29 C
Phnom Penh

សាលាជំនុំ​ជម្រះ​ក្ដី​នៃ​អង្គការ​អន្តរជាតិ​ចោទ​ចិន​ថា​គ្រៀវ​បុរស​ជនជាតិ Uyghurs បំបាត់​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាជំនុំ​ជម្រះ​ក្ដី​នៃ​ក្រុម​អង្គការ​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ជំនុំ​ជម្រះ​ក្ដី​កាលពី​សប្ដាហ៍​កន្លងមក​នេះ​អំពី​ករណី​ប្រល័យ​ពូជសាសន៍​នៅ​ស៊ីនជាំង ដោយ​បាន​ចោទ​ទៅ​លើ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន ពី​បទ​ប៉ុនប៉ង​បំបាត់​ជាតិសាសន៍​នៃ​ក្រុម​ជនជាតិ​ដើម Uyghurs នៅ​ក្នុង​តំបន់​ស៊ីនជាំង ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន។

ការ​ចោទប្រកាន់​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ បន្ទាប់ពី​បាន​ប្រមូល​នូវ​ភស្តុតាង​មួយ​ចំនួន​ដែល​ថា​រដ្ឋអំណាច​ចិន បាន​ចេញ​វិធានការ​គ្រប់គ្រង​ការ​បន្ត​កំណើត និង​ការ​គ្រៀវ​លើ​ជនជាតិ Uyghurs។

រដ្ឋអាជ្ញា​ដ៏​ល្បី​មួយ​រូប​នៃ​សាលាជំនុំ​ជម្រះ​ក្ដី​នៃ​ក្រុម​អង្គការ​សិទ្ធិមនុស្ស លោក Geoffrey Nice ដែល​ជា​ប្រធាន​សវនាការ​សាលាជំនុំ​ជម្រះ​ក្ដី​នេះ​ផង​ដែរ បាន​លើកឡើង​ក្នុង​វេទិកា​មួយ​អំពី​ករណី​ប្រល័យ​ពូជសាសន៍​នៅ​ស៊ីនជាំង ប្រទេស​ចិន។ លោក​បាន​និយាយ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​ចិន ទៅ​លើ​អ្នក​ជាប់ឃុំ​ច្រើន​ម៉ឺន​នាក់​នៅ​ក្នុង​ជំរំ​លុត​ដំ​នៅ​ខេត្ត​ស៊ីនជាំង ប្រទេស​ចិន។

លោក​ថា ចិន​បាន​ប្រើប្រាស់​គោល​នយោបាយ​ជា​ប្រព័ន្ធ​រួម​គ្នា ហើយ​ដោយ​មាន​ការ​ព្រាងទុក​ដើម្បី​កាត់បន្ថយ​រយៈពេល​វែង​នូវ​ចំនួន​ប្រជាជន Uyghurs និង​ជនជាតិ​ភាគតិច​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ស៊ីនជាំង។ ក្នុង​វេទិកា​នោះ លោក​ថា​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​នេះ គឺ​លោក​ប្រធានាធិបតី ស៊ី ជីនពីង។

ប៉ុន្តែ​លទ្ធផល​ដែល​រក​ឃើញ​ដោយ​អង្គការ​សាលាជំនុំ​ជម្រះ​ក្ដី​អន្តរជាតិ​នេះ​មិន​ផ្លូវការ​នោះ​ទេ ព្រោះ​តែ​ពុំ​មាន​យុត្តាធិការ និង​ចង​កាតព្វកិច្ច​លើ​ថ្នាក់​ដឹកនាំ​ចិន​បាន ដោយសារ​វា​ជា​សមត្ថកិច្ច​អន្តរជាតិ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។ តែ​យ៉ាងណា គឺជា​ចំណុច​ចាប់ផ្ដើម​ដំបូង​ដែល​ថា​ជនជាតិ Uyghurs នៅ​តំបន់​ស៊ីនជាំង ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ រក​ឃើញ​ជនជាតិ​មួយ​នេះ​ត្រូវ​កងទ័ព​ចិន​ចាប់​ខ្លួន ហើយ​ឃុំ​នៅ​ក្នុង​ជំរំ​លុត​ដំ​នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ស៊ីនជាំង មាន​ជាង​មួយ​លាន​នាក់។

នៅ​ក្នុង​វេទិកា​នោះ​ដែរ លោក Geoffrey ដែល​ជា​អតីត​ប្រធាន​រដ្ឋអាជ្ញា​ដឹកនាំ​ការ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​លោក Slobodan Milosevic ប្រធានាធិបតី​ហ្សែប៊ី បាន​អាន​នូវ​ការ​វិនិច្ឆ័យ​បឋម​ដែល​ថា ទោះ​ពុំ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការ​សម្លាប់​រង្គាល​ក៏ដោយ តែ​ការ​រាំង​មិន​ឱ្យ​មាន​ការ​បង្ក​កំណើត គឺជា​ចេតនា​ប្រល័យ​ពូជសាសន៍​មួយ​ទៅ​ហើយ។ លោក​បន្ត​ថា ក្នុង​ដៃ​លោក​មាន​ភស្តុតាង​ដែល​បាន​មកពី​ប្រជាជន​នៅ​តំបន់​ស៊ីនជាំង ថា​មាន​ការ​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ ទារុណកម្ម ហិង្សា​ផ្លូវ​ភេទ​ប្រឆាំង​នឹង​ជនជាតិ Uyghurs។

នៅ​ក្នុង​សាលាជំនុំ​ជម្រះ​រឿងក្ដី​សម្រាប់​ជនជាតិ Uyghurs នេះ គឺ​មនុស្ស​ចំនួន ៧០​នាក់​ដែល​បាន​រត់​ចាកចេញ​ពី​តំបន់​ស៊ីនជាំង កាលពី​ខែ​មិថុនា មក​ធ្វើជា​សាក្សី​នៅ​ក្នុង​ពេល​សវនាការ​របស់​សាលាជំនុំ​ជម្រះ​ក្ដី​នៃ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ហើយ​មាន​អ្នកជំនាញ និង​អតីត​អ្នកទោស​មួយ​ចំនួន ក្នុង​នោះ​មាន​សាក្សី​ម្នាក់​ឈ្មោះ​ថា Abduweli Ayup បាន​និយាយ​ពី​ការ​បៀតបៀន​ក្នុង​គ្រួសារ​របស់​លោក​នៅ​ស៊ីនជាំង និង​ការ​កាត់ទោស​លោក ១៥​ឆ្នាំ​ក្រោម​បទ​ចោទ​បង្ក​ឱ្យ​មាន​អំពើ​ភេរវកម្ម។

សាលាក្ដី​ជំនុំ​ជម្រះ​ក្ដី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​ចិន បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​ទារុណកម្ម និង​ការ​គ្រៀវ​អ្នក​ជាប់ឃុំ​នៃ​ជនជាតិ Uyghurs។

ទោះ​ថា​អង្គការ​យុត្តិធម៌​នេះ​ពុំ​សម​នឹង​តាងនាម​ឱ្យ​យុត្តាធិការ​អន្តរជាតិ តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា ខ្លួន​គេ​មិន​អាច​បើក​ការ​ស៊ើបអង្កេត​បាន​នោះ​ទេ ព្រោះ​ចិន​ពុំ​មែន​ជា​សមត្ថកិច្ច​នៅ​ក្រោម​តុលាការ ICC នេះ គឺ​ពុំ​មាន​យុត្តាធិការ​ឡើយ ហើយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​ឱ្យ​ដឹង​ថា ខ្លួន​អាច​អនុវត្ត​បាន​លុះត្រា​តែ​មាន​ការ​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ តែ​ចិន​មាន​អំណាច​ជំទាស់​មិន​ឱ្យ​មាន​សាលាក្ដី​ពិសេស​ប្រឆាំង​នឹង​ចិន​នោះ​ទេ។

