​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។ លោក​ថា សូម្បីតែ​ខ្មែរក្រហម​ដែល​បាន​សម្លាប់​រង្គាល​ប្រជាជន​ខ្មែរ​ជាង ២​លាន​នាក់ ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​ភាគី​មួយ​សម្រាប់​ការ​ចរចា​ដែរ។

ប៉ុន្តែ​អ្នកឃ្លាំមើល​ខ្លះ​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​យោធា​ភូមា ត្រូវ​គេ​មើលឃើញ​ថា លោក​នឹង​ផ្តល់​មេរៀន​ផ្ដាច់ការ​បន្ថែម​ទៀត​ឱ្យ​លោក មីន អ៊ុងឡាំង ដូច​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​នៅ​កម្ពុជា​កន្លងមក ជាពិសេស​ការ​ចាប់​ខ្លួន និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ គម្រោង​គណនេយ្យភាព​មីយ៉ាន់ម៉ា ឬ Myanmar Accountability Project (MAP) បាន​ដាក់​ពាក្យ​បណ្តឹង​អំពាវនាវ​ឱ្យ​តុលាការ​ទីក្រុង​ឡាអេ (International Criminal Court, ICC) ក្នុង​ប្រទេស​ហុឡង់ដ៍ បើក​ការ​ស៊ើបអង្កេត​ករណី​ព្រហ្មទណ្ឌ លោក មីន អ៊ុងឡាំង ចំពោះ​ការ​ប្រើប្រាស់​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ជា​ប្រព័ន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ប្រឆាំង​នឹង​ចលនា​តវ៉ា​នៅ​ប្រទេស​ភូមា​កន្លងមក។

កាលពី​ពេល​ថ្មីៗ​នេះ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូណេស៊ី ជាដើម បាន​ជំទាស់​វត្តមាន​របស់​មេ​រដ្ឋប្រហារ​ភូមា ក្នុង​ការ​ចូលរួម​ជំនួប​កំពូល​អាស៊ាន ដោយសារ​មិនព្រម​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែ​មេសា ឆ្នាំ​២០២១ ដែល​មាន​ប្រទេស​ប្រ៊ុយណេ ជា​ប្រធាន​អាស៊ាន ដឹកនាំ​កិច្ចប្រជុំ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស