អាជ្ញាធរខ្មែរ និងអាជ្ញាធរនៃប្រទេសថៃ បានចាប់ឃាត់ពលរដ្ឋខ្មែរមានទាំងមនុស្សចាស់ និងក្មេងៗផងប្រមាណជិត ១០០នាក់នៅកន្លែងផ្សេងៗគ្នាតាមព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ដោយសារតែពួកគេបានព្យាយាមលួចឆ្លងដែនដោយមិនមានឯកសារគ្រប់គ្រាន់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។
តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ អាជ្ញាធរថៃ ក្នុងខេត្តស្រះកែវ បានឃាត់ខ្លួនពលរដ្ឋខ្មែរសរុប ៦០នាក់ មានទាំងក្មេងៗ ១៨នាក់ ដែលបានព្យាយាមឆ្លងដែនដោយមិនមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើជាកម្មករសំណង់ និងនៅតាមកសិដ្ឋាន និងចម្ការផ្លែឈើ។
ប្រភពដដែលបានបញ្ជាក់ថា តាមការសាកសួររបស់សមត្ថកិច្ចថៃ ពលរដ្ឋខ្មែរទាំងអស់ខាងលើបានប្រាប់ថា ពួកគាត់ចង់លួចចូលប្រទេសថៃ តាមច្រករបៀងធ្វើដំណើរដោយថ្មើរជើងពីកម្ពុជា ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅនៅស្រុកវ៉ាំងសំបូរ ខេត្តស្រះកែវ ដោយបានចំណាយប្រាក់ក្នុងម្នាក់ ១ពាន់បាតប្រាក់ថៃ។
ដោយឡែកមនុស្ស ២នាក់ទៀត ចង់ទៅធ្វើការសំណង់នៅខេត្តនគររាជសីម៉ា ដោយចំណាយលុយក្នុងការធ្វើដំណើរចូលទៅប្រទេសថៃ អស់ចំនួន ៧ពាន់បាតក្នុងម្នាក់ៗ។
ករណីដូចគ្នានេះដែរ ទាហានឈុតខ្មៅនៃខេត្តស្រះកែវ ដដែល បានឃាត់ខ្លួនពលករខ្មែរចំនួន ១០នាក់ទៀត ក្នុងនោះមានក្មេង ៣នាក់ ខណៈកំពុងដើរចូលទៅប្រទេសថៃ។
ប្រភពដដែលបានបញ្ជាក់ថា ការត្រួតពិនិត្យជំហានដំបូងរបស់អាជ្ញាធរថៃ គឺពលករទាំងនោះមិនមានឯកសារបញ្ជាក់អត្តសញ្ញាណ ហើយបានព្យាយាមលួចឆ្លងដែនដើម្បីស៊ីឈ្នួលក្នុងប្រទេសថៃ។ ក្រោយការសាកសួរមនុស្សទាំងពីរក្រុមនោះ សមត្ថកិច្ចបានបញ្ជូនបន្តទៅឲ្យខាងជំនាញដើម្បីចាត់ការតាមច្បាប់។
ករណីដោយឡែកមួយទៀត នៅយប់ថ្ងៃទី២២ ខែធ្នូ នេះដែរ នគរបាលព្រំដែនគោកក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ២២នាក់ មានក្មេងៗ ៤នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមិនមានឯកសារគ្រប់គ្រាន់។

សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋទាំងនោះមកពីស្រុកជីក្រែង ខេត្តសៀមរាប បានប្រមូលគ្នាជិះរថយន្តក្នុងគោលបំណងចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើ។ ប្រភពដដែលបញ្ជាក់ថា ពលករឆ្លងដែនខុសច្បាប់ទាំងនោះ ចាញ់បោកមេខ្យល់បញ្ចុះបញ្ចូល លួងលោមនាំទៅរកការងារធ្វើដោយមិនស្របច្បាប់។
ទោះយ៉ាងណា បន្ទាប់ពីណែនាំពលករ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានប្រគល់ពួកគាត់ទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី។
អង្គការសង់ត្រាល់ ដែលធ្វើការលើសិទ្ធិការងារ ធ្លាប់បានលើកឡើងថា ការធ្វើចំណាកស្រុកទាំងប្រថុយប្រថាន មិនមានឯកសារគ្រប់គ្រាន់ និងចាញ់បោកមេខ្យល់ផងនោះ គឺដោយសារតែកត្តាជីវភាពរបស់ពលករទាំងនោះជួបការលំបាក បញ្ហាផលដំណាំកសិកម្មរបស់ពួកគាត់នៅកម្ពុជា ផលិតបានផល តែមិនអាចរកទីផ្សារបាន និងមានតម្លៃថោក ទើបពួកគាត់សម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ជាពិសេសទៅប្រទេសថៃ៕