ជនជាតិ Uyghurs គឺជា​ក្រុម​ជនជាតិ​ភាគតិច​ធំ​ជាងគេ​នៅ​ក្នុង​តំបន់ Xinjiang ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន។ ប្រទេស​ចិន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អាច​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ Uyghur និង​ក្រុម​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ក្រុម​មូស្លីម នៅ​ក្នុង​តំបន់ Xinjiang។

ក្រុម​សិទ្ធិមនុស្ស​ជឿ​ថា ប្រទេស​ចិន​បាន​ឃុំ​ខ្លួន​ជនជាតិ Uyghurs ជាង​មួយ​លាន​នាក់​ដែល​ពួកគេ​រង​ការ​ចោទ​ករណី​ប្រឆាំង​នឹង​របប​កុម្មុយនីស្ត​ក្រុង​ប៉េកាំង។

យ៉ាងណា ក្រុង​ប៉េកាំង បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងអស់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង Xinjiang ដោយ​អះអាង​ថា ប្រព័ន្ធ​នៃ​ជំរំ​ការ​អប់រំ​ឡើងវិញ​របស់​ខ្លួន​នៅ​ទីនោះ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​នៅ​ក្នុង​តំបន់​នោះ។

តើ​ជនជាតិ Uyghurs ជា​នរណា?

ជនជាតិ Uyghurs មាន​ប្រហែល ១២​លាន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​មូស្លីម រស់នៅ​ក្នុង​តំបន់ Xinjiang ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា តំបន់​ស្វយ័ត Xinjiang Uyghur។ ជនជាតិ Uyghurs និយាយ​ភាសា​របស់​ខ្លួន​ដែល​ស្រដៀង​ទៅ​នឹង​ភាសា​ទួរគី ហើយ​ចាត់ទុក​ខ្លួនឯង​ថា​ជា​វប្បធម៌ និង​ជាតិសាសន៍​ជិតស្និទ្ធ​នឹង​ជនជាតិ​ទួរគី នៃ​តំបន់​អាស៊ី​កណ្តាល។ ចិន​ត្រូវ​បាន​ដឹង​ថា​ធ្វើ​ការ​កំណត់​គោលដៅ​លើ​ជន​សាសនា​មូស្លីម និង​ហាមប្រាម​ការ​ប្រតិបត្តិ​សាសនា​ក្នុង​តំបន់ ព្រមទាំង​បំផ្លាញ​វិហារ​អ៊ីស្លាម និង​ផ្នូរ​សព​បុរាណ​របស់​ជនជាតិ​នេះ​ទៀត​ផង។

សកម្មជន Uyghurs បាន​និយាយ​ថា ពួកគេ​បារម្ភ​ថា​វប្បធម៌​របស់​ពួកគេ​ស្ថិតនៅ​ក្រោម​ការ​គំរាមកំហែង​នៃ​ការ​លុបបំបាត់ ហើយ​ពូជសាសន៍​ក៏​ត្រូវ​បាន​បំបាត់​ផង​ដែរ។

តំបន់ Xinjiang ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន គឺជា​តំបន់​ធំ​បំផុត​របស់​ប្រទេស​ចិន គឺ​ដូចជា​តំបន់​ទីបេ ផង​ដែរ។ តំបន់​នេះ​មាន​រដ្ឋបាល​ស្វ័យភាព ដែល​មាន​ន័យ​ថា​មាន​អំណាច​ខ្លះ​ក្នុង​ការ​គ្រប់គ្រង​ខ្លួនឯង។ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង តំបន់​ទាំង​ពីរ​ត្រូវ​រង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ដោយ​រដ្ឋាភិបាល​កណ្តាល​ក្រុង​ប៉េកាំង។ ស៊ីនជាំង គឺជា​តំបន់​វាលខ្សាច់។ ដំណាំ​កប្បាស គឺជា​ផលិតផល​ដ៏​ធំ​របស់​ប្រជាជន​នៃ​តំបន់​មួយ​នេះ។ ផលិតផល​កប្បាស គឺ​មួយ​ភាគ​ប្រាំ​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស